ការីតាសកម្ពុជាចុះអនុសារណយោគយល់ជាមួយស្ថានទូតឥណ្ឌាលើគម្រោងសុខភាពផ្លូវចិត្ត
មជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារនិងយុវវ័យ (ការីតាស-CCAMH) និងស្ថានទូតឥណ្ឌាប្រចាំទីក្រុងភ្នំពេញ បាន ចុះហត្ថលេខាលើ អនុស្សារណៈនៃការយោគយល់ (MoU) ស្តីពីការអនុវត្ត គម្រោងផលប៉ះពាល់រហ័ស (QIP) នៅទីតាំងមជ្ឈមណ្ឌលផ្ទាល់ដែលស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥។
គម្រោងនេះមានគោលបំណង “ពង្រឹងសមត្ថភាពយុវវ័យដែលកំពុងប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត និងការសិក្សា នៅសាលារៀន និងពន្ធនាគារ តាមរយៈការកសាងសមត្ថភាពអ្នកជំនាញសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា ដោយប្រើវិធីសាស្រ្តដែលសមស្របនឹងវប្បធម៌”។
គម្រោងនេះ នឹងជួយពង្រឹងសមត្ថភាពអ្នកជំនាញអោយមានសមត្ថភាពបន្ថែមដើម្បីជួយដល់យុវវ័យនៅតាមសាលារៀន និងពន្ធនាគារ។
ពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ នេះត្រូវបានចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត ប៊ូមីកុមារ ជេហ្គាណាថាន នាយកកម្មវិធី និងទីប្រឹក្សាឯកទេសចិត្តរោគកុមារ និង ឯកឧត្តម វាន់ឡាល់វៅន៉ា បាវិត្លុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាអធិបតីកិត្តិយសពី ឯកឧត្ដម ស្រ៊ី ថាមរុង្គ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស រាជរដ្ឋភិបាលកម្ពុជា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល លោក គឹម រតនា នាយកប្រិតបត្តិអង្គការការីតាសកម្ពុជា ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិក អង្គការការីតាសកម្ពុជា រួមជាមួយក្រុមគ្រូពេទ្យនៃមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារនិងយុវវ័យផងដែរ។
កិច្ចសហការនេះនឹងអាចលើកកម្ពស់សេវាសុខភាពផ្លូវចិត្តប្រកបដោយបរិយាបន្ន សម្រាប់យុវជន និងកុមារងាយរងគ្រោះនៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំរវាងប្រទេឥណ្ឌា និងប្រទេសកម្ពុជា។ ក្រោយពិធីចុះហត្ថលេខានេះ ប្រតិភូទាំងអស់បានធ្វើដំណើរទស្សនកិច្ចក្នុងបរិវេណមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តកុមារនិងយុវវ័យរបស់ការីតាសកម្ពុជា៕