ការស្តារទំនាក់ទំនងឡើងវិញ និងសង្រ្គាមនៅអ៊ុយក្រែន ៖ អាម៉េរិក និងរុស្ស៊ី កិច្ច ចរចានៅទីក្រុងរីយ៉ាដ

បន្ទាប់ពីមេដឹកនាំអឺរ៉ុប បានជួបប្រជុំគ្នានៅទីក្រុងប៉ារីស កាលពីថ្ងៃចន្ទ គឺដល់ពេលមន្រ្តីជាន់ខ្ពស់អាម៉េរិក និងរុស្ស៊ី ដែលដឹកនាំដោយប្រមុខការទូតរាងខ្លួន ត្រូវជួបគ្នានៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត កាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។ គោលដៅ គឺបង្កើត និងស្តារទំនាក់ទំនងដែលបានធ្លាក់ចុះទាបបំផុតរវាងប្រទេសទាំងពីរចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន និងក៏ជាការត្រៀមសម្រាប់លទ្ធភាពនៃជំនួបកំពូលនៅពេលក្រោយ រវាងលោកដូណាល់ ត្រាំ និងលោកវ្លាឌីមៀ ពូទីន។
របៀបវារៈដែលប្រកបដោយមហិច្ចតានេះផ្តល់ភាពញ៉ាប់ញ័រដល់ទីក្រុងគៀវ និងរដ្ឋធានីនៃបណ្តាប្រទេសអឺរ៉ុប ដែលព្រួយបារម្ភថា ការខិតជិតគ្នារវាងទីក្រុងវ៉ាស៊ីនតុន និងទីក្រុងមូស្គូ បានបំភ្លេចពួកគេ។
មន្រ្តីនៃគណប្រតិភូអាម៉េរិក បានរៀបរាប់ក្នុងភាពអនាមិកថា ជំនួប ជាលើកទី១ នៅកម្រិត និងនៅក្នុងទម្រង់បែបនេះចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានប្រព្រឹត្តិទៅនៅក្នុងសណ្ឋាការដ៏ល្បីនៅរដ្ឋធានីរបស់ប្រទេសអារ៉ាប៊ី សាអ៊ូឌីត គឺសណ្ឋាការ រីត ខាលតុន (Ritz-Carlton) នៅព្រឹកថ្ងៃអង្គារ។
ដោយបានចូលរួមនៅទីនោះ ផ្នែកខាងភាគីអាម៉េរិក រដ្ឋមន្រ្តីការបរទេស លោកម៉ាកកូ រូប៊ីយ៉ូ កាលពីថ្ងៃចន្ទ បានមកដល់ទីក្រុងរីយ៉ាដ ដែលលោកបានជួបសន្ទនាជាមួយព្រះអង្គម្ចាស់រជ្ជទាយាតអារ៉ាប៊ី សាអ៊ូឌីត ព្រះអង្គម៉ូហាម៉េដ បេន សាលម៉ាន ហើយក៏មានអមដំណើរដោយទីប្រឹក្សាសម្រាប់សន្តិសុខជាតិនៃប្រធានាធិបតីអាម៉េរិក លោកម៉ៃក វ៉លធ៍ និងបេសកជនពិសេសអាម៉េរិកសម្រាប់តំបន់មជ្ឈិមបូព៌ា គឺលោកស្ទេវ វីតកូហ្វ។
បើតាមការិយាល័យប្រធានាធិបតីរុស្ស៊ី ខាងរុស្ស៊ី គឺតំណាងដោយ ប្រមុខការទូតលោក សឺហ្គ៉េ ឡាវ្រ៉ូវ និងលោកលូរី អូចាកូវ ទីប្រឹក្សាការទូតរបស់លោកវ្លាឌីមៀ ពូទីន។
ភាគីទាំងពីរបានខិតខំប្រឹងប្រែងបន្ទាបការរំពឹងទុក ប៉ុន្តែជំនួបនេះកត់សម្គាល់នូវការីកលូតលាស់ថ្មីដ៏អស្ចារ្យនៅក្នុងទំនាក់ទំនងរបស់រវាងសហរដ្ឋអាម៉េរិក និងរុស្ស៊ី ដែលធ្វើឲ្យអឺរ៉ុបភ័យខ្លាច។
ជាភស្តុតាង ប្រធានាធិបតីបារាំង លោកអេម៉ានូអេល ម៉ាក្រុង បានកោះហៅការប្រជុំប្រញ៉ាប់ប្រញាល់នៅទីក្រុងប៉ារីសសម្រាប់មេដឹកនាំនៃប្រទេសអឺរ៉ុបគន្លឹះៗដើម្បីព្យាយាមសំដែងជំហររួមលើសន្តិសុខអឺរ៉ុប និងបង្ហាញនូវភាពម៉ឺងម៉ាត់ និងការយកចិត្តទុកដាក់។
នៅលើបណ្តាញសង្គម X លោកអេម៉ានូអែល ម៉ាក្រុងបានសរសេរថា យើងប្រាថ្នានូវសន្តិភាពរឹងម៉ាំ និងជានិរន្តន៍សម្រាប់អ៊ុយក្រែន។ ចុងក្រោយ រុស្ស៊ីត្រូវតែបញ្ឈប់ការឈ្លានពាន ហើយរឿងនេះ ត្រូវនាំមកជាមួយនូវការធានាសន្តិសុខខ្លាំងក្លា និងគួរឲ្យទុកចិត្តសម្រាប់អ៊ុយក្រែន។
ចំណែកលោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងថា សមភាគីបារាំងរបស់លោកបានបញ្ជាក់ប្រាប់លោកអំពីកិច្ចពិភាក្សាជាមួយមេដឹកនាំអឺរ៉ុប ហើយពួកគេបានចែករំលែកទស្សនវិស័យរួមអំពីរបៀបដើម្បីឈានទៅរកសន្តិភាព។
ប្រធានាធិបតីអ៊ុយក្រែនដែលស្ថិតនៅប្រទេសទួរគីនៅថ្ងៃអង្គារ ត្រូវចូលរួមកិច្ចប្រជុំនៅអារ៉ាប៊ីសាអ៊ូឌីតនៅថ្ងៃពុធ ក្រោយមួយថ្ងៃនៃកិច្ចប្រជុំកំពូលរវាងអាម៉េរិក និងរុស្ស៊ី។ លោកនិយាយម្តងទៀតកាលពីថ្ងៃចន្ទថា អ៊ុយក្រែននឹងមិនទទួលស្គាល់កិច្ចព្រមព្រៀងសម្រេចដោយគ្មានការចូលរួមពីអ៊ុយក្រែនទេ និងបានសោកស្តាយដែលមិនត្រូវបានជូនដំណឹងនៅមុនកិច្ចសន្ទនានៅទីក្រុងរីយ៉ាដ។
Daily Program
