ការសិក្សាមួយកំពុងស្វែងរកមូលហេតុសាសនិកកាតូលិកច្រើនមិនទៅព្រះវិហារ
ចំនួនគ្រីស្តបរិស័ទជាសាសនិកកាតូលិកជាច្រើននៅតែបន្តជំនឿរបស់ពួកគេលើព្រះយេស៊ូ ប៉ុន្តែ ពួកគេយល់ថា ជំនឿរបស់ពួកគេគឺមិនចាំបាច់ទៅព្រះវិហារឡើយ។ នេះបើតាមការស្ទង់មតិមួយអំពីជំនឿកាតូលិកនៅសហរដ្ឋអាមេរិក។
ទីភ្នាក់ងារព័ត៌មានកាតូលិក បានរាយការណ៍ដោយដកស្រង់ការស្ទង់មតិនោះបានឲ្យដឹងថា សាសនិកកាតូលិកកាន់តែច្រើនកំពុងបង្កើតទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូ ហើយពួកគេមិនចង់ទៅព្រះវិហារទេ។
ប្រភពដដែលបានឲ្យដឹងថា ការស្ទង់មតិនេះ គឺធ្វើឡើងដោយ ក្រុមហ៊ុន ACS Technologies ដែលជាក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធីគ្រប់គ្រងព្រះវិហារ និងវិភាគទិន្នន័យ បានដំណើរការនូវកម្មវិធីអប់រំជំនឿរបស់ពលរដ្ឋអាមេរិក ចំណង់ចំណូលចិត្ត និងប្រណិប័តន៍សាសនា។
ការសិក្សានេះបានកំណត់គោលដៅស្រាវជ្រាវចំណង់ចំណូលចិត្ត ការអនុវត្ត ជំនឿ និងឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយរបស់ជនជាតិអាមេរិក។
ការសិក្សានេះត្រូវបានធ្វើឡើងដំបូងក្នុងឆ្នាំ ២០១២-២០១៣ និងបានធ្វើជាបន្តបន្ទាប់ ហើយ ការសិក្សានាឆ្នាំ២០២៤-២០២៥ធ្វើជាមួយអ្នកចូលរួមប្រហែល ៦០.០០០ នាក់។
ការស្រាវជ្រាវបានបង្ហាញថា ភាគរយនៃសាសនិកកាតូលិកដែលបាននិយាយថា ពួកគេមានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះយេស៊ូបានកើនឡើងពី ៦១% ក្នុងឆ្នាំ ២០២១ ដល់ ៦៨% ក្នុងឆ្នាំ ២០២៥។
ការសិក្សានោះក៏បានរកឃើញពីការកើនឡើងនៃអ្នកឆ្លើយតបដែលនិយាយថា ជំនឿលើព្រះយេស៊ូមិនតម្រូវឱ្យចូលរួមក្នុងពិធីថ្វាយអភិបូជា បានកើនឡើងពី ៦៨% ដល់ ៧១%។
លោក ធឺរី ប៉ូប្លាវ៉ា ( Terry Poplava) អ្នកគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន ACST Catholic និងជាអ្នករៀបរៀងការសិក្សានេះ បាននិយាយថា ព័ត៌មានដ៏គួរឱ្យចាបើអារម្មណ៍ លើការស្ទង់មតិចុងក្រោយរបស់យើងអំពីជំនឿស្នូលរបស់សាសនិកកាតូលិកដូចជា ការរស់ឡើងវិញ និងភាពដ៏អស្ចារបស់ព្រះយេស៊ូ បានកើនឡើងពី ៤៤%នៅក្នុងឆ្នាំ២០២១ មក ៧៨% នៅឆ្នាំ ២០២៥៕