ការវាយប្រហារមានមនុស្សស្លាប់របស់ដ្រូនរុស្ស៊ីនៅចំកណ្តាលទីក្រុងគៀវ ប្រទេសអ៊ុយក្រែន
កាលពីថ្ងៃពុធ មនុស្សយ៉ាងហោចណាស់ ២នាក់ បានស្លាប់ នៅទីក្រុងគៀវ ប្រទេសអ៊ុយក្រែន នៅអំឡុងការវាយប្រហារដែលធ្វើឡើងដោយប្រទេសរុស្ស៊ី។ រលកនៃការវាយប្រហារដោយដ្រូនចំនួន ១១១ គ្រឿង កើតមានឡើងនៅថ្ងៃទី១ ឆ្នាំថ្មី។
ភ្លៀងគ្រឿងផ្ទុះថ្មីធ្លាក់មកលើរដ្ឋធានីនៃប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃពុធ ទី១ ខែមករា មនុស្សយ៉ាងហោចណាស់ ២នាក់បានស្លាប់ និង ៦នាក់ បានរងរបួស នៅទីក្រុងគៀវ ដោយសារការវាយប្រហារដ៏សម្បើមពីដ្រូនរបស់រុស្ស៊ីសម្រាប់ថ្ងៃចូលឆ្នាំថ្មី។
ការវាយប្រហាររបស់រុស្ស៊ីនៅថ្ងៃដំបូងនៃឆ្នាំ២០២៥នេះ កើតមាននៅពេលប្រធានាធិបតី អ៊ុយក្រែន លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានថ្លែងមុន ១ថ្ងៃ អំពីបំណងប្រាថ្នារបស់លោក ថា ឆ្នាំនេះ គឺជាឆ្នាំនៃការចរចាដែលនឹងបញ្ចប់សង្រ្គាម។
កាលពីដំណាច់ខែធ្នូ ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន បានគំរាមវាយប្រហារកណ្តាល ទីក្រុងគៀវ ឆ្លើយតបនឹងការប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយរបស់អាម៉េរិក និងអង់គ្លេសមក លើរុស្ស៊ី។
នៅលើបណ្តាញសង្គមតេឡេក្រាម សេវាកម្មសង្រ្គោះបន្ទាន់អ៊ុយក្រែន បានបង្ហាញថា បន្ទាប់ពីការវាយប្រហារពេលព្រឹក មានមនុស្សស្លាប់ ២នាក់ ៦នាក់ រងរបួស និងមនុស្ស ៤នាក់ ត្រូវ បានជួយសង្រ្គោះ។
ក្រុមអ្នកជួយសង្រ្គោះ បានប្រាប់ថា បានគ្រប់គ្រងនូវអគ្គីភ័យ ដែលបានធ្វើឲ្យខូចខាតអគារលំនៅដ្ឋាន និងអគាររដ្ឋបាល នៅក្នុងសង្កាត់ ប៉េតជែរ នៅភាគកណ្តាលរដ្ឋធានីជាទីតាំងប្រវត្តិសាស្រ្ត។ មានអគ្គីភ័យមួយដែលបង្កឡើងដោយសារធ្លាក់កំទេចកំទីដ្រូន ដែលត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារអាកាស។ យោងតាមប្រភពនេះដែរ អគារនេះគឺជារបស់ ធនាគារជាតិអ៊ុយក្រែន ដែលស្ថិតនៅប្រមាណ ៣០០ម ពីការិយាល័យប្រធានាធិបតី។
នៅលើបណ្តាញសង្គម តេឡេក្រាម លោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានប្រតិបកម្មថា ទោះបីជា នៅរាត្រីចូលឆ្នាំថ្មី ប្រទេសរុស្ស៊ីមិនបារម្ភពីការធ្វើឲ្យអ៊ុយក្រែនឈឺចាប់ទេ។
យោងតាមក្រុមអ្នកជួយសង្រ្គោះអ៊ុយក្រែន បានឲ្យដឹងទៀតថា អគ្គីភ័យមួយទៀតដោយសារ កំទេចកំទីដ្រូនរុស្ស៊ី ត្រូវបានពន្លត់នៅសង្កាត់ ស្វីយ៉ាតូជីន នៅជាយទីក្រុងគៀវ។ ប្រភពនេះ បានបន្តថា អគារលំនៅដ្ឋាន ១ រថយន្ត ៩គ្រឿង រថភ្លើងទីក្រុង ១ និងខ្សែរថភ្លើងទីក្រុង ១ ត្រូវ រងការខូចខាត នៅតំបន់នេះ។
ចំណែកកងទ័ពអាកាសអ៊ុយក្រែន បញ្ជាក់ថា បានបាញ់ទម្លាក់ ដ្រូន ៦៣គ្រឿង ក្នុងចំណោម ១១១ ដែលរុស្ស៊ីវាយប្រហារមកលើអ៊ុយក្រែន។ ដ្រូនទាំងនេះ ជាសំខាន់ គឺប្រភេទ សាហ៊ីដ របស់អ៊ីរ៉ង និងក៏មានដ្រូនប្រភេទផ្សេងៗ ទៀតដែរ។
យោងតាមកងទ័ពអាកាសអ៊ុយក្រែន ការវាយប្រហារនេះ បានធ្វើឲ្យរបួសរដ្ឋធានីអ៊ុយក្រែន។ ការវាយប្រហារគឺសំដៅលើផ្នែកដ៏ធំនៃប្រទេស។ ប៉ុន្តែដ្រូនត្រូវបានបាញ់ទម្លាក់នៅភាគខាងឥសាន ខាងជើង និងអាគ្នេយ៍ និងខាងត្បូងនៃប្រទេសដែរ។
ប្រធានាធិបតីវ៉ូឡូឌីមៀ ហ្សេឡេនស្គី បានព្រមានថា សម្រាប់ឆ្នាំ២០២៥ អ៊ុយក្រែន នឹងត្រូវប្រយុទ្ធនៅលើសមរភូមិ ប៉ុន្តែក៏នៅលើតុចរចាសម្រាប់សន្តិភាពដែរ។ លោកវាយតម្លៃថា ឆ្នាំនេះដែលនឹងមក នឹងជាឆ្នាំរបស់អ៊ុយក្រែនហើយ។
កាលពីថ្ងៃអង្គារ នៅក្នុងសេចក្តីថ្លែងសន្ទរកថា លោកវ្លាឌីមៀ ពូទីន មិនបានអធិប្បាយច្បាស់អំពីសង្រ្គាមនៅអ៊ុយក្រែនទេ ប៉ុន្តែប្រកាសថា គំនិត និងក្តីសង្ឃឹមរបស់ពុកម៉ែ មិត្តភក្តិ និងមនុស្សរាប់លាននាក់នៅទូទាំងប្រទេសរុស្ស៊ី គឺស្ថិតនៅជាមួយអ្នកប្រយុទ្ធ និងមេបញ្ជាការរបស់ខ្លួន។