ការវាយប្រហារដោយដ្រូន និងមីស៊ីលនៅអំឡុងពេលរីករាលដាលខ្លាំងនៃជម្លោះ រុស្ស៊ី អ៊ុយក្រែន
កាលពីថ្ងៃចន្ទ ទី២៥ វិច្ឆិកា រុស្ស៊ី និងអ៊ុយក្រែនបានវាយប្រហារគ្នាទៅវិញទៅមកដោយប្រើដ្រូន និងមីស៊ីល ដែលជាការរីករាលដាលនៃជម្លោះភាពតានតឹងពេញទំហឹង ការគំរាមកំហែងរបស់លោកវ្លាឌីមៀ ពូទីន ប្រឆាំងនឹងលោកខាងលិច និងការប្រើប្រាស់មីស៊ីលបាលីស្ទីករុស្ស៊ីជំនាន់ចុងក្រោយមកលើដែនដីអ៊ុយក្រែន។
កាលពីថ្ងៃចន្ទ ទីក្រុងមូស្គូ បានបញ្ជាក់ថា បានបាញ់ទម្លាក់មីស៊ីលចំនួន ៨ ដែលបាញ់មកពីអ៊ុយក្រែន ព្រមទាំងគ្រាប់បែកអាកាសដែលជាផលិតផលរបស់អាម៉េរិក។ ក្រសួងការពារជាតិរុស្ស៊ី បានបង្ហាញថា ៖ “ប្រព័ន្ធការពារអាកាស បានវាយប្រហារមីស៊ីលបាលីស្ទីកចំនួន ៨ និង គ្រាប់បែកអាកាសទូរគបញ្ជា JDAM ដែលជាផលិតផលរបស់អាម៉េរិក ព្រមទាំងដ្រូនចំនួន ៤៥”។ ប៉ុន្តែ ក្រសួងនេះ មិនបានបញ្ជាក់អំពីប្រភេទនៃមីស៊ីល និងគោលដៅរបស់ពួកវាទេ។
ប្រទេសរុស្ស៊ី បានវាយប្រហារកាលពីសប្តាហ៍មុនទៅលើអ៊ុយក្រែនជាមួយនឹងមីស៊ីល បាលីស្ទីក ដែលអាចរត់ចម្ងាយរហូតដល់ ៥៥០០ គម និងជាមីស៊ីលជំនាន់ចុងក្រោយ តែមិនមានដាក់បន្ទុកនុយក្លេអ៊ែរ គឺហៅថា មីស៊ីល អូរ៉េចនីក។ រុស្ស៊ីបានសន្យានឹងបង្កើនការវាយប្រហាររបៀបនេះទៀត ប្រសិនបើទីក្រុងគៀវបន្តប្រើប្រាស់មីស៊ីលលោកខាងលិចប្រឆាំងនឹងដែនដីរុស្ស៊ី។
មន្រ្តីជាន់ខ្ពស់នានារួមទាំងប្រធានាធិបតីរុស្ស៊ី ក៏បានរំឭកថា អាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ បន្ទាប់ពីទីក្រុងគៀវ បានវាយប្រហារគោលដៅយោធានៅក្នុងដែនដីរុស្ស៊ីជាមួយនឹងមីស៊ីល ATACMS របស់អាម៉េរិក និងមីស៊ីល Storm Shadow របស់អង់គ្លេស។ មីស៊ីលទាំងនេះ អាចរត់បានចម្ងាយប៉ុន្មានរយគីឡូម៉ែត្រ។ ច្បាប់លិទ្ធិរបស់រុស្ស៊ីពាក់ព័ន្ធនឹងនុយក្លេអ៊ែរ ក៏ត្រូវបានធ្វើវិសោធនកម្មដើម្បីសម្រួលដល់ការប្រើប្រាស់គ្រាប់បែកអាតូមិក។
ចំណែកអ៊ុយក្រែន ដែលបានអំពាវនាវឲ្យលោកខាងលិចឆ្លើយតបខ្លាំងប្រឆាំងនឹងរុស្ស៊ី បាននិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធាជាច្រើននៅក្នុងដែនដីរុស្ស៊ី ដោយមិនបានបញ្ជាក់ថា ជាអាវុធប្រភេទណាដែលត្រូវបានប្រើប្រាស់នោះទេ។
យោងតាមអាជ្ញាធរតំបន់ ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់នៅក្នុងតំបន់រុស្ស៊ី បេលហ្គារ៉ូដ នៅក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន។
បើតាមប្រភពមួយនៅក្នុងចារកម្មយោធារុស្ស៊ី បានអះអាងថា ដ្រូនបំផ្ទុះមួយចំនួនរបស់អ៊ុយក្រែន ក៏បានវាយប្រហារនាពេលរាត្រីទៅលើដេប៉ូឥន្ទនៈនៅក្នុងតំបន់រុស្ស៊ី កាលូហ្គ៉ា និងបានអះអាងអំពីការខូចខាតខ្លាំងក្លាផងដែរ។
ចំណែកការវាយប្រហារថ្មីរបស់រុស្ស៊ីប្រឆាំងនឹងតំបន់ទីក្រុងអ៊ុយក្រែន បានធ្វើឲ្យមានមនុស្ស ជាង ១០នាក់ រងរបួស កាលពីថ្ងៃចន្ទ មានជាអាទិ៍នៅក្នុងតំបន់កណ្តាលក្រុងខាកគៀវ និងអូដឺសា។
យោងតាមតុល្យការចុងក្រោយដែលប្រកាសដោយអភិបាលតំបន់ បានឲ្យដឹងថា នៅទីក្រុងខាកគៀ ទីក្រុងទី២ របស់អ៊ុយក្រែន មានរងការទម្លាក់គ្រាប់បែកខ្លាំងក្លាដោយទាហានរុស្ស៊ីចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានជិត ៣ឆ្នាំ។ មនុស្ស ២៣នាក់ បានរងរបួស ដែល ១៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅអំឡុងការវាយប្រហារពេលព្រឹក ដែលបានបង្កការខូចខាតអគារជាង ៤០។
នៅអឺរ៉ុប ក៏ដូចជា នៅអ៊ុយក្រែន ការភ័យខ្លាចគឺមើលឃើញសហរដ្ឋអាម៉េរិកបង្ខំឲ្យទីក្រុងគៀវ ទទួលការផ្តល់សម្បទានដី ដែលនឹងបង្កបានជាជ័យជម្នះយោធា និងភូមិសាស្រ្តនយោបាយនៃវិមានក្រឹមឡាំង ដែលក្រោយមកនឹងមានសេរីភាពដាក់ការគំរាមកំហែង និងការគ្រប់គ្រងលើប្រទេសជិតខាងដទៃៗ ទៀត។ គឺនៅក្នុងបរិបទនេះហើយ ដែលមានកិច្ចប្រជុំបន្ទាន់នៃអង្គការណាតូ-អ៊ុយក្រែន និងដែលរៀបចំធ្វើឡើង កាលពីថ្ងៃអង្គារ ទី២៦ វិច្ឆិកា។