ការទូតយ៉ាងសស្រាក់សស្រាំដើម្បីពង្រឹងបទឈប់បាញ់នៅមជ្ឈិមបូព៌ា
រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោកម៉ាកកូ រូប៊ីយ៉ូ បានមកកាន់អ៊ីស្រាអែល ដែលមន្រ្តីនានានៃរដ្ឋការអាម៉េរិករបស់ប្រធានាធិបតី លោកដូណាល់ ត្រាំ បានមកជាបន្តបន្ទាប់ដើម្បីពង្រឹងបទឈប់បាញ់ដែលផុយស្រួលនៅក្នុងតំបន់ហ្គាហ្ស៉ាបន្ទាប់ពីរយៈពេល ២ឆ្នាំ នៃសង្រ្គាម។
បន្ទាប់ពីកិច្ចសន្ទនាជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបេនចាម៊ីន ណេតាន់យ៉ាហ៊ូ នៅទីក្រុងហ្ស៉េរូហ្ស៉ាឡឹម អនុប្រធានាធិបតីអាម៉េរិកលោក ជេឌី វ៉ាន បានវិនិច្ឆ័យថា វាមានការលំបាកណាស់នៅដំណាក់កាលខាងមុខនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយរួមបញ្ចូលមានជាអាទិ៍ ការដកអាវុធពីក្រុមហាម៉ាស និងការស្ថាបនាតំបន់ហ្គាហ្ស៉ាឡើងវិញ ដែលត្រូវបានបំផ្លាញបំផ្លិចអស់រយៈ ២ឆ្នាំនៅក្នុងសង្រ្គាម។
យោងតាមរដ្ឋាភិបាលអ៊ីស្រាអែល បានឲ្យដឹងថា លោកជេឌី វ៉ាន បានមកកាន់អ៊ីស្រាអែលបន្ទាប់ពីលោក ស្តេវ វីតកូហ្វ៍ និងលោកហ្ស៉ារ៉េដ គូស្នឺ ដែលជាបេសកកជននៃប្រធានាធិបតីអាម៉េរិក។ ចំណែកលោករដ្ឋមន្រ្តីការបរទេសអាម៉េរិក ម៉ាកកូ រូប៊ីយ៉ូ ត្រូវជួបលោកបេនចាម៊ីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃសុក្រ ទី២៤ ខែតុលា។
ចំណែកមន្រ្តី និងអ្នកវិភាគនានានៅក្នុងប្រទេសទួរគី និងកាតា បញ្ជាក់ថា ប្រទេសទួរគី និងកាតា ពង្រីកនូវកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងបទឈប់បាញ់ដែលផុយស្រួលនៅតំបន់ហ្គាហ្ស៉ា និងបង្កើនជាច្រើនដងនូវជំនួបការទូត និងរវាងសេវាចារកម្មរបស់ពួកគេ។
ប្រធានាធិបតីទួរគី លោករ៉ឺសេប តៃយីប អៀដូហ្កង់ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសតំបន់ឈូងសមុទ្រ កាលពីថ្ងៃពុធ ត្រូវបានទទួលដោយស្តេចប្រទេសកាតា ជេខ តាមីម បេន ហាម៉ាដ អាល់ ថានី មុនមួយថ្ងៃនៃជំនួបនៅទីក្រុងដូហា រវាងអ្នកទទួលខុសត្រូវនៃក្រុមហាម៉ាស ប្រមុខការទូតទួរគី លោកហាកាន ហ្វីដាន និងប្រធានក្រុមចារកម្មទួរគី លោកអ៊ីប្រាហ៊ីម កាលីន។
កិច្ចសន្ទនានេះបានប្រព្រឹត្តិទៅរយៈពេល ៨ម៉ោង បិទទ្វារ ភាគីទាំងពីរបង្កើនទ្វេនូវការប្រុងប្រយ័ត្ន នៅខណៈដែលការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យបានផ្តល់ហានិភ័យធ្វើឲ្យខូចខាតបទឈប់បាញ់ដែលចូលជាធរមានតាំងពីទី១០ ខែតុលា។
នៅលើស្ថានភាពនៅតំបន់ហ្គាហ្ស៉ា អ្នកតំណាងនៃមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) បានឲ្យប្រាប់ឲ្យដឹងថា កង្វះអាហារូបត្ថម្ភសម្រាប់ស្រ្តីមានផ្ទៃពោះ និងទារក បង្កឥទ្ធិពលខាងសុខភាពតជំនាន់ បង្កើតឲ្យមានបញ្ហាជាច្រើន និងទាមទារឲ្យមានការថែរក្សាវេជ្ជសាស្រ្តពេញមួយជីវិតសម្រាប់កុមារ ដែលកើតឡើងនៅពេលបច្ចុប្បន្ននៅតំបន់ហ្គាហ្ស៉ា។
ជនជាតិហ្គាហ្ស៉ាម្នាក់ក្នុងចំណោម ៤នាក់ ទទួលរងគ្រោះពីការអត់ឃ្លាន និងនៅក្នុងចំណោមនោះមាន ១១៥០០នាក់ គឺជាស្រ្តីមានផ្ទៃពោះ។
ជាវិបាក ៧០% នៃទារកដែលទើបកើតថ្មី កើតមុនកំណត់ និងមានទម្ងន់ស្រាល។ ហើយភាគច្រើននៃកន្លែងសម្រាប់ទារកដែលត្រូវការថែរក្សាពិសេសនៅពេលកើតបានពេញអស់ ដែលវាធ្វើប្រតិបត្តិការ ១៧០% នៃសមត្ថភាពរបស់កន្លែងទាំងនេះ។ គ្រួពេទ្យត្រូវបង្ខំដាក់ទារកខ្សោយៗទាំងនោះច្រើននាក់ក្នុងបន្ទប់សង្រ្គោះថែរក្សាតែមួយជាមួយគ្នា។
ចំណែកលោកអន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខានៃអង្គការសហប្រជាជាតិវិនិច្ឆ័យថា វាមានសារសំខាន់ណាស់សម្រាប់សេចក្តីសម្រេចរបស់អង្គការយុត្តិធម៌អន្តរជាតិអំពីតំបន់ហ្គាហ្ស៉ា ហើយលោកនិយាយបន្ថែមដោយសង្ឃឹមថា អ៊ីស្រាអែលនឹងគោរពតាម។ ឥទ្ធពលរបស់សេចក្តីសម្រេចនៃតុលាការគឺកំណត់ដើម្បីអនុញ្ញាតឲ្យយើងប្រតិកម្មបានពេញលេញខ្ពស់បំផុតសម្រាប់ស្ថានភាពដ៏សោកនាដកម្មដែលប្រជាជនហ្គាហ្ស៉ាកំពុងរស់នៅជាមួយ។