ការចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នឹងចាប់ផ្តើមនៅថ្ងៃទី១ ធ្នូនេះ
ដោយទទួលបានការអនុញ្ញាត ពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនការងារ នគរបាលចរាចរណ៍ និងលោកវរសេនីយ៍ឯក មួន សុខា ស្នងការរង ទទួលដឹកនាំការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារជំនាញ ពិសេសផែនការ ចុះអនុវត្តការរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក តាមរយៈការអប់រំពលរដ្ឋអ្នកដំណើរល្មើសច្បាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលចាប់ផ្តើមនៅថ្ងៃទៅ០១ ខែធ្នូ ឆ្នាំ២០២៥នេះ។
កិច្ចប្រជុំនេះដែរ មានការចូលរួមពី លោកនាយ-នាយរងការិយាល័យ លោកនាយផ្នែក លោកអធិការរងនគរបាលខណ្ឌទាំង១៤ ទទួលការងារចរាចរណ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
លោកឧត្តមសេនីយ៍ទោ ហេង រតនា បានណែនាំដល់កម្លាំងសមត្ថកិច្ច ត្រូវពង្រឹងការគោរព វិន័យឲ្យបានខ្ពស់ និងត្រូវរក្សាឲ្យបាន នូវក្រមសីលធម៌ល្អ ជាមួយពលរដ្ឋ ពេលចុះអនុវត្តភារកិច្ចការងារ ណែនាំឲ្យពលរដ្ឋដែលល្មើស ចូលរួមគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុខសុវត្ថិភាពលើដងផ្លូវសាធារណៈ រក្សាអាយុជីវិតខ្លួនឯង ក៏ដូចជាអ្នកដទៃ ។
លោកឧត្តមសេនីយ៍ទោស្នងការរង ក៏បានផ្ញើសារដាស់តឿនដល់បងប្អូនពលរដ្ឋអ្នកដំណើរ បើស្រវឹងសូមកុំបើកបរ ព្រោះគ្រឿងស្រវឹង នឹងធ្វើឲ្យយើងគ្រប់គ្នា បាត់បង់ភាពម្ចាស់ការលើខ្លួនឯង ពេលកំពុងធ្វើដំណើរ ។