ការក្លាយខ្លួនជាគ្រីស្តបរិស័ទមួយរូប គឺជាដំណើរការរៀនដើម្បីធ្វើជាមនុស្សម្តងទៀត
លោកកាឌីណាល់ ឃឺត កុច (Kurt Koch) ជាបព្វជិតស្វីសមួយរូបបានថ្លែងកត់សំគាល់អំពីចំណុចសំខាន់ៗមួយចំនួនរបស់សម្តេចប៉ាបបេណេឌិកទី១៦ នៅពេលដែលទ្រង់នៅមានព្រះជន្ម។
លោកកាឌីណាល់បានប្រាប់វ៉ាទីកង់នៅក្នុងពិធីថ្វាយអភិបូជារំលឹកខួបនៃការសោយទិវង្គតរបស់សម្តេចប៉ាបបេណេឌិកទី១៦ថា នៅពេលដែលទ្រង់មានព្រះជន្ម ទ្រង់ធ្លាប់មានបន្ទូលថា ការក្លាយខ្លួនជាគ្រីស្តបរិស័ទ គឺជាដំណើរនៃការរៀនសូត្រដើម្បីធ្វើជាមនុស្សម្តងទៀត។
លោកបានបន្តថា សម្តេចប៉ាបបេណេឌិក ទី១៦ គឺជាបុគ្គលដែលមានចិត្តរាបទាបខ្លាំងហើយចូលចិត្តលើកទឹកចិត្តអ្នកដទៃ ហើយស្តាប់នូវអ្វីដែលពួកគេត្រូវនិយាយ។
លោកកាឌីណាល់បានបន្តថា នៅពេលមានឱកាសជួបទ្រង់ប្រសិនបើយើងក្រឡេកមើលទៅក្នុងភ្នែករបស់ទ្រង់នៅ អ្នកអាចមើលឃើញថាមានពន្លឺខាងក្នុងជាច្រើននៅទីនោះ។
លោកបានបន្តថា សម្តេចប៉ាបបេណេឌិកទី១៦ តែងតែផ្តោតនិងផ្តល់តម្លៃដល់មនុស្ស ហើយតែងតែលើកកម្ពស់ការអប់រំជំនឿ ដោយលើកឡើងថា ក្លាយជាគ្រីស្តបរិស័ទគឺជាការកែប្រែចិត្តគំនិតដែលឆ្លងកាត់ការពិចារណាយ៉ាងច្រើន ពោលគឺជាដំណើរការរៀនធ្វើជាមនុស្សម្ដងទៀត។
លោកកាឌីណាល់ ដែលធ្លាប់តែងតាំងដោយទ្រង់ជាអ្នកទទួលខុសត្រូវក្រសួងលើកកម្ពស់ឯកភាពគ្រីស្តសាសនា កាលពីឆ្នាំ២០១០ បានថ្លែងថា សម្តេចប៉ាបបេណេឌិកទី១៦ ទ្រង់តែងតែផ្តោតលើគោលជំហរនិងគោលលទ្ធិរបស់ព្រះជាម្ចាស់ជាស្នូលនៃជំនឿនិងសកម្មភាពរបស់ព្រះសហគមន៍កាតូលិកតែម្តង៕