ការកើនឡើងនូវបក្សស្តាំនិយមជ្រុល អ៊ុយក្រែនភ័យខ្លាចការចុះទន់ខ្សោយនៃ សហភាពអឺរ៉ុបប្រឈមមុខនឹងរុស្ស៊ី
ការកើនឡើងសម្លេងនៃគណបក្សស្តាំនិយមជ្រុល ដែលចេញពីលទ្ធផលនៃការបោះឆ្នោតអឺរ៉ុប ត្រូវ បានមើលឃើញជាមួយការព្រួយបារម្ភនៅអ៊ុយក្រែន ដែលទុកចិត្តលើការគាំទ្រយោធាដែលកើនឡើងរបស់សហភាពអឺរ៉ុបដើម្បីរុញច្រានការឈ្លានពានរបស់រុស្ស៊ី។
ស្ថានភាពនយោបាយនៅប្រទេសបារាំងត្រូវបានសង្កេតមើលដោយយកចិត្តទុកដាក់ ដោយសារតែភាសារបស់លោកអេម៉ានូអែល ម៉ាក្រុង អំពីកងទ័ពជើងគោក និងលទ្ធភាពនៃការវាយប្រហារមូលដ្ឋានរបស់រុស្ស៊ី បានបង្កជាក្តីសង្ឃឹមដ៏ធំធេងសម្រាប់អ៊ុយក្រែន។
លោកស្រីតេទីយ៉ាណា អូហ្កាកកូវ៉ា ដែលជាអ្នកកាសែត និងជាអ្នកទទួលខុសត្រូវនាយកដ្ឋានអន្តរជាតិរបស់អ៊ុយក្រែន “Crisis Media Center” បានសម្តែងការព្រួយបារម្ភថា ៖ ”យើងបានបញ្ចៀសស្ថានភាពអាក្រក់បំផុត ប៉ុន្តែនិន្នាការជាតិនិយមដែលរីកចម្រើននៅសភាអឺរ៉ុប គឺមានភាពគ្រោះថ្នាក់ណាស់សម្រាប់អ៊ុយក្រែន។ យើងដឹងអំពីភាពជិតស្និទ្ធរវាងគណបក្សស្តាំនិយមជ្រុលជាច្រើនជាមួយវិមានក្រឹមឡាំង ហើយច្បាស់ណាស់ ពួកគេនឹងមិនធ្វើឲ្យការងារយើងងាយស្រួលទេ”។
លោកស្រី ឡេស្យា វ៉ាស៊ីឡេនកូ អ្នកតំណាងរាស្របក្សប្រឆាំងអ៊ុយក្រែន បានរៀបរាប់ថា ៖ “យើងមិនមែនជាសមាជិកសភាពអឺរ៉ុប ហើយប្រជាជនយើងផ្តោចអារម្មណ៍ខ្លាំងលើការវិវត្តនៃសង្រ្គាម ជាពិសេសនៅតំបន់ខាកគៀវ និងដូណេត ដែលមានការប្រយុទ្ធដ៏បំផ្លិចបំផ្លាញនាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ប៉ុន្តែរឿងគណបក្សស្តាំនិយមជ្រុល ត្រូវបានគេអធិប្បាយជាច្រើននៅតាមប្រព័ន្ធផ្សព្វផ្សាយនានា និងពិភពនយោបាយ។ នៅក្នុងចំណោមប្រធានបទដែលគួរឲ្យព្រួយបារម្ភ ក៏មានទំនាក់ទំនងហិរញ្ញវត្ថុរវាងអង្គការគណបក្សស្តាំនិយមជ្រុលខ្លះនៅអឺរ៉ុបជាមួយនឹងរុស្ស៊ី។ ទាំងនេះគឺជាទំនាក់ទំនងដែលបង្កការជជែកវែកញែកជាច្រើន នៅក្នុងអតីតកាល ជួនកាលជារឿងអាស្រូវទៀត ដូចជានៅក្នុងប្រទេសអូទ្រីស បារាំង និងអាឡឺម៉ង។
បើយោងតាមលោកស្រីឡេស្យា វ៉ាស៊ីឡេនកូ បានឲ្យដឹងថា អ្នកសង្កេតការណ៍ក៏បានបញ្ជាក់អំពីភាពជិតស្និទ្ធនៃមនោគមន៍វិជ្ជារវាងក្រុមស្តាំនិយមជ្រុលនៅអឺរ៉ុប និងទីក្រុងមូស្គូ នៅលើប្រធានបទនានាដូចជាសេរីភាពបុគ្គល បញ្ហាទំនៀមទម្លាប់ និងការគ្រប់គ្រងសន្តិសុខ។ ក្រុមស្តាំនិយមជ្រុលគឺជាកន្លែងរីកធំធាត់នៃការឃោសនារបស់រុស្ស៊ីនៅក្នុងខាងក្នុងសហភាពអឺរ៉ុប។
លោកស្រីឡេស្យា វ៉ាស៊ីឡេនកូ អធិប្បាយថា ៖ “និន្នាការនេះត្រូវបានសម្តែងដោយលោក វីកទ័រ អ័របាន ប្រធានាធិបតីហុងគ្រី ដែលត្រូវបានមើលឃើញថា ជាមិត្តរបស់លោកពូទីន និងត្រូវបានប្រើប្រាស់ដើម្បីសាបព្រួសការសង្ស័យដើម្បីធ្វើឲ្យទន់ខ្សោយដល់ការគាំទ្ររបស់អឺរ៉ុបចំពោះអ៊ុយក្រែន។ ជាឧទាហរណ៍ ដោយចោទជាសំនួរលើភាពស្របច្បាប់នៃព្រំដែនរបស់ប្រទេសហើយ លោកអ័របាន ក៏យកសន្ទរកថារបស់រុស្ស៊ីថ្លែងបន្ទរបន្ត”។ នៅអំឡុងយុទ្ធនាការសម្រាប់ប្រជាជនអឺរ៉ុប លោកវីកទ័រ អ័របាន ដាក់ខ្លួនជាអ្នកការពារសន្តិភាពប្រឈមនឹងភាគច្រើននៃប្រទេសអឺរ៉ុបដែលគាំទ្រសង្រ្គាម បើតាមគាត់យល់។
លោកស្រីតេទីយ៉ាណា អូហ្កាកកូវ៉ា បានរិះគន់ជំហរមិនគោរពគោលការណ៍ច្បាប់។ មិនមានគណបក្សណាមួយហ៊ាននិយាយថា គេប្រឆាំងនឹងការគាំទ្រអ៊ុយក្រែននោះទេ។ ប៉ុន្តែនៅពីក្រោយសារសន្តិភាពរបស់ពួកគេ ជាការពិត ពួកគេអំពាវនាវឲ្យយើងចរចាឲ្យបានលឿន និងដូច្នេះប្រគល់ដីឲ្យរុស្ស៊ីដើម្បីបញ្ចប់សង្រ្គាម។ នេះហើយគឺជាល្បែងរបស់វិមានក្រឹមឡាំង។
ប៉ុន្តែអ្នកកាសែតអ៊ុយក្រែន ឃើញនៅក្នុងលទ្ធផលនៃការបោះឆ្នោតអឺរ៉ុប មិនមែនជាស្ថានការណ៍ធ្ងន់ធ្ងរពេកនោះទេ ដោយសារទោះបីជាមានការកើនឡើងនូវក្រុមស្តាំនិយមជ្រុល ក្រុមគណបក្សដែលគាំទ្រអ៊ុយក្រែន នៅតែមានសម្លេងភាគច្រើនជានិច្ច។