កាឌីណាល់ ព្យែត្រូ ផារ៉ូលីន សម្ភោធព្រះវិហារព្រះយេស៊ូទទួលពិធីជ្រមុជទឹក នៅហ្សកដានី
លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ រួមនឹងអគ្គអភិបាល ព្យែរបាទីស្តា ភីហ្សាប៊ែយ៉ា (Pierbattista Pizzaballa) នៃគ្រីស្តសាសនានិកាយអូតូឌុក បានអញ្ជើញចូលរួមពិធីសម្ភោធព្រះវិហារព្រះយេស៊ូទទួលពិធីជ្រមុជទឹក និងចែករំលែកអំណរសប្បាយជាមួយគ្រីស្តបរិស័ទនៅហ្សកដានី កាលពីថ្ងៃសុក្រសប្តាហ៍មុន។
វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងឱកាសនោះ លោកកាឌីណាល់ បានចែករំលែកអំណរសប្បាយដ៏អស្ចារ្យជាមួយនឹងគ្រីស្តបរិស័ទនៅទីនោះ ដែលអាចសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រ ហើយដែលបាននាំបូជនីយេសក៍ច្រើនពាន់នាក់ទៅកាន់ទន្លេយ័រដាន់។
លោកកាឌីណាល់បានមានប្រសាសន៍ថា «យើងដឹងថា នៅជុំវិញយើង អ្វីគ្រប់យ៉ាងនិយាយអំពីជម្លោះ ការបែកបាក់ ការស្អប់ ប៉ុន្តែថ្ងៃនេះ យើងចង់ផ្តោតទៅលើផ្នែកផ្សេងទៀតនៃជីវិតនៅទីនេះ ដែលមានមនុស្សជាច្រើនដែលចង់ថ្វាយជីវិតរបស់ពួកគេដល់ព្រះយេស៊ូ និងអ្នកជិតខាងរបស់ពួកគេ»។
លោកឌីណាល់ ក៏បានចូលរួមសោកស្ដាយចំពោះការរងទុក្ខដ៏ក្រៀមក្រំនៅក្នុងតំបន់ដែលកើតឡើងដោយជម្លោះរវាងអ៊ីស្រាអែលនិងប៉ាលេស្ទីនកន្លងមក ហើយវត្តមានរបស់លោកនៅក្នុងនាមសម្តេចប៉ាបនៅពេលនេះ ជាទង្វើដ៏ជាក់ស្តែងនៃភាពស្និទ្ធស្នាលរបស់វ៉ាទីកង់ជាមួយគ្រីស្តបរិស័ទមជ្ឈិមបូព៌ា។
លោកក៏បានលើកឡើងទៀតថា គ្រីស្តបរិស័ទនៅទីនោះ ក៏សូមជួយប្រកាសដំណឹងល្អ គឺដើម្បីលើកកម្ពស់សន្តិភាព និងការផ្សះផ្សាជាតិ។
លោកកាឌីណាល់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃព្រះសហគមន៍ និងគ្រីស្តបរិស័ទជាសញ្ញានៃសន្តិភាព ការផ្សះផ្សា និងក្តីសង្ឃឹម ហើយព្រះវិហារថ្មីនេះ ជាកន្លែងនៃការសម្របសម្រួល ការសន្ទនា និងការខិតខំ។ ជាងនេះទៅទៀត លោកបានជំរុញឱ្យប្រទេសហ្សកដានីយកឈ្នះលើអំពើហិង្សាដោយផ្នត់គំនិតសន្តិភាព៕