កាឌីណាល់ បូ អំពាវនាវឱ្យពលរដ្ឋមីយ៉ាន់ម៉ាប្រឈមមុខនឹងទឹកជំនន់
លោកកាឌីណាល់ ឆាល មឿង បូ (Charles Maung Bo) នៃព្រះសហគមន៍កាតូលិកទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា បានអះអាងថា គ្រោះទឹកជំនន់នៅពេលថ្មីៗនេះធ្ងន់ធ្ងរ បានអំពាវនាវឲ្យមាន កិច្ចខិតខំប្រឹងប្រែងសង្គ្រោះដែលកំពុងបន្តអំពីគ្រោះទឹកជំនន់ និងការរអិលបាក់ដី ដែលបានបំផ្លិចបំផ្លាញរដ្ឋ និងតំបន់ជាច្រើននៅទូទាំងប្រទេសមីយ៉ាន់ម៉ា។
លោកកាឌីណាល់បានលើកឡើងថា ស្ថានការណ៍ពិតជាអាក្រក់ខ្លាំងណាស់។ ចាប់តាំងពីថ្ងៃទី ៩ ខែកញ្ញាមក ភ្លៀងមូសុងខ្លាំង និងសំណល់នៃព្យុះទីហ្វុង យ៉ាជីបានបណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ដោយតំបន់ដែលរងគ្រោះខ្លាំងជាងគេគឺ តំបន់ មេនដាឡេ ភាគខាងត្បូងរដ្ឋសាន, ភាគខាងកើតរដ្ឋបាហ្គោ, រដ្ឋកាយីន និង ទីក្រុងណៃពីដរ។
លោកបានរៀបរាប់ថា ពលរដ្ឋមីយ៉ាន់ម៉ា ប្រមាណជា ៨៨ម៉ឺននាក់ រួមទាំងអ្នកផ្លាស់ទីលំនៅដោយសារជម្លោះត្រូវបានរងផលប៉ះពាល់។ លោកបានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធ ជីវភាពរស់នៅ និងសេវាសាធារណៈដ៏សំខាន់ៗគឺសុទ្ធតែបានរងគ្រោះមហន្តរាយ”។
លោកបានបន្តថា មានការព្រួយបារម្ភផ្នែកសុខភាពកាន់តែខ្លាំងឡើងដោយសារកង្វះទឹកស្អាតប្រើបាន ហើយអ្នករងគ្រោះដោយទឹកជំនន់ជាច្រើននៅតំបន់ដាច់ស្រយាលកំពុងជួបការលំបាកក្នុងការទទួលបានស្បៀងអាហារ ថ្នាំពេទ្យ និងគ្រឿងផ្គត់ផ្គង់សំខាន់ៗផ្សេងទៀត។
លោកបានបន្ថែមថា ជំនួយសង្គ្រោះបន្ទាន់មានការលំបាកខ្លាំងដោយសារផ្លូវខូច ស្ពាន និងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់។
លោកបានបន្តថា នៅក្នុងស្ថានភាពបែបនេះ ព្រះសហគមន៍ តាមរយៈអង្គការ ករុណា សេវាសង្គមមីយ៉ាន់ម៉ា បាននិងកំពុងធ្វើការដើម្បីផ្តល់ជំនួយសង្គ្រោះជីវិតភ្លាមៗដល់សហគមន៍ដែលរងផលប៉ះពាល់។
លោកបានបន្តថា ក្រុមការងាររបស់យើងបានចែកចាយស្បៀងសង្គ្រោះបន្ទាន់ ទឹក ទីជម្រក និងរបស់របរប្រើប្រាស់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះខ្លាំងបំផុត។ យើងក៏បានផ្តោតទៅលើការការពារកុមារ និងការគាំទ្រផ្នែកផ្លូវចិត្ត ក៏ដូចជាការរៀបចំផែនការសម្រាប់ការស្តារឡើងវិញ និងកិច្ចខិតខំប្រឹងប្រែងស្តារនីតិសម្បទារយៈពេលវែង៕