កាឌីណាល់ ដេវីឌ៖ «យើងត្រូវតែទទួលស្គាល់កំហុសរបស់យើង ដោយមើលឆ្ពោះទៅឆ្នាំ ២០៣៣»

ក្នុងអំឡុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងនៅ បូជនីយចរឆ្ពោះទៅសេចក្តីសង្ឃឹម  កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា លោក ប៉ាប្លូ វីរហ្គីលីយូ ដេវីឌ (Pablo Virgilio S. Cardinal David) នៃភូមិភាគ​កាលូកាន និងជាប្រធានសភាលោកអភិបាលកាតូលិកនៃប្រទេសហ្វីលីពីន បានឆ្លើយសំណួរនានាអំពីការត្រៀមរៀបចំរបស់ព្រះសហគមន៍​សម្រាប់ ឆ្នាំព្រះមហាករុណាទិគុណ​ ២០៣៣ ជាសញ្ញា​នៃ​២.០០០ ឆ្នាំចាប់តាំងពីការសោយទិវង្គត និងការរស់ឡើងវិញរបស់ព្រះយេស៊ូ។

ថ្លែងដោយភាពស្មោះត្រង់ និងការប្រាកដនិយមបែបអ្នកគង្វាល លោកកាឌីណាល់ ដេវីឌ បានសង្កត់ធ្ងន់ថា ការចូលរួមរបស់ព្រះសហគមន៍​នៅទ្វីបអាស៊ីត្រូវតែមានមូលដ្ឋានលើ ភាពរាបសារ ការស្តាប់ និងការប្តេជ្ញាចិត្តជាថ្មីចំពោះឥទ្ធិពលសីលធម៌នៃដំណឹងល្អ ជាជាងការអួតអាងជោគជ័យ។

ឆ្ពោះទៅឆ្នាំ ២០៣៣

ឆ្លើយតបទៅនឹងរបៀបដែលព្រះសហគមន៍​គួរតែចូលទៅជិតការផ្សាយដំណឹងល្អនៅទ្វីបអាស៊ីឆ្ពោះទៅកាន់ឆ្នាំព្រះមហាករុណាទិគុណ២០៣៣ លោកកាឌីណាល់ ដេវីឌ បានទទូចថា ព្រះសហគមន៍​ត្រូវតែប្រឈមមុខនឹងកំហុសអតីតកាលជាមុនសិន ហើយបដិសេធអាកប្បកិរិយា «អួតអាង»។

លោកបានស្នើឱ្យប្រើចលនាទាំងបួនដើម្បី​ការផ្សះផ្សារ រួមមាន​ការសារភាពកំហុស ការសោកស្តាយ ការផ្សះផ្សារ​ឡើងវិញ​ និងការលើកលែងទោស ដែល​ជាគំរូសម្រាប់ការពិនិត្យខ្លួនឯងរបស់ព្រះសហគមន៍​។

លោកបាននិយាយថា ការទទួលស្គាល់កំហុសគឺចាំបាច់ ពីព្រោះកំហុសទាំងនោះបានបង្កើត «របាំង» ដល់វត្តមានរបស់ព្រះសហគមន៍​។

លោកកាឌីណាល់​បន្ថែមថា ការពិនិត្យដោយស្មោះត្រង់នេះ ដែលសម្គាល់ដោយភាពរាបសារ ការគោរពវប្បធម៌ និងការសន្ទនាពិតប្រាកដ គឺជាតម្រូវការជាមុនសម្រាប់ការចែករំលែកដំណឹងល្អប្រកបដោយភាពពិតប្រាកដ។

លោកបានសន្និដ្ឋានថា ការចែករំលែកដំណឹងល្អមិនត្រូវជាការបង្ខិតបង្ខំនោះទេ ដោយសង្កត់ធ្ងន់ថា វិធីសាស្រ្តត្រូវតែធ្វើឡើងតាមរយៈ «ការធ្វើជាសាក្សី»។

តើជំនឿពិតជាមានឥទ្ធិពលទាល់តែសោះឬ?

លោកកាឌីណាល់ ដេវីឌ បានឆ្លុះបញ្ចាំងលើវិធីសាស្រ្តនិទានកថា (Storytelling) របស់​សមាជបេសកកម្មអាស៊ីលើកទីមួយ និងតម្រូវការឱ្យព្រះសហគមន៍​វាយតម្លៃយ៉ាងម៉ឺងម៉ាត់នូវឥទ្ធិពលសង្គមរបស់ខ្លួន ជាពិសេសនៅក្នុងយុគសម័យឌីជីថល។

លោកបានសង្កត់ធ្ងន់ថា ខណៈពេលដែលការនិទានរឿង តាមលក្ខណៈព្រះយេស៊ូ គឺជាចំណុចកណ្តាលសម្រាប់ការជំរុញកិច្ចសន្ទនា និងការប្រែចិត្តដោយស្ម័គ្រចិត្ត។ លោក​បាន​លើក​ឡើង​អំពី​កំហុស​មួយដែល​​ព្រះសហគមន៍​តែងតែធ្វេសប្រហែសគឺ​ការវាស់ស្ទង់​ឥទ្ធិពលពិតប្រាកដ​នៅក្នុងពិភពលោក។ លោកបានសួរថា៖ «តើជំនឿពិតជាគ្មានឥទ្ធិពលទាល់តែសោះឬ?»

ដោយប្រើប្រទេសហ្វីលីពីនជាឧទាហរណ៍ លោកបានបង្ហាញ​អំពីអំពើពុករលួយរបស់​ប្រទេសហ្វីលីពីន​ ដូចជាភាពចម្រូងចម្រាសនៃការគ្រប់គ្រងទឹកជំនន់ជាដើម ដោយថ្លែងថា៖ «ខ្ញុំពិតជាគ្មានមោទនភាពខ្លាំងនោះទេ ដែល​អះអាងថាយើងជាសង្គមកាតូលិកលេចធ្លោ... វាមាន​អំពើពុករលួយ​ខ្លាំងណាស់ នោះមានន័យថាជំនឿ​មិន​ទាន់បានបង្កើតឥទ្ធិពលខ្លាំងក្លាលើ​មនុស្ស​នៅឡើយ»។

លោកកាឌីណាល់បានសន្និដ្ឋានថា តួនាទីរបស់ព្រះសហគមន៍​ត្រូវតែជាខាងវិញ្ញាណ និងសីលធម៌ មិនមែន​បក្សពួកទេ ប៉ុន្តែក៏ត្រូវតែមានភាពក្លាហានផងដែរ។ លោកបានអំពាវនាវឱ្យព្រះសហគមន៍​បម្រើជាអ្នកសម្របសម្រួលនៃការសន្ទនាប្រកបដោយផ្លែផ្កា និងទទួលស្គាល់ការបរាជ័យរបស់ខ្លួន ដើម្បីប្រកាសដំណឹងល្អឱ្យកាន់តែមានប្រសិទ្ធភាព។

ឫសគល់នៃការ​ដាក់​ខ្លួន​ និងក្តីសង្ឃឹម

លោកកាឌីណាល់ ដេវីឌ បានវិលត្រឡប់ទៅរកប្រធានបទ​មួយអំពី​ ការចែករំលែកដំណឹងល្អគឺគួរឱ្យជឿជាក់លុះត្រាតែមានឫសគល់នៃ​ការ​ដាក់​ខ្លួន​ ភាពស្មោះត្រង់ និងយក​គំរូរបស់ព្រះយេស៊ូ។

លោកបានមានប្រសាសន៍ថា៖ «គំរូរបស់យើងពិតគឺ​ជាព្រះយេស៊ូ»។ «ទ្រង់បានធ្វើឱ្យមនុស្សផ្លាស់ប្តូរ។ ទ្រង់បានផ្លាស់ប្តូរជីវិត។ នោះគឺជាកិច្ចការដែលយើងត្រូវតែបន្តធ្វើ ដោយភាពរាបទាប ការគោរព និងរួមគ្នា»។

 

Daily Program

Livesteam thumbnail