កាឌីណាល់ភូមិភាគប៉េណាំង អំពាវនាវគ្រីស្តបរិស័ទនៅអាស៊ី ក្លាយជាអ្នកមានចក្ខុវិស័យ និងអ្នកនាំសារ
បូជនីចរឆ្ពោះទៅសេចក្ដីសង្ឃឹមដ៏អស្ចារ្យ បានបន្តនៅថ្ងៃទី២៧ ខែវិច្ឆិកានេះ បា្ររព្ធជាមួយគ្នានឹងពិធីបុណ្យ Eucharistic ក្រោមអធិបតីភាពរបស់លោកកាឌីណាល់សេបាស្ទៀន ហ្វ្រាន់ស៊ីស (Sebastian ហ្វ្រាន់ស៊ីស) អភិបាលព្រះសហគមន៍ភូមិភាគប៉េណាំង ក្នុងទីក្រុងប៉េណាំង ប្រទេសម៉ាឡេស៊ី។
ថ្លែងទៅកាន់ប្រតិភូមកពីបណ្តាប្រទេសចំនួន៣២ លោកកាឌីណាល់ ហ្វ្រាន់ស៊ីស បានអំពាវនាវដល់ព្រះសហគមន៍នៅតំបន់អាស៊ី អោយក្លាយខ្លួនជា «អ្នកនាំសារ អ្នកដែលមានក្តីសុបិន និងអ្នកមានចក្ខុវិស័យ» ដោយបន្ទរតាមប្រធានបទនៃការជួបជុំគ្នាដ៏ធំនេះ គឺ«ការធ្វើដំណើរជាមួយគ្នាជាប្រជាជាតិអាស៊ី….ហើយពួកគេធ្វើដំណើរផ្លូវផ្សេងៗគ្នា»។
រំលឹកពីសន្និបាតនៅឆ្នាំ២០០៦ ដែលបានប្រារព្ធឡើងនៅក្នុងប្រទេសថៃ លោកកាឌីណាល់ ហ្វ្រាន់ស៊ីស ថ្លែងថា ព្រះសហគមន៍ត្រូវបានអំពាវនាវម្តងហើយម្តងទៀត អោយរក្សា និងរស់នៅជាមួយនឹង «រឿងរ៉ាវដ៏អស្ចារ្យបំផុតដែលមិនធ្លាប់មានពីមុនមក គឺរឿងរ៉ាវរបស់ព្រះយេស៊ូនៅក្នុងតំបន់អាស៊ី និងលើសពីនេះ» ប៉ុន្តែត្រូវនៅជាប់ជាមួយព្រះវិញ្ញាណដ៏វិសុទ្ធជានិច្ច។
លោកបានសង្កត់ធ្ងន់ថា ពាក្យសន្យារបស់ព្រះយេស៊ូ នៅក្នុងព្រះគម្ពីយ៉ូហាន ១៤:២៦ នៅតែមានជីវិតរហូតមកដល់សព្វថ្ងៃនេះ គឺ«ព្រះវិញ្ញាណដ៏វិសុទ្ធ នឹងបង្រៀនអ្នករាល់គ្នា ហើយរំលឹកអ្នករាល់គ្នាអំពីអ្វីៗទាំងអស់ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា»។
លោកបានរំលឹកដល់អ្នកដែលមានជំនឿថា ព្រះវិញ្ញាដ៏វិសុទ្ធ «បានក្លាយជាទស្សនវិស័យ និងសុបិន មកលើមនុស្សទាំងចាស់ក្មេង» ដោយអំពាវនាវដល់ព្រះសហគមន៍ អោយមានការប្រមើលមើលអនាគតថ្មីមួយ ដែលមានមូលដ្ឋានលើការរួមគ្នាជាធ្លុងមួយ និងការបម្រើ។
លោកកាឌីណាល់ ហ្វ្រាន់ស៊ីស បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបញ្ចូលវប្បធម៌ ដោយមានប្រសាសន៍បន្ថែមថា «ជំនឿដែលមិនអាចបញ្ជូលវប្បធម៌បាន មិនមែនជាជំនឿពិតប្រាកដនោះទេ» ហើយថែមទាំងជំរុញអោយគ្រីស្តបរិស័ទបន្តស្វែងរកមធ្យោបាយ ដើម្បីរស់នៅ និងបង្ហាញពីជំនឿកាតូលិក ស្របនឹងវប្បធម៌ក្នុងតំបន់។
លោកបន្តថា សន្តបុគ្គលនិងមរណសាក្សីនៅតំបន់អាស៊ី មកពីប្រទេសវៀតណាម កូរ៉េ ឥណ្ឌា និងកម្ពុជាជាដើម ជាអ្នកដែលមានចក្ខុវិស័យ នាំយកដំណឹងល្អទៅកាន់ជើងមេឃថ្មី។
នៅពេលដែលព្រះសហគមន៍កំពុងធ្វើដំណើរធ្ពោះទៅរកឆ្នាំនៃសេចក្តីសង្ឃឹម ទិវាយុវជនពិភពលោកឆ្នាំ២០២៧ និងការបិទបញ្ចប់សន្និបាតស៊ីណូដាលីធី (Synod on Synodality) លោកកាឌីណាល់ ហ្វ្រាន់ស៊ីស បានអញ្ជើញគ្រីស្តិបរិស័ទកាតូលិកទាំងអស់ អោយទុកចិត្តលើការណែនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយធ្ពោះទៅមុខ ជាមួយនឹងការអធិដ្ឋាន «ឱព្រះអម្ចាស់អើយ សូមយាងមក»៕