កាឌីណាល់តាគ្លេ៖ «យើងកំពុងធ្វើដំណើរឆ្ពោះទៅកាន់អនាគតរបស់ព្រះជាម្ចាស់ ដែលព្រះយេស៊ូទ្រង់ផ្ទាល់កំពុងរង់ចាំយើង»

ថ្ងៃទី ៣ (២៩ ខែវិច្ឆិកា) នៃបូជនីយចរឆ្ពោះទៅសេចក្តីសង្ឃឹម ដែលបាន​ប្រព្រឹត្តទៅនៅក្រុង​ប៉េណាំង ប្រទេសម៉ាឡេស៊ី ត្រូវបានបញ្ចប់ដោយពិធីបូជាអរព្រះគុណដ៏ឧឡារិក និងជាសាធារណៈនៅឯបាស៊ីលីកា​តូច​នៃព្រះវិហារសន្តីហាណ្ណា (Minor Basilica of St. Anne)។

ពិធីបូជានេះត្រូវបានដឹកនាំដោយ កាឌីណាល់ លូវីស អន់តូនីញ៉ូ តាគ្លេហើយមានការចូលរួមបូជាពីកាឌីណាល់ជាច្រើនរូបទៀត រួមមាន កាឌីណាល់សេបាស្ទៀ ហ្វ្រាន់ស៊ីស ជាអភិបាលភូមិភាគ​ប៉េណាំង កាឌីណាល់ឆាលស៍មួងបូ កាឌីណាល់ហ្វីលីព នេរី ហ្វេរ៉ាវ និងកាឌីណាល់បាប្ល៉ូ វើហ្គីលីយ៉ូ ដាវីឌ។ ពិធីនេះបានប្រមូលផ្តុំប្រតិភូ ៩០០ នាក់ និងគ្រីស្តបរិស័ទក្នុងតំបន់ជាង ៥០០ នាក់ សរុបអ្នកចូលរួមជាង ១,៥០០ នាក់។

ក្នុង​ធម្មទេសនារបស់កាឌីណាល់ តាគ្លេ បានឆ្លុះបញ្ចាំងលើប្រធានបទនៃបូជនីយចរដោយសង្កត់ធ្ងន់ថា ការផ្តោតសំខាន់គឺមិនមែនត្រឹមតែខួប ២០០០ ឆ្នាំនៅឆ្នាំ ២០៣៣ នោះទេ ប៉ុន្តែគឺទៅលើ «ដំណើរឥតឈប់ឈរឆ្ពោះទៅអនាគតរបស់ព្រះជាម្ចាស់»។

ដោយឆ្លុះបញ្ចាំងពីសាច់រឿងអេម៉ាអូស កាឌីណាល់បានធានាដល់អ្នកចូលរួមថា ការភ័ន្តច្រឡំ និងភាពមិនច្បាស់លាស់ គឺជាផ្នែកធម្មជាតិនៃដំណើរខាងវិញ្ញាណ ហើយថា ព្រះយេស៊ូយាងដើរជាមួយយើងក្នុងការភ័ន្តច្រឡំរបស់យើង បកស្រាយគម្ពីរសម្រាប់យើង និងកាច់នំប៉័ងសម្រាប់យើង។ លោក​បានព្រមានបន្ថែមទៀតថា ការរំខាន ភាពថប់បារម្ភ និងការស្វែង​ខាងលោកិយ៍ហួសហេតុពេក គឺជាការគំរាមកំហែងដ៏ធំចំពោះចក្ខុវិស័យខាងវិញ្ញាណនាពេល​សព្វថ្ងៃ ដោយជំរុញឲ្យអ្នកចូលរួមប្រុងប្រយ័ត្ន។

កាឌីណាល់បានសង្កត់ធ្ងន់ថា គោលដៅត្រូវបានទៅដល់តាមរយៈការបម្រើ ដោយបានថ្លែងថា ដោយ​ធ្វើដំណើរជាមួយអ្នកស្រេកឃ្លាន អ្នកស្រេកទឹក ជនពនេចរ អ្នកទោស ព្រោះ​ព្រះយេស៊ូគង់​នៅក្នុងពួកគេដែល​កំពុងនាំយើងទៅកាន់ព្រះរាជ្យ​របស់​​ព្រះបិតារួចទៅហើយ។

លោកកាឌីណាល់​បានសរុបសេចក្តីនៃដំណើរបូជនីយចរគ្រីស្តបរិស័ទដោយឃ្លាដ៏គួរឲ្យចាប់អារម្មណ៍ថា៖ ព្រះយេស៊ូមិនត្រឹមតែជាមិត្តរួមដំណើររបស់យើងប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ជាគោលដៅរបស់យើងដែរ។ ជាចុងក្រោយ ទ្រង់បានលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទមានភាពក្លាហានក្នុងការសម្តែងសេចក្តីសង្ឃឹមនេះ ដោយរំលឹកពួកគេថា ព្រះយេស៊ូជាបងប្អូនរបស់យើងកំពុងរង់ចាំ។

ពិធីបូជាត្រូវបាននាំមុខដោយកម្មវិធីពេលល្ងាចដែលរួមមានការច្រៀងសរសើរតម្កើង និងថ្វាយបង្គំ ដឹកនាំដោយក្រុម The Rexband។ បន្ទាប់មកលោក​បូជាចារ្យ​គ្រីស្តូហ្វើរ ផរ៉ូវ (Christopher Prowse) បានថ្លែងសុន្ទរកថាគន្លឹះដ៏មានឥទ្ធិពលមួយដែលមានចំណងជើងថា «ចូរធ្វើជាបូជនីយចរនៃសេចក្តីសង្ឃឹម» ហើយកម្មវិធីក៏ត្រូវបានបញ្ចប់ដោយការប្រគំតន្ត្រីដ៏រីករាយ​ដោយអ្នកនិពន្ធ តារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិអូស្ត្រាលីគឺ លោកឪពុករ៉ុប ហ្គាលៀ (Rob Galea)៕

 

Daily Program

Livesteam thumbnail