កាកបាទក្រហមអន្តរជាតិ បានបញ្ជាក់ប្រាប់កម្ពុជាពីការត្រៀមខ្លួនគាំទ្រការបញ្ជូនយោធិនទាំង១៨រូបពីថៃ

កាកបាទក្រហមអន្តរជាតិ បានបញ្ជាក់ប្រាប់រាជរដ្ឋាភិបាលកម្ពុជាពីការត្រៀមខ្លួនគាំទ្រការបញ្ជូនយោធិនទាំង១៨រូបពីថៃមកវិញ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនៃកម្ពុជា ស្តីពីស្ថានភាពយោធិនខ្មែរ១៨ រូបដែលប្រទេសថៃបន្តឃុំខ្លួន ចេញកាលពីថ្ងៃទី៣ ខែធ្នូ។

គិតចាប់តាំងពីពេលយោធិនទាំង១៨រូប ត្រូវបានចាប់ខ្លួនដោយខុសច្បាប់ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ មកដល់ថ្ងៃទី០៣ ខែធ្នូ គឺមានអស់រយៈពេល១២៧ ថ្ងៃ តាមអ្នកនាំពាក្យក្រសួងការបរទេស ដូចគ្នានេះដែរ គឺអស់រយៈពេល ១២៧ ថ្ងៃហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត ដើម្បីជំរុញយុទ្ធនាការ ទាមទារការដោះលែងយោធិនរបស់ទាំងអស់នេះ តាមគ្រប់មធ្យោបាយការទូតដែលអាចធ្វើទៅ បានរួមបញ្ចូលទាំងការទាក់ទងផ្ទាល់ជាមួយប្រទេសថៃ ការពិគ្រោះយោបល់ជាមួយមេដឹកនាំក្នុងតំបន់ និងអន្តរជាតិ និងការសម្របសម្រួលជាមួយអង្គការអន្តរជាតិដែលពាក់ព័ន្ធ។

អ្នកនាំពាក្យសង្កត់ធ្ងន់ថា ៖«គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)  ដែលរាជរដ្ឋាភិបាលបានបន្តទាក់ទងធ្វើការជាមួយយ៉ាងជិតស្និទ្ធតាំងពីដំបូងមក បានផ្តល់ការគាំទ្រតាមតួនាទីរបស់ខ្លួន ក្នុងការធានាឱ្យយោធិនរបស់យើងដែលកំពុងស្ថិតក្នុងការឃុំខ្លួន បានទទួលនូវការគោរពសិទ្ធស្របតាមច្បាប់ មនុស្សធម៌អន្តរជាតិ ហើយក្រុមគ្រួសារទាំងអស់គ្នាក៏បានទទួលដំណឹងអំពីសុខទុក្ខរបស់ពួកគេជាប់ជាប្រចាំ។ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិក៏បានបញ្ជាក់ពីការត្រៀមខ្លួនគាំទ្រការធ្វើមាតុភូមិនិវត្តន៍យោធិនទាំងអស់ផងដែរ។ »។

អ្នកនាំពាក្យអះអាងថា រាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពខ្ពស់បំផុតលើការជំរុញឱ្យមានការដោះលែងយោធិនទាំង ១៨រូបរបស់កម្ពុជា។  រដ្ឋាភិបាលកម្ពុជា អរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ អង្គការអន្តរជាតិ ក្រុមសង្គមស៊ីវិល និងគ្រប់បុគ្គលទាំងអស់ ដែលបាននៅឈរជាមួយកម្ពុជាអំពាវនាវឱ្យថៃដោះលែងយោធិនទាំង១៨រូប ដោយគ្មានបង្អែរបង្អង់ និងគ្មានលក្ខខណ្ឌ ដូចមានបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

ចាប់តាំងពីថ្ងៃដែលថៃ ធ្វើទង្វើខុសច្បាប់ ប្រើល្បិចចូលមកចាប់ខ្លួនយោធិនកម្ពុជាប្រមាណ២០រូប ក្រោយបទឈប់បាញ់ចូលជាធរមាននៅចុងខែកក្កដា ថៃបានបញ្ជូនយោធិនកម្ពុជាមកវិញតែ២នាក់តែប៉ុណ្ណោះ ហើយយោធិនដែលបញ្ចូនមកវិញនោះគឺម្នាក់របួសផ្លូវកាយ និងម្នាក់ទៀតផ្លូវចិត្តធ្ងន់ធ្ងរ។ យោធាថៃបានប្រើលេសជាបន្តបន្ទាប់បំភ័ន្តភ្នែកអន្តរជាតិ មិនដោះលែងយោធិនកម្ពុជាឡើយ ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលចែងជាអាទិភាពឱ្យមានការដោះលែងជាបន្ទាន់មិនបង្អែបង្អង់ក៏ដោយ។ ថៃបានយកយោធិនកម្ពុជាទាំង១៨រូបធ្វើជាចំណាប់ខ្មាំងទាមឱ្យកម្ពុជាដោះដូរតាមទំនើងចិត្តខ្លួន ទើបដោះលែង៕

Daily Program

Livesteam thumbnail