កាកបាទក្រហមកម្ពុជាកំណត់ការងារអាទិភាពសម្រាប់ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍

ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន កាលពីម្សិលមិញបានផ្ញើសារអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ដែលប្រារព្ធធ្វើនៅថ្ងៃទី១ ខែធ្នូ។ នៅក្នុងសារលិខិតនោះ សម្តេចបានកំណត់ការងារអាទិភាពមួយចំនួន ដើម្បីសហការជាមួយរដ្ឋាភិបាលក្នុងការសម្រេចបានជោគជ័យនូវគោលនយោបាយជាតិដើម្បីបញ្ចប់អេដស៍ និងធានានិរន្តរភាពនៃកម្មវិធីអេដស៍សម្រាប់រយៈពេល២០២៣-២០៣០។

សារលិខិតអបអរសាទរទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាមានកិត្តិយសណាស់បានចូលរួមជាមួយរដ្ឋាភិបាល ដើម្បីប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្រោមមូលបទសកល “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍”។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានរំលេចថា ការប្រារព្ធទិវានេះនៅកម្ពុជាអស់រយៈពេល២៣ឆ្នាំកន្លងមក បានបង្ហាញពីឆន្ទៈនយោបាយដ៏មោះមុតរបស់រដ្ឋាភិបាលកម្ពុជា។ នៅឆ្នាំនេះ ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ គឺជាឱកាសគូសបញ្ជាក់បន្ថែមទៀតពីសារៈសំខាន់នៃការប្ដេជ្ញាចិត្តបន្តខិតខំប្រឹងប្រែងរួមជាសកល ដើម្បីជម្នះគ្រប់ឧបសគ្គដែលកើតមានឡើងដោយសារសង្គ្រាម ជម្លោះប្រដាប់អាវុធដែលកើតមានឡើងជាច្រើនកន្លែងនៅលើពិភពលោក ការធ្លាក់ចុះសេដ្ឋកិច្ចសកល និងការប្រែប្រួលអាកាសធាតុ។ លើសពីនេះវិបត្តិមូលនិធិជាប្រវត្តិសាស្ត្រកំពុងគំរាមកំហែងដែលឈានទៅបំផ្លាញវឌ្ឍនភាពដែលបានខិតខំកសាងឡើងរាប់សតវត្សរ៍។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបន្ថែមថា នៅចំពោះមុខបរិការណ៍ពិភពលោកបែបនេះ ប្រទេសកម្ពុជាទោះកំពុងមានការរំខានដោយសារតែស្ថានការណ៍ជម្លោះនៅព្រំដែនកម្ពុជាថៃក៏ដោយ ក៏រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីសម្រេចគោលនយោបាយជាតិបញ្ចប់ជំងឺអេដស៍និងចីរភាពកម្ម។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាសម្រេចបានរួចទៅហើយនូវគោលដៅសកលចំនួនពីរ គឺអ្នកដែលបានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ចំនួន១០០% បានទទួលសេវាព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និងក្នុងចំណោមអ្នកដែលបានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ គឺ៩៨%បានទទួលប្រសិទ្ធភាពខ្ពស់។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបន្ថែមថា នៅចំពោះមុខ កម្ពុជាត្រូវតែនាំគ្នាប្តេជ្ញាបន្តខិតខំប្រឹងប្រែងសម្រេចឱ្យបានគោលដៅសកលទី១ គឺធ្វើយ៉ាងណាឱ្យអ្នកដែលសង្ស័យថាមានផ្ទុកមេរោគអេដស៍ដែលបច្ចុប្បន្នមាន៩២%នោះឱ្យបានកើនជាង៩៥% ដើម្បីពួកគាត់បានទៅទទួលសេវាព្យាបាលទាន់ពេលវេលា និងទប់ស្កាត់ករណីឆ្លងថ្មីនៃមេរោគអេដស៍។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប៊ុន រ៉ានី បានកំណត់ភារកិច្ចជាអាទិភាពចំនួនបួន ដើម្បីចូលរួមចំណែកសម្រេចបានគោលនយោបាយជាតិដ៏ស្រួចស្រាវនេះ។ ភារកិច្ចទី១ គឺការពង្រឹងភាពជាអ្នកដឹកនាំនិងភាពធន់ដោយលើកកម្ពស់ភាពជាម្ចាស់របស់សហគមន៍ចូលរួមជាចរន្តជាតិតែមួយឈានឆ្ពោះទៅបញ្ចប់អេដស៍។ ភារកិច្ចទី២ គឺបន្តពង្រឹងនិងពង្រីកការអប់រំលើកកម្ពស់ការយល់ដឹងពីការបង្ការការចម្លងមេរោគអេដស៍ជារួមនៅតាមគ្រឹះស្ថានអប់រំ សហគមន៍មូលដ្ឋាន ជាពិសេសក្នុងចំណោមយុវវ័យ ក្រុមប្រជាជនគន្លឹះ និងលើកកម្ពស់ការទប់ស្កាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅកូន។ ភារកិច្ចទី៣ គឺបន្តផ្តល់សេវាគាំទ្រសង្គមជួយជនរងគ្រោះដោយសារមេរោគអេដស៍ជំងឺអេដស៍ និងភារកិច្ចអាទិភាពទី៤ គឺបន្តធ្វើជាគំរូនៅក្នុងសង្គមជាតិនិងរក្សាបរិយាកាសលើកកម្ពស់ការមិនរើសអើងនិងមាក់ងាយអ្នករស់នៅជាមួយមេរោគអេដស៍និងអ្នកជំងឺអេដស៍។

ក្នុងពេលជាមួយនឹងគ្នានោះ លោកស្រីបានអំពាវនាវដល់ប្រជាជនទាំងអស់ចូលរួមយ៉ាងសកម្ម និងឱ្យបានទ្វេដង ជាមួយរាជរដ្ឋាភិបាលកម្ពុជានិងកាកបាទក្រហមកម្ពុជាក្នុងយន្តការជាតិតែមួយ ដើម្បីសម្រេចបានដោយជោគជ័យនូវគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០៣០។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងថា៖ «ចំពោះយុវនារីយុវជនទាំងអស់ត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវផ្នត់គំនិត និងឥរិយាបថវិជ្ជមានបង្ការខ្លួនពីការចម្លងមេរោគអេដស៍ និងដើរតួជាសកម្មជនប្រយុទ្ធនឹងជំងឺអេដស៍តាមរយៈ សកម្មភាពមិត្តអប់រំមិត្ត ការបង្កើតក្រុមជួយខ្លួនឯង ចែករំលែកចំណេះដឹង ផ្សព្វផ្សាយព័ត៌មានថ្មីៗស្តីពីមេរោគអេដស៍ និងជំងឺអេដស៍ដល់មិត្តភក្តិ សហគមន៍ និងសង្គមជាតិរបស់យើង ជាពិសេសត្រូវនាំគ្នាចៀសឱ្យឆ្ងាយ ពីការសេពគ្រឿងញៀន គ្រឿងស្រវឹង និងការប្រើបារីអេឡិចត្រូនិក»។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានជំរុញអ្នកដែលបានប្រព្រឹត្តឬសង្ស័យថាខ្លួនបានប្រឈមនឹងការឆ្លងមេរោគអេដស៍ត្រូវតែ ស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តឈាមរកមេរោគអេដស៍ឱ្យបានឆាប់បំផុត ដើម្បីអាចទទួលនូវសេវាព្យាបាលទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់។ ចំពោះស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវទៅទទួលសេវាពិនិត្យ និងថែទាំផ្ទៃពោះ ព្រមទាំងការផ្តល់ប្រឹក្សានិងធ្វើតេស្តឈាមរកមេរោគអេដស៍ មេរោគស្វាយ ទប់ស្កាត់ កាត់ការចម្លងមេរោគអេដស៍ មេរោគស្វាយពីម្តាយទៅកូន។

ចំពោះអ្នកដែលមានការប្រព្រឹត្តប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍ត្រូវប្រើប្រាស់ស្រោមអនាម័យឱ្យបាន១០០% នៅពេលរួមភេទ និងស្វែងរកការប្រើឱសថបង្ការការចម្លងមេរោគអេដស៍ឱ្យបានត្រឹមត្រូវនិងទៀងទាត់ពីមូលដ្ឋានសុខាភិបាលដែលនៅជិតបំផុត។ ចំពោះអ្នកដែលរស់នៅជាមួយមេរោគអេដស៍ត្រូវបន្តការយកចិត្តទុកដាក់ លេបឱសថប្រឆាំងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងមកជួបគ្រូពេទ្យតាមការកំណត់។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបន្ថែមថា៖ «កុំរើសអើងនិងមាក់ងាយអ្នករស់នៅជាមួយមេរោគអេដស៍និងអ្នកជំងឺអេដស៍ជាដាច់ខាត ព្រោះវាជាអំពើផ្ទុយទៅនឹងច្បាប់ស្តីពីការបង្ការនិងទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា។ ផ្ទុយទៅវិញត្រូវចូលរួមលើកទឹកចិត្ត ផ្តល់កិច្ចគាំពារ មិនបោះបង់ចោល ឬ ទុកឱ្យនៅឯកា ចំពោះអ្នករស់នៅជាមួយមេរោគអេដស៍និងអ្នកជំងឺអេដស៍ណាម្នាក់ឡើយ»។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សង្ឃឹមថា សកម្មជនប្រយុទ្ធនឹងជំងឺអេដស៍ ក្រុមប្រជាជនគន្លឹះ ដៃគូអភិវឌ្ឍន៍ រួមទាំងវិស័យឯកជន និងសង្គមស៊ីវិលទាំងអស់បន្តភាពជាដៃគូជាមួយកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចឱ្យបានគោលដៅបញ្ចប់ជំងឺអេដស៍នៅកម្ពុជាតាមគោលដៅអភិវឌ្ឍន៍មានចីរភាពឆ្នាំ២០៣០៕

 

Daily Program

Livesteam thumbnail