កសិកម្មអាចជាឧបករណ៍មួយឆ្ពោះទៅរកសន្តិភាពនិងសេចក្តីសង្ឃឹម
ប្រធានមូលនិធិអន្តរជាតិដើម្បីអភិវឌ្ឍន៍កសិកម្ម ហៅកាត់ថា IFAD លោក អាល់វ៉ារ៉ូ ឡារីយូ ( Alvaro Lario) បាននិយាយថា កសិកម្មអាចជាឧបករណ៍មួយដើម្បីសន្តិភាព និង សេចក្តីសង្ឃឹម។ នេះបើតាមការដកស្រង់សម្ដីដោយវ៉ាទីកង់ញូវ ក្រោយលោកជួបសម្តេចប៉ាបឡេអូទី១៤។
បន្ទាប់ពីជួបសាវនាការការងារជាមួយសម្តេចប៉ាប ឡេអូ ទី១៤ លោក អាល់វ៉ារ៉ូ ឡារីយូ បានថ្លែងទៅកាន់ វ៉ាទីកង់ញូវ អំពីសារៈសំខាន់នៃការវិនិយោគលើកសិកម្មនៅតាមសហគមន៍ជនបទ ព្រោះវាជាប្រភពអាហារសម្រាប់សហគមន៍របស់ពួកគេ និងពិភពលោកទាំងមូល។
យោងតាមទិន្នន័យថ្មីៗរបស់ស្បៀងអាហារពិភពលោក មានមនុស្សប្រហែល ២,៥ ទៅ ២,៦ ពាន់លាននាក់ពោលគឺ ប្រហែលមួយភាគបីនៃចំនួនប្រជាជនពិភពលោក ពឹងផ្អែកលើកសិកម្មសម្រាប់ជីវភាពរស់នៅរបស់ពួកគេ ប៉ុន្តែយ៉ាងណាក៏ដោយ ដោយសារតែបញ្ហាប្រឈមមួយចំនួន ដូចជាជម្លោះ ការប្រែប្រួលអាកាសធាតុ និងកង្វះធនធាន មនុស្សជាច្រើនកំពុងតស៊ូជាមួយនឹងអសន្តិសុខស្បៀងអាហារ។
លោកបានបន្តថា នៅក្នុងស្ថានភាពនេះហើយទើប IFAD បានបង្ហាញ វត្តមាននៅក្នុងប្រទេសចំនួន ៩២ ដោយធ្វើការដើម្បីអនុវត្តគម្រោង និងគំនិតផ្តួចផ្តើមដែលជំរុញវិបុលភាព សន្តិសុខស្បៀងអាហារ និងភាពធន់នៅក្នុងប្រជាជនជនបទ៕