ករុណាបាត់ដំបង ចែកសម្ភារដល់ជនភៀសសឹក

អង្គការករុណាបាត់ដំបង រួមសហការជាមួយមណ្ឌលសុខភាពពេទ្យយាយជី ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាពលោកអភិបាលអេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងជានាយកនៃអង្គការករុណាបាត់ដំបង បាននាំយកសម្ភារៈរួមមាន ម្សៅទឹកគោកំប៉ុង មុង ប្រេងកូឡា ទឹកសុទ្ធ សំឡីអនាម័យ ខោទឹកនោម ប្រេងខ្យល់ នំ និងសម្ភាសិក្សាមួយចំនួន ចែកជូនក្រុមគ្រួសារដែលមានទារកចំនួន៥០ គ្រួសារ  និងកុមារជាង១០០នាក់នៅជំរំភៀសសឹកក្នុងខេត្តបាត់ដំបង។ 
លោកអភិបាលអេនរីគេ បានមានប្រសាសន៍លើកទឹកចិត្ត និងសំណូមពរឱ្យបងប្អូនដែលស្នាក់នៅក្នុងតំបន់នោះ ចូលរួមថែរក្សាបរិស្ថាន និងថែរក្សាអនាម័យ ដើម្បីឱ្យកូនតូចៗមានសុខភាពល្អ។ 
ក្នុងនោះដែរ លោកអភិបាលបានជំរុញឲ្យជនភៀសសឹក ចេះចែករំលែក ចេះជួយគ្នាទៅវិញទៅមក និងថែរក្សាវត្តអារាមឱ្យបានល្អ ដោយលោកលើកឡើងថា ចៅអធិការវត្ត សប្បាយចិត្តណាស់ដែលបានទទួលពួកគាត់ឱ្យស្នាក់នៅដែលជាទីសុវត្ថិភាព។ 
ជាមួយគ្នានេះ លោកគង្វាលរូបនេះ បានលើកទឹកចិត្ត កុំឱ្យពួកគាត់អស់សង្ឃឹម ហើយសង្ឃឹមថាឆាប់ៗនេះប្រទេសជាតិនឹងមានសន្តិភាព នោះពួកគាត់នឹងអាចត្រឡប់ទៅផ្ទះ ទៅភូមិ ស្រុកកំណើតវិញ៕

Daily Program

Livesteam thumbnail