ករណី​ឆេះរូបព្រះឆាយលក្ខណ៍របស់ព្រះមហាក្សត្រ កំពុង​ធ្វើការស្រាវជ្រាវរកមូលហេតុ

ក្រុមការងារនៃគណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា​» សហការជាមួយនឹង​​អាជ្ញាធរមានសមត្ថកិច្ច​ ធ្វើការ​ស្រាវជ្រាវ​រកមូលហេតុ​ករណី​អគ្គិភ័យដែលកើត​ឡើង​ជាយថាហេតុបណ្តាលឱ្យឆេះ រូបព្រះឆាយលក្ខណ៍របស់ព្រះមហាក្សត្រសម្តេចព្រះបរមនាថ នរោត្តម សីហមុនីដែលតាំងនៅមុខព្រះបរមរាជវាំង។

ករណីឆេះនេះ កើតឡើង​​ក្នុង​ពេលពេល​មានការបាញ់កាំជ្រួចនៅពាក់កណ្តាលយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២៤ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ​២០២៥។

គណៈកម្មការរៀបចំព្រឹត្តិការណ៍ «សាទរកម្ពុជា» បាន​សរសេរលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី១ ខែមករា ឆ្នាំ​២០២៥ថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» បានបញ្ចប់នៅវេលាម៉ោង ១២:០០ នាទីរំលងអាធ្រាតថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឈានចូល ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការគាំទ្រ និងអបអរពីប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

គណៈកម្មការបានបញ្ជាក់ថា ៖ «ជាការសោកស្តាយ នៅចុងបញ្ចប់នៃកម្មវិធី មានកើតឧបទ្ទវហេតុ អគ្គិភ័យមួយជាយថាហេតុ ប៉ុន្តែត្រូវបានគ្រប់គ្រងភ្លាមៗ ដោយអាជ្ញាធរមានសមត្ថកិច្ចដែលឈរជើងនៅទីតាំង និងដោយពុំបណ្តាលឱ្យមានគ្រោះថ្នាក់ណាមួយដល់អ្នកចូលរួមនោះទេ»។

ប្រភពដដែលបន្តថា ខណៈពេលនេះ ក្រុមការងារកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចដើម្បីស្រាវជ្រាវរកមូលហេតុនៃការកើតមានហេតុការណ៍នេះ។

សូមរំលឹកដែរថា ព្រឹត្តិការណ៍ «សាទរកម្ពុជា» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែលប្រកបដោយភាពរស់ រវើកជាមួយនឹងការបង្ហាញវិសេសភាពនៃ «អត្តសញ្ញាណ» ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលឆ្លងកាត់ និងជ័យជម្នះនិងការលើកតម្កើន «មោទនភាព» ក្នុងភាពជាប្រជាជាតិមួយ។

ព្រឹត្តិការណ៍ «សាទរកម្ពុជា» មានកម្មវិធីដ៏គួរឱ្យរំភើបជាច្រើនដូចជា ក្បួនដង្ហែដែលមា​នអ្នកចូលរួមប្រមាណ ៣០០០ នាក់ ការរចនាតុបតែងដ៏ស្រស់ស្អាតជាច្រើនដែលផ្សារភ្ជាប់គំនិតច្នៃប្រឌិត បុរាណ និងសហសម័យ ល្បែងកំសាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥ រាជធានី-ខេត្ត និងការប្រគំតន្រ្តី ការសម្ដែងសិល្បៈចម្រុះដែលមានសិល្បករល្បីៗជាច្រើនរូប ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកលជាមួយការបាញ់កាំជ្រួចផងដែរ៕

 

Daily Program

Livesteam thumbnail