កម្មវិធីអបអរខួប២៥ឆ្នាំក្រុមគ្រួសារបងស្រីសមាគមសាសនទូតនៃព្រះបេះដូងព្រះយេស៊ូ នៅប្រទេសកម្ពុជា
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះសហគមន៍កាតូលិកប៉ោយប៉ែត ក៏ដូចជាព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង មានអំណរសប្បាយ ប្រារព្ធកម្មវិធីអបអរខួប២៥ឆ្នាំក្រុមគ្រួសារដូនជីសមាគមសាសនទូតនៃព្រះបេះដូងព្រះយេស៊ូនៅប្រទេសកម្ពុជា ដោយមានការអញ្ជើញចូលរួមជាអធិបតីភាពលោកអភិបាល ទេព ច័ន្ទពិសិដ្ឋ (អេនរីគេ) អភិបាលព្រះសហគមន៍ភូមិភាគបាត់ដំបង លោកអភិបាល សួន ហង្សលី អភិបាលព្រះសហគមន៍ភូមិភាគកំពង់ចាម លោកបូជាចារ្យ បងប្រុស បងស្រី និងបងប្អូនគ្រីស្តបរិស័ទមកពីទីជិតឆ្ងាយយ៉ាងច្រើនកុះករ។
ក្នុងនោះផងដែរ លោកអភិបាល ទេព ច័ន្ទពិសិដ្ឋ បានប្រសាសន៍ថា៖ «សូមអបអរសាទរក្រុមបងស្រីដែលមានវត្តមាននៅប្រទេសកម្ពុជារយៈពេល២៥ឆ្នាំ វត្តមានរបស់ក្រុមបងស្រីពិសេស ដោយមានរបៀបទន់ភ្លន់ បន្ទាបខ្លួនដើម្បីបម្រើ និងមានការលើកទឹកចិត្តបងប្អូន និងនាំឱ្យព្រះសហគមន៍រីកចម្រើន»។
ដូនជី កាមែន កាដូហ្សា ជាប្រធានក្រុមគ្រួសារដូនជីសមាគមសាសនទូតនៃព្រះបេះដូងយេស៊ូទូទាំងពិភពលោក បានមានប្រសាសន៍ថា គាត់ពិតជាសប្បាយចិត្តណាស់ ដោយបានមើលឃើញព្រះសហគមន៍រីកចម្រើនច្រើន។
ដូនជីបានបន្តថា ពេលយើងមកព្រះសហគមន៍ប៉ោយប៉ែតឆ្នាំ២០០៦ នៅទីនេះមិនទាន់មានគ្រីស្តបរិស័ទប៉ុន្មានទេ ប៉ុន្តែបន្តិចម្តងៗយើងបានរៀបចំបង្រៀនអប់រំជំនឿ និងប្រមូលយុវជន ក្មេងៗ និងគ្រីស្តបរិស័ទ ហើយលោកបូជាចារ្យ និងក្រុមបងស្រីបានចាប់ផ្តើមមានការកសាងសង់អគារសម្រាប់សិស្សមណ្ឌល ព្រះវិហារ និងផ្ទះលោកបូជាចារ្យ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ១៩៩៩ ក្រុមគ្រួសារបងស្រីសមាគមសាសនទូត នៃព្រះបេះដូងព្រះយេស៊ូ បានមានវត្តមាននៅប្រទេសកម្ពុជា និងបានបំពេញបេសសកម្មដំបូងនៅព្រះសហគមន៍ភូមិភាគកំពង់ចាម ក្រុមគ្រួសារបងស្រីក៏សម្រេចចិត្តជ្រើសរើសកន្លែងបំពេញបេសកកម្មនៅក្រុងសួង ខេត្តកំពង់ចាម រហូតដល់បេសកកម្មត្រូវបានបញ្ចាប់ក្នុងឆ្នាំ ២០០៤។
ឆ្នាំ២០០៥ ក្រុមគ្រួសារបងស្រីបានផ្លាស់ប្តូរមកកាន់ភូមិភាគបាត់ដំបង ហើយចាប់ផ្តើមបេសកកម្មក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅឆ្នាំ២០០៦។ នៅទីនោះក្រុមដូនជី បង្កើតឲ្យមានកម្មវិធីផ្នែកសុខភាព បង្រៀនអក្ខរកម្មសំរាប់ស្រីៗ កម្មវិធីអាហារូបត្ថម្ភ កម្មវិធីអាហារូបករណ៍សម្រាប់សិស្សសាលា និងសួរសុខទុក្ខមន្ទីរឃុំឃាំងនៅស្វាយស៊ីសុផុន។ ក្នុងនោះដែរក្រុមដូនជី ចូលរួមក្នុងសកម្មភាពព្រះសហគមន៍ បណ្តុះបណ្តាលគ្រូបង្រៀនក្នុងព្រះសហគមន៍ អប់រំជំនឿជាដើម។
ក្នុងឆ្នាំ២០១៣លោកអភិបាលអេនរីគេ បានស្នើសុំក្រុមដូនជីទៅបំពេញបេសសកម្មបន្ថែមទៀតនៅខេត្តឧត្តរមានជ័យ។ នៅទីនោះ ក្រុមដូនជីគ្រោងនឹងសាងសង់រោងមួយ សំរាប់កម្មវិធីផ្សេងៗ សកម្មភាពជាមួយកុមារ និងយុវជន បង្កើតសាលាមត្តេយ្យ និងកម្មវិធីជួយដល់គ្រួសារក្រីក្រ និងគ្រួសារមានបញ្ហា ផ្ទះស្នាក់នៅសម្រាប់ក្រុមគ្រួសាររបស់ដូនជី ផ្ទះស្នាក់នៅសម្រាប់សិស្សស្រីដែលក្រីក្រកម្រិតមធ្យមសិក្សា និងកម្មវិធីសុខភាព ។ល៕
ដោយសេង មួយ