កម្មវិធីស្វែងរកអ្នកមានទេពកោសល្យតន្ត្រីកាតូលិកបានវិលត្រឡប់មកវិញនៅឥណ្ឌា
កម្មវិធីការពិតតន្ត្រីដ៏ពេញនិយម ដែលគេស្គាល់ថា ជាកម្មវិធីស្វែងរកអ្នកមានទេពកោសល្យខាងតន្រ្តីកាតូលិកនៅឥណ្ឌា បានវិលត្រឡប់មកវិញសម្រាប់រដូវកាលទីពីររបស់ខ្លួន ដែលជាផ្នែកមួយនៃការប្រារព្ធពិធីអបអរសាទរខួប នៃព្រះសហគមន៍កាតូលិកភូមិភាគអ៊ីនឌ័ ( Indore) នៅកណ្តាលប្រទេសឥណ្ឌា ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ការប្រកួតប្រជែងទេពកោសល្យនៅក្នុងចំណោមគ្រីស្តបរិស័ទនៅឥណ្ឌា។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ស្ថានីយទូរទស្ស អាម៉ាដាសាន ( Atmadarshan TV) ដែលជាស្ថានីយទូរទស្សន៍កាតូលិកឈានមុខគេដែលមានមូលដ្ឋាននៅ ទីក្រុងអ៊ីនឌ័រ រដ្ឋ ម៉ាឌីយ៉ា ប្រាដេស ( Madhya Pradesh)។ កម្មវិធីនេះបានលេចចេញជាវេទិកាលេចធ្លោមួយនៅក្នុងប្រទេសឥណ្ឌាសម្រាប់តន្ត្រីសាសនា និងការបំផុសគំនិតចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងដោយជោគជ័យនៅឆ្នាំ ២០២២។
កម្មវិធីនេះមានការចាប់អារម្មណ៍ច្រើន ប៉ុន្តែគេបានសម្រិតសម្រាងបានបេក្ខជនចំនួន ៤០ រូប មកជ្រើសរើសសម្រាំងរកអ្នកមានទេពកោសល្យពិតប្រាកដ។
អ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រតំណាងឱ្យភាពចម្រុះដ៏សម្បូរបែបនៃប្រពៃណីតន្ត្រីគ្រីស្តសាសនានៅភាគខាងជើងប្រទេសឥណ្ឌា។ ការសម្តែងរបស់ពួកគេមានលក្ខណៈពិសេសនៃការលាយបញ្ចូលគ្នានៃរចនាប័ទតន្ត្រីបុរាណ ប្រជាប្រិយ សហសម័យ និងឥណ្ឌូ-លោកខាងលិច ដោយរួមបញ្ចូលគ្នានូវទំនុកតម្កើងប្រពៃណីជាមួយនឹងការរៀបចំទំនើប និងការបកស្រាយប្រកបដោយភាពច្នៃប្រឌិត។
កម្មវិធីប្រកួតរដូវកាលទី ២នេះ ផ្តោតការសង្កត់ធ្ងន់ជាពិសេសលើភាពដើម និងសមត្ថភាពរបស់អ្នកសំដែងក្នុងការតភ្ជាប់អារម្មណ៍ជាមួយទស្សនិកជនតាមរយៈតន្ត្រី៕