កម្ពុជា-ឡាវ ចុះMoUចំនួនបី និងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត
កម្ពុជា-ឡាវ បានចុះអនុស្សារណៈយោគយល់គ្នាចំនួនន៣ចំនុច និងបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនទៀតផងដែរ។
ការឯកភាពនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួបនេះ សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូឡាវដែលបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា សម្រាប់រយៈពេលពីរថ្ងៃ, ថ្ងៃទី៤-៥ ខែធ្នូ, ព្រមទាំងបានអបអរសាទរចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។
សម្ដេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា ៖ «តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងត្រូវបានពូនជ្រុំ ឱ្យកាន់តែរឹងមាំថែមទៀត»។
ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា និងឡាវ ក៏បានធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើ៖ (១) កិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ, (២) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និង (៣) អនុស្សរណៈនៃការយោគយល់គ្នាស្ដីពី កិច្ចហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ។
ជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោក និងគណៈប្រតិភូ។ ការណ៍នេះបានបង្ហាញពីមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាងប្រទេស និងប្រជាជនទាំងពីរ។
នាយករដ្ឋមន្ត្រីឡាវក៏បានអបអរសាទរ និងកោតសរសើរកម្ពុជា ដែលរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ជាមួយនឹងការសម្រេចបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាល្អប្រសើរ និងបោះជំហានទៅមុខប្រកបដោយភាពស្វាហាប់ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី។ ទាំងនេះពិតជាបានរួមចំណែកដល់ការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង។
ប្រមុខរដ្ឋាភិបាលទាំងពីរបានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងជាប្រពៃណី ជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងប្រទេសទាំងពីរ។
ប្រមុខទាំងពីរក៏បានលើកទឹកចិត្តឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរឹងមាំ និងជិតស្និទថែមទៀត និងគាំទ្រឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងគណៈប្រតិភូនៅគ្រប់កម្រិត រួមទាំងយុវជន និងយុវជនផងដែរ។
ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ វិស័យនយោបាយ និងការទូត, សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, ការពារជាតិ និងសន្តិសុខ, ថាមពល, ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, អប់រំ, ទេសចរណ៍, វប្បធម៌ និងសិល្ប: ព្រមទាំងកិច្ចសហការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ៕