កម្ពុជា ចាប់ផ្ដើមដំណើរការ ប្រឡងបាក់ឌុប

ព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានចាប់ផ្ដើមទូទាំងប្រទេសហើយ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦ ៧២០ នាក់។
ពិធីបើកប្រធានវិញ្ញាសាជានិមិត្តរូប នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ ក្រោមវត្ថមានដ៏ខ្ពង់ខ្ពស់ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ប៉ា សុជាតិវង្ស ប្រធានគណកម្មការទី៧ នៃរដ្ឋសភា លោក ឃាង សេង ជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោក ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ដំណើរការប្រឡងបាក់ឌុប មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ដោយឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព សណ្ដាប់ធ្នាប់ និងលទ្ធផលទទួលយកបាន ពោលគឺ «អ្នកចេះ គឺជាប់»។
លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិ នៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេស មិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ឬសំណៅឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។
លោកឧបនាយករដ្ឋមន្រ្ដី បន្ដថា បេក្ខជនទាំងអស់ មិនត្រូវប្រព្រឹត្តសកម្មភាពផ្ទុយពីបទប្បញ្ញត្តិនានា នៃការប្រឡងឡើយ។ លោកឧបនាយករដ្ឋមន្រ្ដី ក៏បានផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ ខិតខំរក្សាសុខភាពឱ្យបានល្អ ដោយត្រូវទទួលទាន និងគេងឱ្យបានគ្រប់គ្រាន់ ជាពិសេសទទួលទានអាហារពេលព្រឹកឱ្យបានទៀងទាត់ ដើម្បីក្មួយៗមានភាពក្លាហាន អារម្មណ៍នឹងនរ ប្រកបដោយភាពជឿជាក់ និងប្រុងប្រយ័ត្នក្នុងពេលប្រឡង។
លោកឧបនាយករដ្ឋមន្រ្ដី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា «ជាមួយគ្នានេះ ក្មួយៗត្រូវគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើដំណើរ ទៅ នឹងមក មណ្ឌលប្រឡង»។ លោក ក៏សូមជូនពរក្មួយៗជាបេក្ខជនទាំងអស់ សូមទទួលបានលទ្ធផលល្អ ក្នុងការប្រឡងគ្រប់ៗគ្នា។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់។ បេក្ខជន ត្រូវបានរៀបចំ ចំនួន ២៥ នាក់ ក្នុងមួយបន្ទប់ ទៅតាមមណ្ឌលសំណេរនីមួយៗ តាមរាជធានី ខេត្ត លើកលែងតែបន្ទប់ ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំពិសេស។
មណ្ឌលសំណេរ មានចំនួនសរុប ២៤១ មណ្ឌល ត្រូវជា ៥ ៩២៤ បន្ទប់ ក្នុងនោះ ៖ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៧២ មណ្ឌល ត្រូវជា ១ ៦៥៥ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៦៩ មណ្ឌល ត្រូវជា ៤ ២៦៩ បន្ទប់។ មណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០ មណ្ឌល នៅរាជធានីភ្នំពេញ៕





Daily Program
