កម្ពុជា កំពុងស្ថិតនៅលើមាគ៌ាឆ្ពោះទៅសម្រេចគោលដៅសកល​ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍

កម្ពុជា​ កំពុងស្ថិត​នៅលើ​មាគ៌ា​ឆ្ពោះទៅ​សម្រេច​គោលដៅ​សកល​ ៩៥-៩៥-៩៥ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍។

លោក​វេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​សើ​ស្បែក និង​កាមរោគ នៃ​ក្រសួងសុខាភិបាល​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​ ២៧ ​វិច្ឆិកា​ នេះ​ថា គោលដៅ​សកល ៩៥-៩៥-៩៥ ក្នុងនោះ ​៩៥% នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍ បានដឹង​ពី​ស្ថានភាព​ នៃ​មេរោគ​អេដស៍​របស់ខ្លួន ៩៥% នៃ​អ្នក​ដឹងខ្លួន​ថា​ផ្ទុកមេរោគ​អេដស៍ បានទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ (ART) និង ៩៥% នៃ​អ្នក​កំពុង​ទទួល ART មាន​លទ្ធផល​តេស្ត​បន្ទុក​មេរោគ​អេដស៍​ក្នុង​ឈាម​កម្រិត​ទាប​បំផុត​មិនអាច​រាប់បាន។ ជា​លទ្ធផល ធៀប​នឹង​គោលដៅ ៩៥-៩៥-៩៥ ខាងលើនេះ គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០២៤ កម្ពុជា សម្រេចបាន ៩២% ១០០% និង ៩៨%។

លោក​វេជ្ជបណ្ឌិត បាន​បន្តទៀតថា ​ក្នុង​គោលបំណង​កាត់បន្ថយ​ការឆ្លង​ថ្មី ​នៃ​មេរោគ​អេដស៍ ឱ្យ​កាន់​តែ​មាន​ជម្រើស និង​ផ្តល់​ជម្រើស​នានា​ដល់​ក្រុម​ប្រឈម ក្រសួងសុខាភិបាល​បាន​អនុវត្ត​ការ​ផ្តល់​សេវា​ប្រើ​ថ្នាំ​បង្ការ មុនពេល​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍ ​(​សេវា PrEP ឬ ប្រឹព​) ចំនួន ៥២ កន្លែង ដោយ​អនុវត្ត​នៅតាម​មូលដ្ឋាន​សុខាភិបាល​ចំនួន ៣៤ ទីតាំង និង នៅតាម​មណ្ឌល​សំចត​របស់​អង្គការ​តាម​សហគមន៍ ១៨ ទីតាំង នៅក្នុង​រាជធានី-ខេត្ត​ចំនួន ១៦។

លោក​វេជ្ជបណ្ឌិត ​បាន​លើក​របាយការណ៍​មក​បញ្ជាក់​បន្ថែមថា គិត​ត្រឹម​ត្រីមាស​ទី ៣ ឆ្នាំ ២០២៥ មាន​អតិថិជន​ទទួល​ឱសថ​ប្រឹព​ចំនួន ៤៣ ៧៩០ នាក់ ក្នុងនោះ ៦៩% ជា​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស​, ១៣% ជា​ក្រុម​អ្នក​បំប្លែង​ភេទ​, ១៥% ជា​ក្រុម​ស្ត្រី​បម្រើការ​នៅ​សេវា​កម្សាន្ត និង ៣% ជា​ដៃគូ​ក្រុម​ប្រឈម និង​ដៃគូ​របស់​អ្នក​ផ្ទុកមេរោគ​អេដស៍។

លោក​វេជ្ជបណ្ឌិត​ បាន​ពន្យល់​ថា ​សេវា PrEP ឬ ប្រឹព​នេះ​មាន​ ៣ ​មុខ​ រួមមាន ​ប្រឹព​ប្រភេទ​ថ្នាំលេប ប្រឹព​ប្រភេទ​ចាក់​ក្នុង​មួយ​ម្ជុល​ប្រើ​បាន ​២​ ខែ​ និង​ប្រឹព​ប្រភេទ​ដាក់​កង​សម្រាប់​ស្ត្រី។

លោក​វេជ្ជបណ្ឌិត ​បាន​រំលឹកថា​ ក្រោយពី​បាន​រកឃើញ​ករណី​មេរោគ​អេដស៍​លើកដំបូង​នៅ​ឆ្នាំ ​១៩៩១ អត្រា​ឆ្លង​បាន​រីក​រាលដាល​យ៉ាងខ្លាំង​ស្របពេល​ដែលមាន​ការកើនឡើង​នូវ​ឧស្សាហកម្ម​ផ្លូវ​ភេទ ចន្លោះ​ពី​ឆ្នាំ ​១៩៩៥ ទៅ​ឆ្នាំ​ ១៩៩៨ អត្រា​ប្រេ​វ៉ាឡង់​ នៃ​ជំងឺអេដស៍​បាន​កើនឡើង ២​ ដង គឺ​ពី ០,៦ % នៅ​ឆ្នាំ​ ១៩៩៥ ទៅ ១,២% នៅ​ឆ្នាំ ២០០០ ក្នុងចំណោម​មនុស្សពេញវ័យ​អាយុ​ចន្លោះ​ពី ១៥ ទៅ ៤៩​ ឆ្នាំ។

លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ថា​ ប៉ុន្តែ​ដោយមាន​ការចូលរួម និង​គាំទ្រ​យ៉ាង​ពេញទំហឹង និង​ទាន់​ពេលវេលា​ពី​ថ្នាក់ដឹកនាំ​កំពូល ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ និង​ការចូលរួម​អនុវត្ត​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការ​រីក​រាលដាល​មេរោគ​អេដស៍​ដ៏​មាន​ប្រសិទ្ធភាព ប្រទេស​កម្ពុជា​បានទទួល​ជោគជ័យ​ដែល​ធ្វើឱ្យ​អត្រា​ប្រេ​វ៉ាឡង់​បាន​ថយចុះ​ពី ១,២% នៅ​ឆ្នាំ​ ២០០០ មក ០,៥% នៅ​ឆ្នាំ ២០២៤ ដែល​បានធ្វើការ​ប៉ាន់ប្រមាណ ​នៃ​ករណី​អ្នក​ផ្ទុកមេរោគ​អេដស៍​មាន​ប្រមាណ ៧៦.០០០ នាក់ ករណី​ឆ្លង​ថ្មី​ នៃ​មេរោគ​អេដស៍​មាន​ចំនួន ១.២០០ នាក់​។ ៨៦% នៃ​ករណី​ឆ្លង​ថ្មី ​នៃ​មេរោគ​អេដស៍ គឺជា​ក្រុម​គោលដៅ​ប្រឈមមុខ​ខ្ពស់ និង​ដៃគូ ក្នុងនោះ​ ៤៥% គឺជា​ក្រុម​យុវវ័យ​មាន​អាយុ​ចាប់ពី ១៥-២៤ ឆ្នាំ។ ចំណែកឯ អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​មាន​ចំនួន ៧៦.០០០ នាក់ ក្នុង​ឆ្នាំ ២០២៤៕

 

Daily Program

Livesteam thumbnail