កម្ពុជា និងអាម៉េរិក ប្ដេជ្ញារួមគ្នាសម្រាប់កិច្ចសហប្រតិបត្តិការប្រឆាំងស្កេមអនឡាញ
ជំនួបរវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ និងលោកស្រី Aleks Zittle ភារធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្នុងរាជធានីភ្នំពេញ ភាគីទាំងពីរ បានបញ្ជាក់អំពីការប្ដេជ្ញាចិត្តបន្តរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ការប្ដេជ្ញាចិត្តនេះ គឺផ្ដោតលើការបន្ដពង្រឹងកិច្ចសហប្រតិបត្តការល្អរវាងមន្ត្រីអនុវត្តច្បាប់របស់ប្រទេសទាំងពីរ ក៏ដូចជាការបន្តនូវកិច្ចសន្ទនា និងការចែករំលែកព័ត៌មានគ្នាទៅវិញទៅមក សំដៅលើកកម្ពស់ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយភ្ជាប់ជាមួយការប្រឆាំងនឹងការសម្អាតប្រាក់ ក៏ដូចជាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
លោក កើត រិទ្ធ និងលោកស្រី Aleks Zittle សុទ្ធតែបានបង្ហាញនូវការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងស្ថានទូតសហរដ្ឋអាម៉េរិក ដែលបានសម្រេចកន្លងមក។
លោកស្រីភារធារីបានអរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ពិសេសកិច្ចសហប្រតិបត្តិការល្អរវាងមន្ត្រីអនុវត្តច្បាប់ប្រទេសទាំងពីរទៅលើការងារប្រឆាំងហិរញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
នៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ កើត រិទ្ធ ក៏មិនភ្លេចបញ្ជាក់ទៅកាន់លោកស្រី Aleks Zittle ពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) អស់ឱ្យពីប្រទេសផងដែរ៕
