កម្ពុជា​ទិញទូរថភ្លើងដឹកទំនិញចំនួន៦០គ្រឿងបន្ថែមពីប្រទេសចិន ដើម្បីធ្វើវឌ្ឍនភាពលើសេវាកម្មដឹកជញ្ជូន​

ទូដឹកទំនិញថ្មីចំនួន ៦០ គ្រឿង ត្រូវបាន​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railway PLC) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប ទិញបន្ថែមពីប្រទេសចិន ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញអោយកាន់តែល្អជាងមុន។

ទូរថភ្លើងទាំងនេះបានដឹក​មកដល់កម្ពុជា​នៅយប់ថ្ងៃ​ទី១ ខែធ្នូ​ និងបានលើកចុះពីនាវាបានដោយជោគជ័យនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ។ នេះបើយោងតាម​សេចក្តីប្រកាសព័ត៌មានរបស់​ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ។

សេចក្តីប្រកាសបាន​បន្តថា នេះជាបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។

ប្រភពដដែល​បានបន្តថា ៖ «រថភ្លើងដឹកទំនិញដែលនាំចូលមកនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ដើម្បីធ្វើទំនើបកម្ម និងកែលម្អបន្ថែមគុណភាពសេវាកម្មរបស់ក្រុមហ៊ុនផ្ទាល់»។

រថភ្លើងដឹកទំនិញទាំងនេះ មានប្រភពមកពីក្រុមហ៊ុនផលិតរថភ្លើងដ៏ល្បីឈ្មោះមួយនៃប្រទេសចិន ត្រូវបានរចនាឡើងដើម្បីគ្រប់គ្រងទំនិញជាច្រើនប្រភេទ ធានាជូនបាននូវភាពបត់បែន​តាមប្រភេ​ទទំ​និញ​គ្រប់ប្រភេទ និងប្រសិទ្ធភាពប្រតិបត្តិការកាន់តែប្រសើរឡើង។

ការនាំចូលបន្ថែមនៃទូរថភ្លើងដឹកទំនិញថ្មីនេះនឹងជួយជំរុញបន្ថែមនូវសមត្ថភាពសេវាកម្មរបស់ រ៉ូយ៉ាល់រេលវេ ក្នុងការបំពេញតម្រូវការសេវាកម្មផ្នែកដឹកជញ្ជូនដែលកំពុងកើនឡើង ក៏ដូចជាសម្រួលដល់ការដឹកជញ្ជូនទំនិញកាន់តែរលូន និងមានប្រសិទ្ធភាពសម្រាប់អាជីវកម្មទូទាំងប្រទេស។

មុននឹងដាក់ឱ្យដំណើរការសេវកម្ម ទូរថភ្លើងដឹកទំនិញទាំងនេះនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ យ៉ា​ងជាក់លាក់ទៅលើប្រព័ន្ធហ្រ្វាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗដើម្បីធានូជូននូវសុវត្ថិភាព និងប្រសិទ្ធភាពសេវាកម្មជូនដល់អតិថិជន។

លោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ បានមានប្រសាសន៍ថា៖ «នេះគឺជាឱកាសដ៏ពិសេសមួយដែលក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ នឹងពង្រីកសេវាកម្មដឹកជញ្ជូនរបស់យើង ដើម្បីផ្តល់នូវប្រសិទ្ធភាពនៃសេវាកម្មកាន់តែខ្ពស់ និងល្អប្រសើរជូនដល់អតិថិជន»។

លោកបានបន្តថា ការនាំចូលបន្ថែមទូរថភ្លើងដឹកទំនិញទាំង ៦០​ គ្រឿងនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងក្នុងការផ្តល់នូវសេវាកម្មដឹកជញ្ជូនទំនិញដែលមានគុណភាពខ្ពស់ និងពង្រឹងតួនាទីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។

លោកបញ្ជាក់ថា ៖ «ទូរថភ្លើងដឹកទំនិញទាំងនេះមិនត្រឹមតែបង្កើនសមត្ថភាពប៉ុណ្ណោះទេ ថែមទាំងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការដឹកជញ្ជូនរបស់យើងផងដែរ»។

សូមបញ្ជាក់ផងដែរថាការមកដល់នៃទូរថភ្លើងដឹកទំនិញទាំង៦០ គ្រឿងនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះនៃការអភិវឌ្ឍបន្ថែមតាមចក្ខុវ័ស័យរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ។ ទូរថភ្លើងដឹកទំនិញទាំងនេះ គឺជាភ្នែកទីមួយនៃការបញ្ជាទិញសរុប ចំនួន ២២១ គ្រឿង។ ការមកដល់នៃផ្នែកទីពីរដែលមានចំនួន ៣៥ គ្រឿងរំពឹងថានឹងមកដល់ក្នុងសប្តាហ៍ទី២-៣ ខែធ្នូ ឆ្នាំ ២០២៤ បន្ទាប់មកការដឹកជញ្ជូន ៤៥ គ្រឿងទៀតដែលគ្រោងនឹងដាក់ក្នុងខែមករា ឆ្នាំ ២០២៥ និងបន្តមកដល់ជាបន្តបន្ទាប់ទៀតនៅប៉ុន្មានខែបន្ទាប់។

សូមបញ្ជាក់ដែរថា ការបញ្ជាទិញនេះក៏ជាផ្នែកមួយនៃផែនការវិនិយោគរបស់ អ្នកឧកញ៉ា គិត ម៉េង ដែ​លបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់កម្ពុជា។ ជាមួ​យនឹងការពង្រីកយុទ្ធសាស្ត្រនេះ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវា មានគោលបំណងពង្រឹងសមត្ថភាព និងប្រសិ​ទ្ធ​ភាពបន្ថែមទៀត ដោយពង្រឹងជំហររបស់ខ្លួនជាដែលផ្នែកមួយដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូនរបស់ប្រ​ទេ​​សកម្ពុជា៕

Daily Program

Livesteam thumbnail