កម្ពុជាអំពាវនាវឲ្យមានការគោរពពេញលេញចំពោះធម្មនុញ្ញសហប្រជាជាតិ និងថ្កោលទោសការទន្ទ្រានកាន់កាប់ទឹកដីរបស់ខ្លួនដោយខុសច្បាប់
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងបានអំពាវនាវឲ្យមានការគោរពពេញលេញចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ចំពេលដែលមានការបន្តទន្ទ្រានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។
នៅក្នុងថ្លែងការណ៍ក្នុងកិច្ចពិភាក្សាដេញដោលបើកចំហកម្រិតខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៦ ខែឧសភា លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា គោលការណ៍នានាដែលបានចែងក្នុងធម្មនុញ្ញសហប្រជាជាតិ រួមមាន សមភាពអធិបតេយ្យ បូរណភាពទឹកដី ការដោះស្រាយវិវាទដោយសន្តិវិធី និងការមិនប្រើប្រាស់កម្លាំងយោធា ត្រូវតែបន្តធ្វើជាគ្រឹះស្ថាននៃសណ្តាប់ធ្នាប់អន្តរជាតិ។
«ធម្មនុញ្ញសហប្រជាជាតិត្រូវតែបន្តដើរតួជាលក្ខន្តិកៈគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ និងជាក្របខ័ណ្ឌមិនអាចខ្វះបានសម្រាប់ការរស់នៅជាមួយគ្នាដោយសន្តិវិធី កិច្ចសហប្រតិបត្តិការ និងការបង្ការជម្លោះ»។ ឯកឧត្តមបានមានប្រសាសន៍។
លោកឧបនាយករដ្ឋមន្ត្រី បានព្រមានថា គោលការណ៍ទាំងនេះកំពុងរងសម្ពាធកាន់តែខ្លាំងឡើង ដោយសារតែជម្លោះប្រដាប់អាវុធ ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះនៃទំនុកចិត្តរវាងប្រជាជាតិ និងប្រជាជាតិ។
ដោយដកស្រង់ចេញពីបទពិសោធន៍ប្រវត្តិសាស្ត្រផ្ទាល់ខ្លួនរបស់កម្ពុជា លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា ជម្លោះនានាត្រូវតែដោះស្រាយជាដាច់ខាតតាមរយៈការសន្ទនា វិស័យការទូត ការគោរពគ្នាទៅវិញទៅមក និងការអនុវត្តតាមច្បាប់អន្តរជាតិ។
លោកបានរំឮកអំពីតួនាទីដ៏សំខាន់របស់អាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់ - UNTAC) ក្នុងការគាំទ្រដល់ដំណើរការសន្តិភាព ការបង្រួបបង្រួមជាតិ និងការស្តារឡើងវិញរបស់កម្ពុជានៅដើមទសវត្សរ៍ឆ្នាំ១៩៩០។
ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការដឹងគុណរបស់កម្ពុជាចំពោះសហគមន៍អន្តរជាតិ ដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឈប់បាញ់ និងការដោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញសហប្រជាជាតិ។
លោកបានសង្កត់ធ្ងន់ថា ព្រំដែន និងអធិបតេយ្យភាព «មិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងបាយ ឬតាមរយៈការបង្ខំឲ្យទទួលស្គាល់ការពិតដែលបានកើតឡើងរួចហើយ (Fait accompli) នោះឡើយ»។
ទោះបីជាបទឈប់បាញ់នៅតែបន្តរក្សាបានក៏ដោយ លោក ប្រាក់ សុខុន បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពជាក់ស្តែងនៅលើដី នៅក្នុងតំបន់ដែល «ស្ថិតយ៉ាងជ្រៅក្នុងទឹកដីកម្ពុជា» ដែលកំពុងបន្តស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់។
លោកបានអំពាវនាវឲ្យមានការអនុវត្តពេញលេញ មានប្រសិទ្ធភាព និងជាបន្ទាន់ នូវរាល់កិច្ចព្រមព្រៀងទាំងឡាយដែលសម្រេចបានរវាងកម្ពុជា និងថៃ ជាពិសេសសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការគោរពច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ការសន្ទនា ភាពស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក គឺជារឿងសំខាន់មិនអាចខ្វះបាន ដើម្បីស្តារទំនុកចិត្តឡើងវិញ ការពារសន្តិភាពឲ្យបានយូរអង្វែង និងអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលផ្លាស់ទីលំនៅអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាព និងមានសេចក្តីថ្លៃថ្នូរ។
លោកក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដោយសន្តិវិធី ក្នុងគោលបំណងថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។
រហូតមកដល់ពេលនេះ កម្ពុជាបានអនុវត្ត និងគោរពតាមសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំវិសាមញ្ញលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយស្មារតីទទួលខុសត្រូវ និងភក្តីភាពខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ ភាគីថៃបានបន្តរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈសកម្មភាពដដែលៗ រួមមាន ការរៀបចំរបងលួសបន្លា ការដាក់កុងតឺន័រ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋនៅក្នុងតំបន់ដែលកំពុងកាន់កាប់ដោយខុសច្បាប់ទាំងនោះ។