កម្ពុជាសម្តែងការព្រួយបារម្ភចំពោះការរើសអើង និងហិង្សាលើពលករចំណាកស្រុកខ្មែរនៅថៃ ក្នុងកិច្ចប្រជុំ UN
នៅក្នុងសម័យប្រជុំលើកទី៦២ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ លោក កែ សុវណ្ណ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានលើកឡើងថា ពលករចំណាកស្រុកកម្ពុជាកំពុងប្រឈមនឹងការស្អប់ខ្ពើម ការរើសអើង និងអំពើហិង្សានៅប្រទេសថៃ។
ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលលោកចូលរួមបទអន្តរាគមន៍ក្នុង «កិច្ចសន្ទនាអន្តរកម្មជាមួយអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សរបស់ពលករទេសន្តរប្រវេសន៍» ក្រោមរបៀបវារៈទី៣។ ក្នុងនោះ លោកឯកអគ្គរាជទូត បានបញ្ជាក់ពីការគាំទ្ររបស់កម្ពុជា ចំពោះការអំពាវនាវឱ្យបណ្តារដ្ឋនានាគោរពកាតព្វកិច្ចសិទ្ធិមនុស្ស និងទប់ស្កាត់ការរំលោភបំពាននានាលើពលករចំណាកស្រុក។
លោក កែ សុវណ្ណ បានគូសបញ្ជាក់ជាពិសេសអំពីស្ថានភាពនាពេលថ្មីៗនេះ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយមានសេចក្តីរាយការណ៍ថា ពលករខ្មែរបានរងគ្រោះដោយសារវោហាសាស្ត្រស្អប់ខ្ពើមជនបរទេស ការប្រកាន់ពូជសាសន៍ និងអំពើហិង្សា ក្នុងបរិបទនៃភាពតានតឹងរវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ តំណាងកម្ពុជាបានសង្កត់ធ្ងន់ថា ពលករទេសន្តរប្រវេសក៍មិនត្រូវក្លាយជាផ្ទាំងស៊ីបនៃការរើសអើងសញ្ជាតិ ឬជាចំណាប់ខ្មាំងនៃជម្លោះនយោបាយរវាងរដ្ឋនិងរដ្ឋឡើយ។ លោកបានអំពាវនាវដល់ប្រទេសទទួល (ថៃ) ឱ្យចាត់វិធានការជាបន្ទាន់ដើម្បីការពារពលករទាំងនោះ ស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។