កម្ពុជារងឥទ្ធិពលព្យុះ កូតូ ក្នុងកម្រិត៣០%
ព្រះរាជាណាចក្រកម្ពុជា កម្ពុជានឹងទទួលរងឥទ្ធិពលពីទី២៧ ឈ្មោះ កូតូ (Koto) T2527 ដែលនឹងធ្វើឲ្យនៅតាមបណ្ដាខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់។ តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី២៦វិច្ឆិកានេះ កម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ នឹងទទួលរងឥទ្ធិពលកម្រិត ៣០% នៅចន្លោះពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០វិច្ឆិកា។
តាមការប្រកាសដដែល ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។
តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។
តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ បរិមាណទឹកភ្លៀងនឹងអាចកើនឡើងក្នុងកម្រិតមធ្យម និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ រលកសមុទ្របោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។
យោងលើការព្យាករ ក្រសួងធនធានទឹក អំពាវនាវឲ្យសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ អ្នកដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ពិសេសអ្នកនេសាទតាមសមុទ្រ៕