កម្ពុជាប្រកាសដកខ្លួន ៨ប្រភេទកីឡាក្នុងចំណោម២១ប្រភេទកីឡា ក្នុងស៊ីហ្គេម ២០២៥ នៅថៃ

គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសជូនដំណឹងស្តីពីការដកចេញមិនចូលរួមប្រកួត៨ប្រភេទកីឡា ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងលិខិតផ្លូវការមួយ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ផ្ញើជូន Dato' Seri Chaiyapak Siriwat នាយកប្រតិបត្តិ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ពីការជូនដំណឹងអំពីការដកខ្លួនចេញប្រភេទកីឡាចំនួន៨របស់កម្ពុជា ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ពីថ្ងៃទី០៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) ដែលបានបន្តដឹកនាំរបស់ខ្លួន និងគណៈកម្មាធិការរៀបចំស៊ីហ្គេមរបស់ប្រទេសថៃ (THASOC) ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងមុតមាំក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម។ NOCC ជូនដំណឹងជាផ្លូវការដល់ SEAGF ថា កម្ពុជានឹងចូលរួមប្រកួតតែលើ១៣ប្រភេទកីឡា ដោយសម្រេចដកខ្លួនចេញពីការប្រកួតចំនួន ៨ប្រភេទកីឡា។ 

ការកែតម្រូវនេះត្រូវបានធ្វើឡើងដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពសំខាន់ៗ ដែលបង្កបញ្ហាប្រឈមក្នុងការធានាសុវត្ថិភាព និងការការពារអត្តពលិក និងមន្ត្រីរបស់យើង។ ទោះបីជាមានការកាត់បន្ថយចាំបាច់នេះក៏ដោយ ក៏កម្ពុជានៅតែប្តេជ្ញារក្សាការចូលរួមរបស់ខ្លួននៅក្នុងកីឡា ដែលលក្ខខណ្ឌអនុញ្ញាតឱ្យមានការចូលរួមប្រកបដោយសុវត្ថិភាព។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយល់ដឹង និងកិច្ចសហប្រតិបត្តិការរបស់ SEAGF និងTHASOC។ ជាចុងក្រោយ យើងសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះទាំង SEAGF និង THASOC សម្រាប់ការរៀបចំដែលកំពុងដំណើរការ ហើយយើងបង្ហាញពីទំនុកចិត្តទាំងស្រុងរបស់យើងចំពោះអង្គការជោគជ័យសម្រាប់ស៊ីហ្គេម ២០២៥។

NOCC បានគូសបញ្ជាក់ថា ដោយសារការគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ថ្នាក់ដឹកនាំគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ពិសេសទទួលបានអនុសសាន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាលបានសម្រេចជាចុងក្រោយកាត់បន្ថយហានិភ័យជាអតិប្បរមា ដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡា ដែលប្រកួតនៅសុងក្លា តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត។ បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង១៣ប្រភេទកីឡាតែប៉ុណ្ណោះ។ នេះជាស្មារតីបុរេសកម្ម និងការសម្រេចចិត្តដ៏លំបាករបស់ថ្នាក់ដឹកនាំ ដើម្បីធានាឱ្យមានការចូលរួមផង និងធានាសុវត្ថិភាពខ្ពង់ដល់ប្រតិភូកីឡាកម្ពុជាផង។ សង្ឃឹមថា បងប្អូនជនរួមជាតិយោគយល់ អធ្យាស្រ័យខ្ពង់ចំពោះការសម្រេចចិត្តដ៏លំបាកនេះ។ 

Daily Program

Livesteam thumbnail