កម្ពុជាបង្ក្រាបបទល្មើស( Online Scams) បាន១៨ករណីឃាត់មនុស្សជាង២ពាន់៤រយនាក់ ក្នុងរយៈពេល៦ខែ

រយៈពេល៦ខែ ឆមាសទី១ឆ្នាំ២០២៥នេះ សមត្ថកិច្ចពាក់ព័ន្ធបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន ១៨លើក នៅរាជធានី-ខេត្តចំនួន១០ ដោយឃាត់ខ្លួនមនុស្ស ២.៤១៨នាក់។
របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា ក្នុងនោះកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៧៣នាក់ និងបណ្ដេញចេញ ២.៣២២នាក់ ដែលមានអ្នកប្រព្រឹត្តិបទស្មើសជាជនជាតិខ្មែរ ,ចិន ,ថៃ ,មីយ៉ាន់ម៉ា ,វៀតណាម , ឡាវ, ឥណ្ឌា ,ប៉ាឡេស្ទីន , ឥណ្ឌូនេស៊ី និងម៉ាឡេស៊ីជាដើម។
ដោយឡែក ចំពោះកិច្ចការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម សមត្ថកិច្ច បានដំណើរការស៊ើបអង្កេតបទល្មើសសម្អាតប្រាក់ចំនួន ៦៦ករណី និងបានបញ្ជូន សំណុំរឿងទៅអយ្យការសាលាដំបូងរាជធានី-ខេត្ត ដោយស្នើសុំចោទប្រកាន់ពីបទល្មើសសម្អាតប្រាក់សរុប ចំនួន ៣១ករណី លើជនសង្ស័យចំនួន ៩៦នាក់ ក្នុងនោះ ជនជាតិខ្មែរ ២៧នាក់ ចិន ១៧នាក់ ថៃ ០៧នាក់ មីយ៉ាន់ម៉ា ០២នាក់ វៀតណាម ៣៧នាក់ ឡាវ ០២នាក់ ឥណ្ឌា ០២នាក់ ប៉ាឡេស្ទីន ០១នាក់ និងម៉ាឡេស៊ី ០១នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។
លោក ស ថេត អគ្គស្នងការនគរបាលជាតិ ក៏បានបន្តដាក់បញ្ជាទៅដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវចេញប្រតិបត្តិការបង្រ្កាបបទល្មើសបច្ចេកវិទ្យា (Online Scams) ជាបន្ទាន់មិនត្រូវឲ្យកើតមានភាពថ្លោះធ្លោយជាដាច់ខាត ជាពិសេសត្រូវបង្កើតកម្លាំងជំនាញស្ដង់ដារ SOP ដើម្បីចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេះ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត ស្របតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់បទបញ្ជាស្តីពីយុទ្ធនាការបោសសម្អាតបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស៕
Daily Program
