កម្ពុជាត្រៀមរៀបចំ«ទិវាមនុស្សចាស់»ដើម្បីអរគុណបង្កើតធនធានសម្រាប់មនុស្សជំនាន់ក្រោយ
ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ លើកទី២៦ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១ ខែតុលា ក្រោមប្រធានបទ «មនុស្សចាស់ក្នុងបរិវត្តកម្មឌីជីថល»។ ទិវានេះបង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សវ័យចាស់ បុព្វការីជន ដែលបានបង្កើតធនធានមានប្រយោជន៍ ព្រមទាំងផ្តល់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធយ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។
ទិវាមនុស្សចាស់កម្ពុជា ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ត្រូវបានរៀបចំស្របតាមគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់២០១៧-២០៣០ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ទិវានេះរៀបចំឡើងក្នុងគោលបំណងយកចិត្តទុកដាក់មនុស្សវ័យចាស់កម្ពុជា ក៏ដូចជាលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ ដោយការរៀបចំទិវាមនុស្សចាស់នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ រួមជាមួយទិវាមនុស្សចាស់អន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ជាទិវាបុណ្យរំលឹកដល់គុណូបការៈរបស់មនុស្សវ័យចាស់កម្ពុជា បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ អ៊ំ ពូ មីង ដែលបានកសាងនិង បន្សល់ទុកនូវកេរមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។ ដើម្បីរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ឱ្យបានទូលំទូលាយនិងផ្សព្វផ្សាយឱ្យប្រជាជនគ្រប់វ័យបានយល់ដឹងកាន់តែច្បាស់អំពីអត្ថន័យនៃទិវានេះ រដ្ឋាភិបាលណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ចូលរួមផ្សព្វផ្សាយ និងរៀបចំបដាពាក្យស្លោកនៅតាមអង្គភាព និងទីសាធារណៈ៕