កម្ពុជាដាក់ឱ្យដំណើរការយុទ្ធនាការជាតិដើម្បីលើកកម្ពស់ការគាំពារ និងអភិវឌ្ឍន៍កុមារតូច និងការអប់រំកម្រិតមូលដ្ឋាន

ខណៈដែលកម្ពុជាត្រៀមបើកថ្នាក់រៀនសម្រាប់ឆ្នាំ សិក្សា ២០២៥-២០២៦ នៅខែវិច្ឆិកាខាងមុខនេះ។ ក្រសួងអប់រំ យុវជន និងកីឡា គាំទ្រដោយយូនីសេហ្វ កំពុង ធ្វើយុទ្ធនាការទូទាំងប្រទេសដើម្បីដោះស្រាយបញ្ហាអត្រាបោះបង់ការសិក្សាដែលនៅតែខ្ពស់នៅឡើយ និងធានាថា កុមារគ្រប់រូបចាប់ពីវ័យកុមារតូច រហូតដល់វ័យជំទង់ទទួលបានការអប់រំប្រកបដោយបរិយាប័ន្ន និងគុណភាព។
ប្រទេសកម្ពុជា បានសម្រេចនូវវឌ្ឍនភាពក្នុងវិស័យអប់រំគួរឱ្យកត់សម្គាល់កំឡុងពេលប៉ុន្មានឆ្នាំកន្លងមក។ កុមារបានចុះឈ្មោះចូលរៀនកំពុងមានការកើនឡើងជាបន្តបន្ទាប់ ហើយកំពុងរស់រានមានជីវិតនៅក្នុងឆ្នាំដំបូងនៃជីវិតរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ កុមារ និងក្មេងជំទង់ជាច្រើននៅតែមិនបានចូលរៀន។
លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា "ការធ្វើឲ្យប្រសើរឡើងនូវលទ្ធផលសិក្សា និងការកាត់បន្ថយការបោះបង់ការសិក្សារបស់កុមារនៅតែជាអាទិភាពចម្បងនៃផែនការយុទ្ធសាស្រ្តវិស័យអប់រំរបស់យើង។ ខណៈពេលដែលកម្ពុជា បានពង្រីកលទ្ធភាពនៃការទទួលបានសេវាអប់រំគ្រប់កម្រិតមានការរីកចម្រើនគួរឱ្យកត់សម្គាល់ មិនត្រឹមតែប៉ុណ្ណោះយើងត្រូវធានាថា កុមារគ្រប់រូបមិន ត្រឹមតែបានចូលសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែពួកគេត្រូវបញ្ចប់ការសិក្សាដោយមានជំនាញចាំបាច់សម្រាប់ជីវិត និងការងារ ផងដែរ។ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយយូនីសេហ្វ និងដៃគូរបស់យើង កំពុងចាប់ផ្តើមយុទ្ធនាការដើម្បីពង្រឹងការគាំពារ និងអភិវឌ្ឍកុមារតូច លើកកម្ពស់ការរៀនសូត្រប្រកបដោយបរិយាប័ន្ន និងដោះស្រាយបញ្ហាប្រឈមនានាដែលនាំអោយកុមារបោះបង់ការសិក្សា។ យើងកំពុងធ្វើការរួមគ្នាដើម្បីកសាងប្រព័ន្ធអប់រំ ដែលមានសមធម៌ មានភាពធន់ និងឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកសិក្សាគ្រប់រូបនៅទូទាំងប្រទេសកម្ពុជា"។
នៅក្នុងឆ្នាំ២០២៣ កម្ពុជាមានកុមារក្នុងវ័យសិក្សាប្រមាណ ៣ លាននាក់ (២ លាននាក់នៅក្នុងបឋមសិក្សា និង ១ លាននាក់នៅអនុវិទ្យាល័យ) ដែលក្នុងនោះមានកុមារនិងក្មេងជំទង់ប្រហែល៣សែននាក់គឺនៅក្រៅសាលា1។ គិតមកដល់ឆ្នាំ ២០២៤ អត្រាបោះបង់ការសិក្សានៅតែខ្ពស់គឺមានកុមារ ១៥.៥ ភាគរយបានបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សា បឋមភូមិ។ លើសពីនេះមានកុមារអាយុពី ៣ ដល់ ៥ឆ្នាំ តែ៤៣ភាគរយប៉ុណ្ណោះ ដែលបានចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យសិក្សា2។ ខណៈពេលដែលក្មេងជំទង់កាន់តែច្រើនកំពុងនៅរៀន មានតែ ៦០ ប៉ុណ្នោះភាគរយ បានបញ្ចប់អនុវិទ្យាល័យ2។ ប៉ុន្តែទិន្នន័យចុងក្រោយរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា កុមារអាយុ ៥ឆ្នាំ ប្រមាណ ៣០% មិនទាន់បានចុះឈ្មោះចូលរៀននៅកម្រិតកុមារតូចបានគ្រប់ៗគ្នានៅឡើយ។
"ការអប់រំប្រកបដោយគុណភាពមិនមែនជាក្តីសុបិន្តទេ វាគឺជាកាតព្វកិច្ច។ អនាគតរបស់កូនចៅរបស់យើងមិនអាចរង់ចាំបានទេ" លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំនៅកម្ពុជាបានថ្លែងនៅក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជា ផ្លូវការនៅខេត្តកំពង់ចាម។ "យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដើម្បីធានាថា កុមារគ្រប់រូបត្រូវបានមើលឃើញ គាំទ្រ និងផ្តល់ឱកាសដោយសើ្មគ្នា។ ទាំងនេះជាមូលហេតុ ដែលយើងគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចាប់ផ្តើមយុទ្ធនាការសាធារណៈចំនួនពីរ រួមគ្នាដោយគោលដៅតែមួយគឺ ធានាបាននូវការអប់រំប្រកបដោយគុណភាពសម្រាប់កុមារគ្រប់រូប ចាប់ពីវ័យកុមារតូចរហូតដល់វ័យជំទង់"។
កុមារមកពីគ្រួសារក្រីក្រ តំបន់ជនបទ សហគមន៍ជនជាតិដើមភាគតិច និងកុមារដែលមានពិការភាពបន្តប្រឈមនឹងឧបសគ្គក្នុងការរៀនសូត្រ និងមានចំនួនតិចតួចក្នុងថ្នាក់រៀន។ កុមារដែលមានពិការភាពទំនងជាមិនបានចូលរៀនរហូតដល់ ទៅពីរដង បើធៀបជាមួយកុមារដទៃដែលមានអាយុប្រហាក់ប្រហែលគ្នា ។
យុទ្ធនាការរួមគ្នានេះមានគោលបំណងលើកកម្ពស់ការយល់ដឹង កៀរគរសហគមន៍ និងពង្រឹងប្រព័ន្ធគាំទ្រដើម្បីរក្សាកុមារឲ្យនៅបន្តសិក្សា និងបង្កើនលទ្ធផលសិក្សា។ យុទ្ធនាការនេះនឹងផ្តោតលើការអប់រំកុមារតូច បរិយាកាសសិក្សាប្រកដោយបរិយាប័ន្ន និងអន្តរាគមន៍តាមតម្រូវការ សម្រាប់កុមារដែលងាយរងគ្រោះបំផុត។ យុទ្ធនាការនេះរួមមានសមាសធាតុសំខាន់ពីរ៖
ឪពុកម្តាយខ្នះខ្នែង កូនឆ្លាត គឺជាយុទ្ធនាការផ្តោតលើ ការគាំពារ និងអភិវឌ្ឍន៍កុមារតូច ដែលគាំទ្រអ្នកថែទាំក្នុងការត្រៀមកុមារចូលរៀន តាមរយៈការតាមដានការលូតលាស់ ការលេង អាហារូបត្ថម្ភ និងការចុះឈ្មោះចូលរៀននៅមត្តេយ្យសិក្សា។
ជម្រើសអ្នក អនាគតអ្នក គឺជាយុទ្ធនាការដើម្បីទប់ស្កាត់ការបោះបង់ការសិក្សារបស់កុមារវ័យជំទង់ លើកទឹកចិត្តពួកគេឱ្យនៅសិក្សា និងស្វែងរកការគាំទ្រដោយឆ្លើយតបទៅនឹងសម្ពាធផ្សេងៗ ដូចជា ការរៀបការវ័យក្មេង ពលកម្មកុមារ និងកង្វះការលើកទឹកចិត្ត។
យុទ្ធនាការនេះនឹងចាប់ផ្តើមនៅក្នុងខេត្តរតនគិរី សៀមរាប និងកំពង់ចាម ដែលជាខេត្តមានអត្រាបោះបង់ការសិក្សាខ្ពស់ និងមានវិសមភាពខ្លាំង។ ដើម្បីគាំទ្រយុទ្ធនាការនេះ យូនីសេហ្វ និងក្រសួងអប់រំ យុវជន និងកីឡា កំពុងផ្តល់ឲ្យនូវឧបករណ៍ដែលងាយស្រួលអនុវត្តទៅដល់គ្រួសារ សាលារៀន សហគមន៍ ដែលរួមមានទាំងវីដេអូ សារជាសំឡេង ឯកសារដែលបានបោះពុម្ព និងសម្ភារៈជាអន្តរកម្មផ្សេងៗ។ សម្ភារៈទាំងនេះមាននៅលើអ៊ីនធឺណិតតាមតំណភ្ជាប់: https://unicef.link/46QraSN
យុទ្ធនាការនេះនឹងត្រូវបានអនុវត្តនៅទូទាំងប្រទេស តាមរយៈបណ្តាញពហុព័ត៌មាន រួមទាំងប្រព័ន្ធបណ្តាញសង្គម វិទ្យុ ទូរទស្សន៍ និងការទៅផ្សព្វផ្សាយដល់សហគមន៍។ ក្រសួងអប់រំ យុវជន និងកីឡា និងយូនីសេហ្វ លើកទឹកចិត្តដល់ដៃគូរអភិវឌ្ឍ រាជដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអង្គភាពពត៌មានទាំងអស់ ឱ្យផ្សព្វផ្សាយ និងអនុវត្តយុទ្ធនាការនេះយ៉ាងសកម្មនៅក្នុងខេត្តរៀងៗខ្លួន ដើម្បីធានាថាកុមារទាំងអស់នៅកម្ពុជា ជាពិសេសកុមារដែលងាយរងគ្រោះបំផុតទទួលបានអត្ថប្រយោជន៍ពីអន្តរាគមន៍ទាំងអស់នេះ៕



Daily Program
