កម្ពុជាដាក់ឱ្យដំណើរការជាផ្លូវការនៃការអនុវត្តជាដំណាក់កាលនៃការប្រើកងមានជាតិថ្នាំដាពីវីរីន (Dapivirine) ដាក់ក្នុងទ្វារមាស ដើម្បីបង្ការការឆ្លងមេរោគអេដស៍

កម្ពុជានៅថ្ងៃទី១០ ខែតុលានេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃការអនុវត្តជាដំណាក់កាលនៃការប្រើកងមានជាតិថ្នាំដាពីវីរីន (Dapivirine) ដាក់ក្នុងទ្វារមាស ដើម្បីបង្ការការឆ្លងមេរោគអេដស៍ ក្នុងចំណោមស្ត្រីប្រឈមខ្ពស់ ក្នុងព្រះរាជាណាចក្រកម្ពុជា (DVR-PrEP)។

ការប្រកាសដាក់ឱ្យសំណើរការជាផ្លូវការនូវសេវាប្រើកង (DVR-PrEP) នេះ គឺជាផ្តល់ជាជម្រើសថ្មីមួយ ប្រកបដោយនវានុវត្តន៍សម្រាប់ក្រុមប្រជាជនប្រឈមមុខ ជាពិសេសស្រ្តីដែលប្រឈម ដើម្បីជ្រើសរើសក្នុងការបង្ការខ្លួនពីការឆ្លងមេរោគអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព ហើយប្រទេសកម្ពុជាក៏ជាប្រទេសដំបូងគេនៅក្នុងតំបន់ដែលបានដាក់ឱ្យដំណើរការសេវា DVR-PrEP នេះជាវិធីសាស្ត្រមួយ នៃយុទ្ធសាស្ត្របង្ការមេរោគអេដស៍ដែលមានលក្ខណៈរួមបញ្ចូលគ្នា និងផ្តល់ជម្រើសច្រើនក្នុងការបង្ការ។ 

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនទាក់ទងនឹងការអនុវត្តការផ្តល់សេវា DVR-PrEP ក៏ដូចជា សេវាបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ ដូចជា៖ ១. ត្រូវយកចិត្តទុកដាក់ ផ្តល់សេវាដោយគ្មានការរើសអើង ២. ត្រូវបង្កើនការផ្សព្វផ្សាយ និងការអប់រំ អំពីមេរោគអេដស៍ និងជំងឺកាមរោគ ៣. ពង្រឹងគុណភាព នៃសេវាធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺអេដស៍ និងកាមរោគ នៅតាមមូលដ្ឋានសុខាភិបាល ៤. សហការ គាំទ្រឱ្យមានការចូលរួម របស់បណ្តាញសហគមន៍ និងតំណាងក្រុមប្រឈម រួមទាំងស្ត្រី និងយុវវ័យ និង៥. បង្កើនការធ្វើតេស្តរកមេរោគអេដស៍ និងបន្តពង្រឹងការអនុវត្តការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍។

លោកស្រី បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មន្ទីរសុខាភិបាល មន្ទីរពេទ្យ មណ្ឌលសុខភាព អង្គការដៃគូជាតិ និងអន្តរជាតិ រួមមានអង្គការ UNAIDS, WHO, US-CDC, FHI360/EpiC Project, KHANA, RHAC, CHAI, AHF និងភ្នាក់ងារប្រទេសផ្តល់ជំនួយទាំងអស់ ដូចជាមូលនិធិសកល សហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលីដែលបានផ្តល់ថវិកាក្រោមគម្រោង DFAT ព្រមទាំងបណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងបណ្តាញក្រុមប្រឈម ដែលបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា៕

Daily Program

Livesteam thumbnail