កម្ពុជាឈ្នះមកុដ Miss Teen International 2024
យុវតី លី មួយលាង បេក្ខនារីMiss Teen Cambodia 2024 បានគ្រងមកុដការប្រកួតសម្រស់ Miss Teen International 2024 ដែលការប្រកួតវគ្គជម្រុះចុងក្រោយធ្វើឡើងក្នុងប្រទេសឥណ្ឌា ក្នុងថ្ងៃទី ០៨ ខែកក្កដានេះ។
យុវតី លី មួយលាង បាននិយាយថា ៖«នាទីចុងក្រោយខ្ញុំធ្វើបានហើយសម្រាប់កម្ពុជា។ ខ្ញុំបានឈ្នះការប្រកួតប្រជែងបវរកញ្ញាវ័យក្មេងដ៏ធំបំផុតក្នុងពិភពលោក អរគុណអ្នករាល់គ្នាដែលគាំទ្រខ្ញុំ។ ខ្ញុំពិតជាមានមោទនភាពនាំមកនូវមោទនភាព និងម្កុដយុវវ័យដ៏ធំបំផុតសម្រាប់ប្រទេសកម្ពុជា»។
យុវតី Anette Marrero បេក្ខនារីមកពីប្រទេសគុយបា ជាប់ចំណាត់ថ្នាក់លេខ២ និងយុវតី Oriana Ribeiro ជាបក្ខភាពមកពីប្រទេស Namibia ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងកម្មវិធីប្រកួតសម្រស់ Miss Teen International 2024។
យុវតី លី មួយលាង គឺជាបវរកញ្ញាខ្មែរដំបូងគេបំផុត ដែលបានឈ្នះមកុដ ក្នុងកម្មវិធីប្រកួតដ៏ធំបំផុតរបស់ពិភពលោកមួយនេះ។ កម្មវិធីនេះមានអ្នកចូលរួមប្រកួតរហូតដល់ទៅ ២៨ប្រទេស និងមានអ្នក Followers ក្នុង instagram និង Facebook រហូតដល់ជាង ១០០K នៅជុំវិញពិភពលោក។ ការឈ្នះមកុដលំដាប់ពិភពលោកមួយនេះ ពិតជាធ្វើឲ្យប្រជាជនខ្មែរសាទរជាខ្លាំង ដោយពួកគេនិយាយថា កម្ពុជាមិនអាចមើលរំលងបានទៀតទេ លើវិស័យបវរកញ្ញា ជាពិសេសគឺបវរកញ្ញាក្មេងៗរបស់កម្ពុជាតែម្ដង ដែលពោរពេញដោយសមត្ថភាព គួរឲ្យកោតសរសើរ។
ស្រីស្អាត លី មួយលាង ដែលជា Miss Teen Cambodia ត្រូវបានអ្នកគាំទ្រមើលឃើញថា ពិតជាធ្វើបានល្អមែនទែន ក្នុងកម្មវិធីប្រកួតថ្នាក់ពិភពលោក Miss Teen International 2024 នៅឥណ្ឌា។ ជាពិសេសនៅយប់ថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០២៤ លី មួយលាង ដែលយុវតីវ័យក្មេង និងពោរពេញដោយសមត្ថភាពរបស់កម្ពុជា បានជាប់ក្នុងចំណោមបេក្ខភាពឆ្នើម ១០នាក់ចុងក្រោយ ដើម្បីបន្តដំណើរទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។ ទីបំផុតនាងបានឈ្នះ គ្រងមកុដ Miss Teen International 2024 នៅប្រទេសឥណ្ឌា គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីផ្ទួលបេក្ខភាពឆ្នើមៗទាំង២៨ប្រទេស មកពីជុំវិញពិភពលោក។
យុវត្តី លី មួយលាង Miss Teen International Cambodia 2023 មិនត្រឹមតែអាចនិយាយភាសាអង់គ្លេស បានយ៉ាងស្ទាត់ជំនាញប៉ុណ្ណោះទេ នាងថែមទាំងកំពុងសិក្សាភាសាចិនបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពខាងភាសា ឲ្យកាន់តែខ្លាំងក្លាឡើង។ បណ្ដាអ្នកគាំទ្រកម្ពុជា បានសម្ដែងការអបអរសាទរយ៉ាងខ្លាំង ដល់យុវតី លី មួយលាង ដែលទទួលបានជោគជ័យក្នុងការដណ្តើមមកុដ «Miss Teen International 2024» នៅប្រទេសឥណ្ឌានៅពេលនេះ។
យុវត្តី លី មួយលាង បានបញ្ជាក់ទៀតថា នាងនឹងនាំយកនូវវប្បធម៌ អរីយធម៌ និងវិស័យទេសចរណ៍របស់កម្ពុជា ទៅផ្សព្វផ្សាយនៅលើឆាកអន្តរជាតិ ដើម្បីឲ្យបេក្ខភាពពីបណ្ដាប្រទេសនានា និងអន្តរជាតិបានស្គាល់កាន់តែច្បាស់ ពីតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលរបស់កម្ពុជា។ នាងបន្តថា សម្រាប់ឈុតតំណាងជាតិដែលនាងបានជ្រើសរើសយកទៅប្រកួតមានឈ្មោះថា «មយូរ៉ា» ដែលច្នៃឡើងយ៉ាងប្រណិតទាក់ទងនឹងសត្វមយូរ៉ា ដោយបានរំលេចនូវពណ៌ស្រស់ឆើតឆាយជាច្រើន។
កញ្ញា លី មួយលាង បានបញ្ជាក់ថា ចំណុចខ្លាំងរបស់នាង គឺភាពក្លាហាន ការតាំងចិត្តដោយភាពជឿជាក់លើខ្លួនឯង និងមិនងាយនឹងភ័យខ្លាច ដែលអាចឲ្យនាងយកឈ្នះលើបេក្ខភាពនានា។ ម្យ៉ាងវិញទៀត គឺការប្រាស្រ័យទាក់ទងគ្នាជាមួយនឹងបេក្ខនារីផ្សេងៗទៀត គឺនាងនឹងធ្វើឲ្យបានល្អប្រសើរ និងជិតស្និទ្ធបំផុត ដែលនាងគិតថា ពុំមានបញ្ហាលំបាកសម្រាប់រូបនាងឡើយ។
កម្មវិធីប្រកួតសម្រស់ Miss Teen International បង្កើតឡើងជាកម្មវិធីមួយប្រកបដោយសុចរិតភាព ស្តង់ដារសីលធម៌ខ្ពស់ និងការអនុវត្តស្របគ្នានៃច្បាប់ និងបទប្បញត្តិ។ គោលដៅធំរបស់កម្មវិធីប្រកួតសម្រស់ខាងលើ គឺការផ្តល់ឱ្យស្រ្តីនៅគ្រប់ទីកន្លែងនូវឱកាសដើម្បីប្រកួតប្រជែង នៅក្នុងប្រព័ន្ធបរវកញ្ញា ដែលរក្សាបាននូវតម្លៃសីលធម៌ខ្ពស់បំផុត៕