កម្ពុជាឈានពីប្រទេសពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ទៅជាប្រទេសមានមូលដ្ឋានផលិត-នាំចេញចម្រុះ

កម្ពុជាបានឈានពីប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ ទៅជាប្រទេសដែលមានមូលដ្ឋានផលិត-នាំចេញចម្រុះ ជាមួយនឹងការបំបែកកំណត់ត្រាវិនិយោគខ្ពស់បំផុតមិនធ្លាប់មាន ២ឆ្នាំជាប់គ្នា ដោយក្នុងឆ្នាំ២០២៥កន្លងទៅនេះ CDC បានអនុម័តគម្រោងថ្មីក្នុងទុនវិនិយោគ ១០ពាន់លានដុល្លារ។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងពីធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៥ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៦ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦។

លោក ស៊ុន ចាន់ ថុល បានមានប្រសាសន៍ថា កម្ពុជាបានឈានពីប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មសម្លៀកបំពាក់ ទៅជាប្រទេសដែលមានមូលដ្ឋានផលិត-នាំចេញចម្រុះ (អេឡិចត្រូនិក និងកសិ-ឧស្សាហកម្ម) ជាមួយនឹងការបំបែកកំណត់ត្រាវិនិយោគខ្ពស់បំផុតមិនធ្លាប់មាន ២ឆ្នាំជាប់គ្នា ដែលក្នុងឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៦៣០ គម្រោង ក្នុងទុនវិនិយោគ ១០ពាន់លានដុល្លារ បង្កើតការងារបានជាង ៤៣ម៉ឺនកន្លែង។

ទំនិញនាំចេញសំខាន់ៗទាំង១០មុខរបស់កម្ពុជាមានដូចជា៖ សម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរនិងកាបូប អង្ករ សំបកកង់រថយន្ត គ្រឿងអេឡិចត្រូនិកនិងភាគបំណែក ដំឡូងមី កង់ ខ្សែភ្លើងនិងគ្រឿងបង្គុំខ្សែភ្លើង។ ចំពោះដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជាសម្រាប់ឆ្នាំ២០២៥មានដូចជា៖ ចិន អាស៊ាន សហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប ជប៉ុន កាណាដា ចក្រភពអង់គ្លេស សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ឥណ្ឌា និង អេម៊ីតអារ៉ាប់រួម៕

Daily Program

Livesteam thumbnail