កប៉ាល់ Doulos Hope ដែលនាំយកមកជាមួយនូវការតាំងពិព័រណ៍សៀវភៅបណ្តែតទឹក បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

កប៉ាល់ Doulos Hop សញ្ជាតិ Malta មានបណ្តោយ ៨៥,២០ម៉ែត្រ ទទឹង ១៦,៥២ម៉ែត្រ ជម្រៅទឹក ៣,៨ម៉ែត្រ មកពីប្រទេស Malaysia ចូលមកសំចតនៅកំពង់ផែស្វយ័តអន្តរជាតិ ក្រុងព្រះសីហនុ នៅវេលាម៉ោង ១២ និង៣០នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥។  កប៉ាល Doulos Hop មាននាវិកសរុបចំនួន ៩៧នាក់ ស្រី ៥៤នាក់ មាន ៣៧សញ្ជាតិ។

ការតាំងពិព័រណ៍សៀវភៅលើកប៉ាល់ Doulos Hope មកដល់កម្ពុជា ដែលជាការតាំងពិព័រណ៍សៀវភៅបណ្តែតទឹកនឹងបើកទទួលសាធារណជននៅក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។

កប៉ាល់ Doulos Hope ដែលនាំយកមកជាមួយនូវការតាំងពិព័រណ៍សៀវភៅបណ្តែតទឹកនឹងមកដល់ក្រុងព្រះសីហនុ ហើយមនុស្សជាច្រើនអាចនឹងនៅចងចាំការចូលចតរបស់កប៉ាល់នេះ កាលពីលើកមុននៅក្នុងខែធ្នូ ឆ្នាំ២០២៣។ អ្នកដែលឡើងមកលើកប៉ាល់ Doulos Hope នឹងអាចទិញសៀវភៅពីក្នុងចំណោមជម្រើសសៀវភៅជាង ២,០០០ ចំណងជើងផ្សេងៗគ្នាក្នុងតម្លៃសមរម្យ។ សៀវភៅទាំងនោះរួមមាន មុខវិជ្ជាជាច្រើនដូចជា វិទ្យាសាស្ត្រ ឱសថ សិល្បៈ ភាសា ជំនឿ ចំណង់ចំណូលចិត្ត ការចម្អិនអាហារ និងកីឡា ដោយមានទាំងសៀវភៅសម្រាប់កុមារ សៀវភៅសម្រាប់ការសិក្សា វចនានុក្រម ផែនទី និងសៀវភៅផ្សេងៗជាច្រើនទៀត ក្រុមគ្រួសារទាំងមូលនឹងរីករាយជាមួយនឹងការទៅទស្សនាការតាំងពិព័រណ៍សៀវភៅនៅលើកប៉ាល់នេះ។

កប៉ាល់ Doulos Hope នឹងបើកទទួលសាធារណជននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៥ និងចាប់បើកដំណើការម៉ោងបើករៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ពីម៉ោង១រសៀល ដល់ម៉ោង ៨:៣០ នាទីយប់។ បើកឱ្យចូលរហូតដល់ម៉ោង ៨:០០ យប់ (បិទនៅថ្ងៃចន្ទ)។

សូមចូលទៅកាន់ទំព័រ Instagram និង Facebook របស់យើង DoulosHopeCambodia ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការចូលចតរបស់យើង។ ប្រជាពលរដ្ឋ មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវជាតិ អន្តរជាតិគ្រប់គ្នាអាចចូលបានដោយឥតគិតថ្លៃ។ នៅក្នុងការតាំងពិព័រណ៍សៀវភៅនេះ ការទូទាត់ប្រាក់អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬកាតឥណទាន។ មិនទទួលការទូទាត់តាមរយៈកាតឥណពន្ធទេ។ 

កប៉ាល់ Doulos Hope ស្នាក់នៅក្នុងប្រទេសកម្ពុជា បុគ្គលិកកប៉ាល់ ក៏មានសកម្មភាពមនុស្សធម៌នៅក្នុងសហគមន៍មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសសហគមន៍ក្នុងខេត្តព្រះសីហនុ មានដូចជា ការវាស់ភ្នែកចែកវ៉ែនតា និងធុងចម្រោះទឹកជាដើម និងការងារបរិស្ថានក្នុងខេត្តព្រះសីហនុផងដែរ៕

 

Daily Program

Livesteam thumbnail