កងទ័ពខ្លាំងរបស់លោកគីម ជុនអ៊ុន នៃកូរ៉េខាងជើង គំរាមកំហែងអ៊ុយក្រែន

ការគំរាមកំហែងថ្មីធ្លាក់លើអ៊ុយក្រែន។ ទាំងទីក្រុងគៀវ ក៏ដូចជាទីក្រុងសេអ៊ូល សុទ្ធតែជឿលើ រឿងនេះ ទាហានកូរ៉េខាងជើងចំនួន ១២០០០នាក់ ត្រៀមខ្លួនឆ្ពោះមកកាន់សមរភូមិដើម្បី ជា ជំនួយដល់កងទ័ពរុស្ស៊ី។ 

ទីក្រុងមូស្គូ បានបដិសេធ ប៉ុន្តែយោងតាមសេវាចារកម្មជាតិកូរ៉េខាងត្បូង (NIS) បានឲ្យដឹងថា ទាហានកូរ៉េខាងជើង បានកំពុងហ្វឹកហាត់រួចហើយនៅក្នុងមូលដ្ឋានយោធារុស្ស៊ីនៅចុងបូព៌ា នៅ​ទីក្រុងវ្ល៉ាឌីវ៉ូស្តុក អ៊ុសស៊ូរីអ៊ីស្ក៍ ខាបារ៉ូវស្ក៍ និងប្លាហ្គ៉ូវ៉េសចិន។

គេមានការលំបាកនឹងវាស់វែងអំពីឥទ្ធិពលដែលទាហានកូរ៉េខាងជើងនឹងនាំមក។ យោងតាម NIS នេះដែរ ទីក្រុងព្យុងយ៉ាង បានចល័ត កងពល ដ៏ល្បីល្បាញចំនួន ៤ នៃអង្គភាពទ័ពលេខ ១១ ដ៏ល្បីល្បាញ ដែលមានឈ្មោះថា កងអង្គភាព ព្យុះសង្ឃរា។ នេះគឺជាអង្គភាព​ទ័ព​ខ្លាំង​ដែល​បោះទីតាំងនៅតំបន់​ដេជេអ៊ុន នៅក្នុងខេត្ត​ព្យុង​ហ្កាន​​ភាគខាងជើង នៅភាគពាយព្យ​នៃ​ប្រទេសកូរ៉េខាងជើង។

អង្គភាពនេះគឺជាអ្នកស្នងមរតកពីចម្ងាយពីអង្គភាពលេខ ១២៤ ជាក្រុមកងកុម្ម៉ង់ដូដែលមាន​អ្នក​ប្រយុទ្ធ ៣១នាក់ ដែលត្រូវបានបណ្តុះបណ្តាលនៅក្នុងទសវត្ស​ឆ្នាំ១៩៦០ ដែលពេលនោះ​ដើម្បី​ធ្វើ​ឃាតប្រធានាធិបតី​កូរ៉េខាងត្បូង លោកប៉ាក ជុងហ៊ី (ដឹកនាំពីឆ្នាំ១៩៦១ ដល់​ឆ្នាំ​១៩៧៩)។ នៅថ្ងៃទី២១ មករា ឆ្នាំ១៩៦៨ កងកុម្ម៉ង់ដូនេះ ទទួលបានជោគជ័យក្នុងការជ្រៀត​ចូល​មកភាគខាងត្បូងមកកាន់វិមានខៀវ (វិមានប្រធានាធិបតីកូរ៉េខាងត្បូង)។ កងកម្លាំង​កូរ៉េ​ខាងត្បូងបានកំទេចពួកគេ។​ ប៉ុន្តែបទពិសោធន៍ត្រូវបានកូរ៉េខាងជើងប្រើប្រាស់ជាគ្រឹះសម្រាប់​កង​កម្លាំង​​ពិសេស​របស់ពួកគេ។

នៅឆ្នាំ១៩៨៣ ទីក្រុងព្យុងយ៉ាង បានប្រមូលផ្តុំអង្គភាពយោធាដ៏ល្អបំផុតរបស់ខ្លួនមួយចំនួន​ដើម្បី​បង្កើតជាកងពលព្យុះសង្ឃរា។ កងអង្គភាពទាំងនេះ សព្វថ្ងៃគឺជាសសរស្តម្ភនៃកងកម្លាំង​ពិសេស​​កូរ៉េខាងជើង ហើយបើតាមការវាយតម្លៃពីសេវាចារកម្មរបស់អាម៉េរិក និងកូរ៉េខាងត្បូង ពួកគេមានសមាជិក ២០០០០០នាក់។

កងអង្គភាពយោធាលេខ ១១ របស់កូរ៉េខាងជើង មានគ្នា ៦០០០០នាក់ ដែលរាយជាអង្គភាព​ប្រយុទ្ធ​ថ្មើរជើងស្រាល កងទ័ពឆត្រយោង និងអ្នកបាញ់ជំនាញ ដែលពង្រាយនៅក្នុង​កងទ័ព​ជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងនៅការិយាល័យចារកម្មទូទៅ ចារកម្មយោធា។

យោងតាមការវិភាគមួយ​ដែលត្រូវបានផ្សព្វផ្សាយនៅឆ្នាំ២០១៦ ដោយមជ្ឈមណ្ឌលសិក្សា​យុទ្ធសាស្រ្ត និងអន្តរជាតិ (CSIS) បានឲ្យដឹងថា ដោយត្រូវបានពិព៌នាយោងតាមគំនិតនៃ​សង្រ្គាម​ផ្សេងៗ គ្នា បេសកកម្មរបស់ពួកគេ រួមមាន ការវាយប្រហារ និងបំផ្លាញគោលដៅ ធ្វើ ឲ្យ​មាន​ចលាចលខាងក្រោយខ្សែត្រៀមសត្រូវ ដឹកនាំការវាយប្រហារភេរវកម្ម ធ្វើឲ្យទីតាំង យុទ្ធសាស្រ្ត និង​តាកតិកបាត់បង់សមត្ថភាពប្រយុទ្ធ មានដូចជាស្ថានីយ៍ទូរគមនាគមន៍ មូលដ្ឋានមីស៊ីល និងមូលដ្ឋានទ័ពអាកាសជាដើម។

នៅក្នុងកងទ័ពប្រជាជន ឬកងទ័ពកូរ៉េខាងជើង ដែលមានចំនួន ១,២៨លាននាក់ សមាជិក​នៃ​ក្រុមកម្លាំងពិសេសជា ឧបករណ៍យោធានេះ ដើរតួនាទីគំរាមប្រឆាំងនឹងរាល់ការប៉ុងប៉ង់វាយ​ប្រហារ​ពីកូរ៉េខាងត្បូងតាមរយៈសង្រ្គាម។ 

ប្រសិនបើការពង្រាយកម្លាំងទាំងនេះរបស់កូរ៉េខាងជើងត្រូវបានបញ្ជាក់ច្បាស់ការហើយ នេះនឹងជាលើកទី១ ដែលកូរ៉េខាងជើងបញ្ជូនកងទ័ពជើងគោកដ៏មាន​សារសំខាន់ទៅ​កាន់​បរទេស។ នៅខណៈដែលទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង បានចុះហត្ថលេខាកាលពី​ខែ​មិថុនា ឆ្នាំមុន លើ​សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្ត ដែលប្រទេសទាំងពីរ​សន្យា​នឹងគាំទ្រ​គ្នាខាង​យោធា កងទ័ពខ្លាំងរបស់កូរ៉េខាងជើងអាចនឹងស្គាល់ការប្រយុទ្ធនៅលើសមរភូមិ​ផ្ទាល់​ហើយ។

 

 

Daily Program

Livesteam thumbnail