«កូនអណ្តើកហ្លួង»ជិតផុតពូជ ១០ក្បាលញាស់ នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ
កូនអណ្តើកហ្លួងដែលជាសត្វកម្របំផុតមួយប្រភេទ បានញាស់កូនមួយសំបុកដែលមានចំនួនប្រមាណ ១០ក្បាល បន្ថែម។ នេះបើយោងតាមការឱ្យដឹងពីមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងកាលពីពេលថ្មីៗនេះ ថាការញាស់កូនអណ្តើកហ្លួងទាំង ១០ក្បាលនេះ នឹងដើរតួដ៏សំខាន់ក្នុងការរក្សាភាពចម្រុះនូវសេនេទិច (ហ្សែន) និងជួយឱ្យមានកំណើនឡើងវិញនៃប្រជាសាស្ត្រនៅទីជម្រកដើមរបស់សត្វល្មូនកម្រជិតផុតពូជនេះ។
គួរបញ្ជាក់ថា អណ្តើកសសៃដែលត្រូវបានគេស្គាល់ថាជាអណ្តើកហ្លួងហើយត្រូវបានគេចាត់ទុកថាជាសត្វល្មូនតំណាងជាតិរបស់ប្រទេសកម្ពុជា ដោយព្រះរាជក្រឹត្យបានចេញក្នុងឆ្នាំ២០០៥។ ប្រភេទអណ្តើកហ្លួងនេះ គេជឿថាត្រូវបានផុតពូជនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែត្រូវបានរកឃើញឡើងវិញនៅក្នុងឆ្នាំ២០០០ ដោយការតាំងចិត្តរបស់ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម។ សព្វថ្ងៃនេះ ពួកវានៅតែប្រឈមនូវការគំរាមកំហែងជាច្រើនដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក នឹងទាក់ចាប់ដោយឧបករណ៍នេសាទ៕