អភិបាលអាស៊ីស្តាប់សំណើរបស់ប្រព័ន្ធផ្សព្វផ្សាយអំពីយុទ្ធសាស្ត្របំពេញបន្ថែមសម្រាប់អនាគតព្រះសហគមន៍

នៅក្នុងអំឡុងពេលសន្និសីទសារព័ត៌មានសម្រាប់ បូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា អភិបាលចច បាលីប៉ារ៉ាំប៊ីល (George Palliparambil) ប្រធានការីយាល័យ​ផ្នែក​ប្រកាសដំណឹងល្អ​នៃសភាលោកអភិបាល​អាស៊ី​ (FABC-OE) បាន​បើកឱកាសឲ្យមានកិច្ចសន្ទនាជាមួយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិ។

វគ្គនេះ ធ្វើឡើងនៅសណ្ឋាគារឌឹ ឡៃថ៍ (The Light Hotel) ក្នុងទីក្រុង ប៉េណាំង ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីអនាគត​ព្រះសហគមន៍នៅក្នុងទ្វីបអាស៊ី ជាពិសេសក្នុងការត្រៀមលក្ខណៈសម្រាប់ទិវាយុវជនពិភពលោកឆ្នាំ ២០២៧ នៅទីក្រុងសេអ៊ូល និងឆ្នាំព្រះមហាករុណាទិគុណ​ដ៏អស្ចារ្យ​ (Great Jubilee) ឆ្នាំ ២០៣៣។

បន្ទាប់ពីការពិភាក្សាអស់រយៈពេលជិតមួយម៉ោងជាមួយលោកកាឌីណាល់​ និង អភិបាល លោក​ចចបាន «បង្វែរតុ» ដោយសួរសំណួរផ្ទាល់ទៅកាន់អ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយដែលចូលរួម៖

«ដោយមើលឃើញពីទិវាយុវជនពិភពលោក និងការរំពឹងទុកឆ្នាំព្រះមហាករុណាទិគុណ​ដ៏អស្ចារ្យឆ្នាំ ២០៣៣ តើអ្នកនឹងដាក់អាទិភាពអ្វីខ្លះសម្រាប់ព្រឹត្តិការណ៍ទាំងនេះ?»

សំណួរនេះ ត្រូវបានសម្របសម្រួលដោយលោកដានីញ៉ែល​ រ៉យ​ (Daniel Roy) ប្រធានការិយាល័យទំនាក់ទំនងសង្គមនៃភូមិភាគប៉េណាំង ដែលនាំឲ្យមានការឆ្លើយតបបង្ហាញពីចក្ខុវិស័យរួមមួយសម្រាប់រក្សាតុល្យភាពរវាងការច្នៃប្រឌិត និងប្រពៃណីនៅក្នុងវិធីសាស្រ្តទាក់ទាញយុវជនរបស់ព្រះសហគមន៍។

ទំនាក់ទំនង​មនុស្សជំនាន់ឌីជីថល

ការឆ្លើយតបទីមួយបានសង្កត់ធ្ងន់លើភាពចាំបាច់ ទទួលយកឧបករណ៍ឌីជីថលដើម្បីឈានទៅដល់យុវជន។ អ្នកថ្លែងសុន្ទរកថា ដោយផ្អែកលើបទពិសោធន៍ ៨ឆ្នាំនៃការធ្វើដំណើរទូទាំងទ្វីបអាស៊ី បានគូសបញ្ជាក់ពីការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងឥរិយាបថយុវជន។

លោកបានមានប្រសាសន៍ថា «បច្ចេកវិទ្យាផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងយ៉ាងខ្លាំង»។ ដោយ​លោកលើកឡើងអំពី​ពេលវេលាមើលអេក្រង់ជាមធ្យមសម្រាប់ក្មេងជំទង់មាន ៧​ម៉ោងក្នុងមួយថ្ងៃ។ នេះ​ជា​មូលហេតុ​ដែល​ព្រះសហគមន៍ ត្រូវចូលក្នុង​ពិភព​ឌីជីថលរបស់ពួកគេ ទាក់ទងជាមួយពួកគេនៅកន្លែងដែលពួកគេនៅ និងប្រើប្រាស់បច្ចេកវិទ្យាយ៉ាងមានប្រសិទ្ធភាព។ កម្មវិធីសំណាក់ធម៌ អាច​មាន​មនុស្ស​ចូលរួមតិច ប៉ុន្តែតាមរយៈវេទិកាឌីជីថល យើងអាចទៅដល់ពួកគេ ជំរុញទឹកចិត្តពួកគេ និងរក្សាទំនាក់ទំនងជំនឿរបស់ពួកគេបាន​ច្រើន​។

ទស្សនៈនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការចូលរួមយ៉ាងសកម្មផ្នែកឌីជីថល យុទ្ធសាស្ត្រប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិត និងខ្លឹមសារច្នៃប្រឌិតដែលជួបយុវជននៅក្នុងទីធ្លាអនឡាញដែលពួកគេចូលចិត្តរៀងរាល់ថ្ងៃ។

ងាកមកអតីតកាល​ តាមរយៈការអធិស្ឋាន និងការថ្វាយបង្គំ

មេដឹកនាំព្រះសហគមន៍ ពីទីក្រុងកូឡាឡាំពួរ​ បានផ្តល់ទស្សនៈបំពេញបន្ថែម ដោយគូសបញ្ជាក់ថា យុវជនក៏ស្វែងរកភាពស៊ីជម្រៅខាងវិញ្ញាណដែលចាក់ឫសក្នុងប្រពៃណីផងដែរ។

ដោយគាត់​បាន​ថ្លែងថា៖ «យុវជនមិនត្រឹមតែស្វែងរកការចូលរួមឌីជីថលប៉ុណ្ណោះទេ ពួកគេក៏កំពុងស្រេកឃ្លានអ្វីមួយពីអតីតកាលផងដែរ»។

នាងបានកត់សម្គាល់ថា៖​ «ការអធិដ្ឋាន​ផ្គាំ​ យុវជនជាច្រើនបានបង្ហាញថា ពួកគេពេញចិត្ត​ការស្មឹងស្មាធ​ ការអធិស្ឋានស្ងៀមស្ងាត់ និងការពិចារណា ជាជាងគ្រាន់តែមាន​ចម្រៀង​ ឬសកម្មភាពសង្គម»។

មេដឹកនាំ​ព្រះសហគមន៍រូបនេះ​ បានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើមដូចជាកម្មវិធី 'Come Home' បានបង្ហាញថា «ការប្រាប់រឿងរ៉ាវរបស់ព្រះយេស៊ូតាមរយៈសកម្មភាពរបស់យើង ការបង្ហាញសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ត មានប្រសិទ្ធភាព​ទាក់ទាញពួកគេឲ្យត្រឡប់មកវិញ»។

អ្នកស្រី​បាន​និយាយថា ការឆ្លើយតបបានសន្និដ្ឋានថា យុវគ្រីស្តបរិស័ទ​​ស្វែងរកតុល្យភាព ដោយ​ប្រាប់​ទៀតថា «ពួកគេចង់បានការលាយបញ្ចូលគ្នា។ ពួកគេចង់ឃើញព្រះយេស៊ូក្នុងទម្រង់ដ៏សាមញ្ញបំផុត ដើម្បីទទួលបានបទពិសោធន៍នៃការអធិស្ឋានផ្ទាល់ខ្លួន ការថ្វាយបង្គំ និងការពិចារណាដោយស្ងៀមស្ងាត់ ហើយបន្ទាប់មកចេញទៅចែករំលែកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមួយអ្នកដទៃ»។

ទស្សនៈនេះបានគូសបញ្ជាក់ពីភាពចាំបាច់នៃការរួមបញ្ចូលគ្នានូវវិធីសាស្រ្តទំនាក់ទំនងទំនើបជាមួយនឹងការអនុវត្តខាងវិញ្ញាណដ៏អស់កល្បជានិច្ច ដើម្បីទាក់ទាញយុវជន។

ការត្រាស់ហៅ​ទៅរកតុល្យភាព និងការច្នៃប្រឌិត

ការឆ្លើយតប​ទាំងពីរខាងលើនេះ ត្រូវគ្នាយ៉ាងខ្លាំងជាមួយនឹងបេសកកម្មទូលំទូលាយរបស់​ព្រះសហគមន៍​នៅអាស៊ី៖ ដើម្បីរក្សាទំនាក់ទំនង​ខាងវប្បធម៌ និងបច្ចេកវិទ្យា ខណៈពេលដែលរក្សាបាននូវភាពសម្បូរបែបនៃប្រពៃណីខាងវិញ្ញាណ។

ការផ្លាស់ប្តូរនេះបានបង្ហាញពីការយល់ដឹងកាន់តែច្រើនឡើងថា ការចូលរួមប្រកបដោយប្រសិទ្ធភាពនាពេលបច្ចុប្បន្ន ទាមទារទាំង ការច្នៃប្រឌិត និងការស្មោះត្រង់ចំពោះប្រពៃណី។ ឧបករណ៍ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គមអាចពង្រីកលទ្ធភាពរបស់ព្រះសហគមន៍បាន ប៉ុន្តែការជួបជាមួយ​ព្រះគ្រីស្ត តាមរយៈការអធិស្ឋាន ការពិចារណា និងសហគមន៍នៅតែមិនអាចជំនួសបាន ដើម្បី​បង្កើនជំនឿរបស់យុវជន។

ការរំពឹងទុកទៅមុខ

នៅពេលដែលបូជនីយចរឆ្ពោះទៅក្តីសង្ឃឹមដ៏អស្ចារ្យ កាន់តែខិតជិតដល់ការបញ្ចប់ ការយល់ដឹងដែលបានចែករំលែកក្នុងអំឡុងពេលសន្និសីទសារព័ត៌មានផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ព្រះសហគមន៍នៅអាស៊ី។ ការត្រៀមលក្ខណៈសម្រាប់ទិវាយុវជនពិភពលោកនៅទីក្រុងសេអ៊ូល និងឆ្នាំព្រះមហាករុណាទិគុណ​ឆ្នាំ ២០៣៣ គឺត្រូវ​ផ្តោត​សំខាន់លើ​ផែនការ​យុទ្ធសាស្ត្រ​ ជាជាងការរៀបចំ​ព្រឹត្តិការណ៍។ វាទាមទារការលាយបញ្ចូលគ្នាយ៉ាងប្រុងប្រយ័ត្នរវាង ការចូលរួមប្រកបដោយការច្នៃប្រឌិត និងភាពស៊ីជម្រៅខាងវិញ្ញាណ។

អ្នកអនុវត្តប្រព័ន្ធផ្សព្វផ្សាយ មេដឹកនាំយុវជន និងបព្វជិតត្រូវបានលើកទឹកចិត្តឲ្យសហការគ្នានៅទូទាំងវេទិកាឌីជីថល និងនៅ​ក្នុងលំហ ដើម្បីធានាថា យុវគ្រីស្តបរិស័ទ​ ជួបព្រះគ្រីស្តទាំងរបៀប​សហសម័យ និងអស់កល្បជានិច្ច។

វិធីសាស្រ្តអន្តរកម្មរបស់អភិបាលចច នៅក្នុងសន្និសីទសារព័ត៌មានបានឆ្លុះបញ្ចាំងពីស្មារតីនៃបូជនីយចរ​នេះ៖ កិច្ចសន្ទនា ការស្តាប់ និងការពិចារណារួម។ នៅក្នុងទ្វីបអាស៊ីដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស សមត្ថភាពរបស់ព្រះសហគមន៍ ក្នុងការរក្សាតុល្យភាពរវាងការច្នៃប្រឌិតឌីជីថលជាមួយនឹងការផ្សព្វ​ផ្សាយ​តាម​បែប​​ប្រពៃណី នឹងក្លាយជាគន្លឹះក្នុងការចិញ្ចឹមបីបាច់មនុស្សជំនាន់ក្រោយដែលមានភាពរស់រវើក ស្មោះត្រង់ និងចូលរួមយ៉ាងសកម្ម៕

Daily Program

Livesteam thumbnail