ក្រសួងវប្បធម៌កម្ពុជាជំរុញឱ្យអង្គការយូណេស្កូមានាបទបញ្ញត្តិច្បាស់លាស់ពីការលួចចម្លងបេតិកភណ្ឌពិភពលោក

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា បានទទួលស្នើឲ្យមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការយូណេស្កូ ត្រូវមាន«បទបញ្ញត្តិច្បាស់លាស់»អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត។ការទទួលជាថ្មីនេះ ធ្វើឡើងក្រោយពីគេមើលឃើញថា អង្គការអន្តរជាតិមួយនេះហាក់គ្មានសិទ្ធិអំណាច ឬវិធានការអ្វីលើប្រទេសថៃដែលបានលួចចម្លាងប្រាសាទអង្គរវត្តរបស់កម្ពុជា។

នៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដោយបង្ហាញពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និង បណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។

នៅក្នុងកិច្ចប្រជុំនោះ លោកស្រី បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូល ស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក និង កង្វះខាតនូវបទបញ្ញត្តិនៃការប្រតិបត្តិក្នុងអនុសញ្ញាឆ្នាំ១៩៧០ និង អនុសញ្ញាឆ្នាំ ១៩៧២នាពេលកន្លងមក។

ក្នុងនាមតំណាងកម្ពុជាទាំងមូល លោកស្រីបន្តទទូលជាថ្មី អំពាវនាវយ៉ាងមុតមាំដល់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក និងក្រុមប្រឹក្សាអ្នកច្បាប់នៃអង្គការយូណេស្កូ ធ្វើការយកចិត្តទុកដាក់ជាបន្ទាន់លើបញ្ហានេះដោយកំណត់នូវទិសដៅច្បាស់លាស់ក្នុងក្របខណ្ឌអនុសញ្ញាឆ្នាំ១៩៧០ និង អនុសញ្ញាឆ្នាំ១៩៧២ និង ធ្វើការរួមជាមួយបណ្តារដ្ឋភាគីដើម្បីទប់ស្កាត់នូវសកម្មភាពអវិជ្ជមានដែលអាចកើតឡើងនាពេលអនាគតក្នុងបរិបទសកលភាវូបនីយកម្ម។

គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងវប្បធម៌បានលើកឡើងម្តងរួចមកហើយនូវការសាងសង់ចម្លងប្លង់ប្រាសាទអង្គរវត្តនៅប្រទេសថៃ ព្រោះការណ៍នេះ គឺជាសកម្មភាពខ្វះខាតនូវក្រមសីលធម៌ដែលអាចនាំមកនូវការប៉ះពាល់មិនត្រឹមតែសភាពដើម និង តម្លៃលេចធ្លោជាសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ប៉ះពាល់ដល់អត្តសញ្ញាណនៃបេតិកភណ្ឌអរូបីរបស់ប្រជាជនម្ចាស់ស្រុក៕ 

 

Daily Program

Livesteam thumbnail