អង្គការសហប្រជាជាតិ បង្ហាញផែនការដើម្បីផ្លាស់ប្តូរប្រព័ន្ធកសិកម្មទៅជាអាងស្តុកកាបូន
នៅខណៈដែលសន្និសីទអន្តរជាតិស្តីអំពីអាកាសធាតុលើកទី២៨ COP28 ចាប់ផ្តើមប៉ុន្មានថ្ងៃចុងក្រោយនៅទីក្រុងឌូបៃ អង្គការស្បៀងអាហារ និងកសិកម្មពិភពលោក FAO បានបង្ហាញកាលពីថ្ងៃអាទិត្យនូវផែនការបដិវត្តដែលសំដៅប្រែក្លាយប្រព័ន្ធកសិកម្មចំណីអាហារពិភពលោកទៅជាអាងស្តុកកាបូនពីពេលនេះរហូតដល់ឆ្នាំ២០៥០។
អង្គការសហប្រជាជាតិសម្រាប់ស្បៀងអាហារ និងកសិកម្ម FAO បានកំណត់អត្តសញ្ញាណ វិស័យ ១០ ជាអាទិភាព មានដូចជា ការចិញ្ចឹមសត្វ ដី និងទឹក ការដាំដុះ របបអាហារ និងការនេសាទ...
គោលដៅ គឺ ប្រែក្លាយប្រព័ន្ធកសិកម្មចំណីអាហារ ដែលគ្របដណ្តបតាមរបៀបដែលចំណីអាហារដែលយើងបរិភោគ តាមរយៈជាផលិតផល និងការដឹកជញ្ជូន ដែលធ្វើឲ្យមានការបំភាយឧស្ម័នផ្ទះកញ្ចក់ ទៅជាប្រព័ន្ធដែលអាចស្រូបយក កាបូនបំភាយ ១,៥ពាន់លាន តោនក្នុងមួយឆ្នាំ។
បដិវត្តនេះចូលរួមវិភាគទានលុបបំបាត់ការអត់ឃ្លាននៅក្នុងពិភពលោកដោយមិនរុញសីតុណ្ហភាពអាកាសធាតុនៃភពផែនដីឲ្យឡើងលើសកម្រិត ១,៥ អង្សារផង។
នៅខាងក្រៅសន្និសីទនៃអង្គការសហប្រជាជាតិអំពីអាកាសធាតុនៅឌូបៃ លោកដាវីឌ ឡាប៏រដេ នាយកផ្នែកសេដ្ឋកិច្ចកសិកម្មចំណីអាហារនៅអង្គការស្បៀងអាហារ និងកសិកម្មពិភពលោក ដែលបានថ្លែងអំពីផែនទីចង្អុលផ្លូវ ក៏បានផ្តល់យោបល់ថា មិនត្រូវមានទុទិដ្ឋិនិយមពេកទេ ហើយលោកបានចង្អុលបង្ហាញអំពីផ្លូវដើម្បីប្រតិកម្មនៅពេលសព្វថ្ងៃតាមរបៀបដែលអាចផ្តល់ចំណេញសម្រាប់ទាំងអស់គ្នា។ លោកបាននិយាយថា ៖ “យើងត្រូវការថា អ្នកសម្រេចចិត្តខាងនយោបាយត្រូវប្រតិកម្ម។ យើងត្រូវការថា សង្គមស៊ីវិល ត្រូវតែចល័តកម្លាំង និងថា វិស័យឯកជនត្រូវយល់ថា ធ្វើការជ្រើសរើសល្អប្រសើរនៅថ្ងៃនេះ មានន័យថា ធ្វើឲ្យការវិនិយោគកាន់តែមានចីរភាព និងកាន់តែបានផលចំណេញ សម្រាប់ថ្ងៃអនាគត”។
ទោះបីជាចំនុចសកម្មភាពចំនួន ១២០ មើលទៅហាក់បីដូចជាច្រើន លោកឡាប៏រដេ បានបញ្ជាក់ថា គោលដៅចុងក្រោយគឺឈានទៅដល់ការផ្លាស់ប្តូរប្រព័ន្ធមួយដែលមនុស្សម្នាក់ៗ ត្រូវតែដើរតួនាទីមួយ។
ទន្ទឹមគ្នានេះដែរ អ្នកសេដ្ឋកិច្ចវិទូប្រមុខនៃអង្កការកសិកម្ម និងស្បៀងអាហារពិភពលោក លោកម៉ាស៊ីម៉ូ តូរ៉ឺរ៉ូ បានថ្លែងថា គោលដៅនៃផែនទីចង្អុលផ្លូវនេះ គឺប្រែក្លាយ ប្រព័ន្ធកសិកម្មចំណីអាហារឲ្យស្របទៅតាមសកម្មភាពអាកាសធាតុដែលបង្កើនល្បឿនដើម្បីចូលរួមចំណែក នឹងធានាសន្តិសុខស្បៀង និងការចិញ្ចឹមសម្រាប់យើងទាំងអស់គ្នា។
ជាមួយនឹងមនុស្សប្រមាណ ៧៣៨ លាននាក់ ទទួលរងការខ្វះសារធាតុចិញ្ចឹមជាអចិន្រ្តៃយ៍ នៅក្នុងពិភពលោក លោកតូរ៉េរ៉ូ បានវាយតម្លៃថា ស្បៀងអាហារត្រូវតែក្លាយជាចំណែកនៃកិច្ចពិភាក្សាអំពីអាកាសធាតុ និងត្រូវតែទាក់ទាញការវិនិយោគអាកាសធាតុ។
យោងតាមរបាយការណ៍មួយ ដែលផ្សព្វផ្សាយនៅក្នុងក្របខណ្ឌផែនទីចង្ហាញផ្លូវ អង្គការស្បៀងអាហារ និងកសិកម្ម កត់សម្គាល់ថា ការផ្តល់ហិរញ្ញប្បទានខាងអាកាសធាតុ ដែលសំដៅទៅលើប្រព័ន្ធកសិកម្មចំណីអាហារ គឺមានភាពខ្សោយជាខ្លាំង និងបន្តថយចុះបើប្រៀបធៀបនឹងលំហូហិរញ្ញវត្ថុពិភពលោក សម្រាប់អាកាសធាតុ នៅខណៈដែលប្រភេទនៃការផ្តល់ហិរញ្ញប្បទាននេះ គឺចាំបាច់ និងបន្ទាន់បំផុត។
លោកម៉ាស៊ីម៉ូ តូរ៉ឺរ៉ូ បានថ្លែងដែរថា ការងារដែលបានធ្វើនៅសន្និសីទស្តីអំពីអាកាសធាតុលើកទី២៨ គឺជាចំណុចចេញដំណើរដ៏ល្អ និងថា ផែនទីបង្ហាញផ្លូវនេះអាចផ្តល់ទិសដៅដើម្បីឲ្យសេចក្តីប្រកាសនៅប្រទេសអារ៉ាបរួម អេមីរ៉េ មានអំពីកសិកម្មប្រកបដោយចីរភាព ប្រព័ន្ធចំណីអាហារមានភាពស៊ូទ្រាំ និងសកម្មភាពអាកាសធាតុផងដែរ។