សម្រាមពុល ឧក្រិដ្ឋកម្មមើលមិនឃើញដែលកំពុងបំផ្លាញផែនដី

ពួកវាបានឆ្លងកាត់សមុទ្រដោយមិនបានទាក់ទាញការចាប់អារម្មណ៍ ត្រូវបានលាក់បាំង​នៅក្នុង​ទូកុងតឺន័រដែលមើលទៅធម្មតា ឬត្រូវបានបំម្លែង​ឲ្យហាក់ដូចជាទំនិញដែលអាចយកមកប្រើ​ឡើង​វិញបាន។ ក៏ប៉ុន្តែនៅពីក្រោយលំហូរដែលមើលមិនឃើញនេះ​គឺជាការជួញដូរកម្រិត​ពិភពលោក​នូវសារធាតុពុលដែលផ្តល់ផលវិបាកដល់សុខភាព និងបរិស្ថានដ៏ធំធេង។

យោងតាមរបាយការណ៍ថ្មីនៃការិយាល័យអង្គការសហប្រជាជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿង​ញៀន និងឧក្រិដ្ឋកម្ម (ONUDC) បានឲ្យដឹងថា ពាណិជ្ជកម្មខុសច្បាប់នៃសម្រាម​​ផ្តល់​ការ​បំពុល កើនឡើង និងបង្កើតបានជាបណ្តាញឧក្រិដ្ឋកម្ម និងផ្តល់ផលចំណេញដល់សហគ្រាស​ដែល​មិ​នមាន​ទំនួលខុសត្រូវ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលមកបន្ទាប់ពីការផ្សព្វផ្សាយរបាយការណ៍ លោកស្រី ខេនឌីស វេស នាយិកាសម្រាប់ការវិភាគនៃនយោបាយ និងកិច្ចការសាធារណៈនៃ ONUDC បញ្ជាក់​ថា ៖ “ការសិក្សារបស់យើងបង្ហាញថា ចរាចរណ៍សម្រាមស្ថិតនៅមានការលំបាកបំផុត​នឹង​តាមដាន ស៊ើបអង្កេត និងតាមស្វែងរក។ វាមិនមែនជាស្ថានភាពលំបាកអរូបីទេ។ វា​បង្ក​ជា​ការ​បំពុលលើទឹកស្អាត សមុទ្រ ដី និងលើសពីនេះទៀត។”

បើការគ្រប់គ្រង​សម្រាមប្រែក្លាយជាមានតម្លៃកាន់តែថ្លៃ ការប៉ុនប៉ង់បោះចោលវា​ដោយខុស​ច្បាប់ ក៏កាន់តែរីកធំដែរ។ សេដ្ឋកិច្ចសម្រាមពិភពលោក ត្រូវបានវាយតម្លៃថា មានប្រមាណ ១២០​០​ពាន់លានដុល្លារ ដែលបានធ្វើឲ្យវាកាន់តែក្លាយជាសកម្មភាពដែលពេញនិយមសម្រាប់​ការ​ជួញដូរខុសច្បាប់។ ផលចំណេញ​ដែលមានប្រភពពីសកម្មភាពខុសច្បាប់ ស្ថិតនៅក្នុងភាព​លំបាក​​សម្រាប់កំណត់​ទំហំ ប៉ុន្តែការប៉ាន់ប្រមាណខ្លះ លើកឡើងថា មាន​រាប់ពាន់លានដុល្លារ​ក្នុង​មួយឆ្នាំៗ ជា​ពិសេស នៅក្នុងផ្នែកសម្រាមអេឡិចត្រូនិច។ ក្នុង​ចំណោមវិធីសាស្រ្តទូទៅ​ដែល​គេប្រើ មានការ​ប្រាប់ព័តមានមិនពិត ការក្លែងបន្លំឯកសារ ការ​លាយបញ្ចូលសំណល់​គ្រោះ​ថ្នាក់ជាមួយ​លំហូរ​សម្រាម​ត្រឹមត្រូវតាមច្បាប់ ឬ​ការប្រើប្រាស់​ក្រុមហ៊ុន​ធ្វើជាការបន្លំ។

អង្គការឧក្រិដ្ឋកម្មដែលមានរចនាសម្ព័ន្ធ និងសហគ្រាសស្របច្បាប់ ជារឿយៗ មានការជួប​ប្រទះ​​ជាមួយគ្នានៅក្នុងវិស័យនេះ។ សហគ្រាសខ្លះមិនអើពើនឹងច្បាប់គ្រប់គ្រងទេ។ ខណៈ​ដែល​​​សហគ្រាសផ្សេងទៀតប្រើប្រាស់សេវាកម្មខុសច្បាប់ដោយចេតនា ឬ​ថែរក្សាសកម្មភាព ដែលលាក់លៀមទន្ទឹមស្របគ្នា។

របាយការណ៍បញ្ជាក់អំពីនិន្នាការដែលត្រូវបានចងក្រងជាឯកសារយ៉ាងច្បាស់។ សម្រាមដែល​មានការលំបាក និងមានតម្លៃថ្លៃបំផុត នឹងទុកដាក់ ធ្វើចរាចរណ៍ជារឿយៗពីប្រទេសអ្នក​មាន​ទៅកាន់តំបន់ដែលមានភាពក្រីក្រជាង។ ប្លាស្ទីក សម្រាមអេឡិចត្រូនិច ឬយានយន្តលែងប្រើ​ប្រាស់ ជារឿយៗ ត្រូវបានកែច្នៃឡើងវិញនៅក្នុងលក្ខខណ្ឌគ្រោះថ្នាក់ ឬបោះបង់ចោល​នៅទី​វាល ដែលផ្តល់ផលវិបាកផ្ទាល់ទៅដល់សុខភាពប្រជាជន។

ប្រទេសដែលមានចំណូលទាប ជួនកាលខ្វះខាតហេដ្ឋារចនាសម្ព័ន្ធសមស្រប បានក្លាយជា​កន្លែង​ផុយស្រួយ​នៅក្នុងច្រវ៉ាក់សកល។

ម៉ូទ័រមួយក្នុងចំណោមម៉ូទ័រនានានៃការជួញដូរ គឺថា វានៅផ្តល់ប្រាក់ចំណេញ។ ការដាក់ទណ្ឌ​កម្ម​ជារឿយៗ មានភាពខ្សោយ បើប្រៀបធៀបនឹងផលចំណេញដ៏ធំធេង។ នៅក្នុងករណីខ្លះ ពិន័យ​ដែលត្រូវទទួលរង មានតម្លៃទាបជាងប្រាក់ចំណេញពីការដឹកជញ្ជូនសំណល់​អេឡិចត្រូនិក​ខុសច្បាប់នៅពេល​ជាមួយគ្នា។

ភាពទន់ខ្សោយនៃការគ្រប់គ្រង បានធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។ ជាលទ្ធផល មួយផ្នែកដ៏​​ធំ​នៃ​​ការចរាចរណ៍សម្រាមពុល ឆ្លងកាត់ដោយមិនបានត្រួតពិនិត្យ។

 

 

Daily Program

Livesteam thumbnail