រលកកម្តៅនៅអឺរ៉ុប និងសហរដ្ឋអាម៉េរិក ស្ទើតែមិនអាចកើតមានឡើង ប្រសិនបើគ្មានការប្រែប្រួលអាកាសធាតុ
អង្គការតួនាទីអាកាសធាតុពិភពលោក គូសបញ្ជាក់ថា ៖ “ការប្រែប្រួលអាកាសធាតុដែលបង្កឡើងដោយការបំភាយឧស្ម័នផ្ទះកញ្ចក់មានប្រភពពីសកម្មភាពមនុស្ស បានធ្វើឲ្យរលកកម្តៅកាន់តែក្តៅខ្លាំងឡើង កាន់តែអូសបន្លាយពេល និងកាន់តែញឹកញាប់។”
បណ្តាញអង្គការតួនាទីអាកាសធាតុពិភពលោកបានបង្ហាញកាលពីថ្ងៃទី២៥ កក្កដា ឆ្នាំ២០២៣ ថា សីតុណ្ហភាពមានច្រើនជាង ៥០ °C នៅក្នុងជ្រលងមរណសហរដ្ឋអាម៉េរិក។ ឯកតកម្មប្រវត្តិសាស្រ្តសីតុណ្ហភាពចាប់ផ្តើមមាន ៤៥.៣ °C នៅទីក្រុង កាតាឡូញ ប្រទេសអេស្ប៉ាញ និងជាង ៤៣ °C នៅទីក្រុងហ៉្វូអេណិក រដ្ឋអារីហ្សូណា សហរដ្ឋអាម៉េរិក។ ប្រសិនបើគ្មានការប្រែប្រួលអាកាសធាតុ រលកកម្តៅបែបនេះ គឺស្ទើតែមិនអាចកើតឡើងទៅរួចទេ នៅអឺរ៉ុប ក៏ដូចជា សហរដ្ឋអាម៉េរិក។
បណ្តាញវិទ្យាសាស្រ្ត ដែលវាយតម្លៃទំនាក់ទំនងរវាងព្រឹត្តិការណ៍ឧតុនិយមខ្លាំងក្លាហួសហេតុ និងការធ្លាក់អន់ថយខាងអាកាសធាតុ ក៏បានប៉ាន់ប្រមាណថា ការធ្លាក់អន់ថយខាងអាកាសធាតុ ក៏បានបង្កឲ្យមានរលកកម្តៅនៅប្រទេសចិនផងដែរ។
អង្គការតួនាទីអាកាសពិភពលោក បញ្ជាក់ទៀតថា ៖ “ការប្រែប្រួលអាកាសធាតុ ដែលបង្កឡើងដោយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលមានប្រភពពីមនុស្សបានធ្វើឲ្យរលកកម្តៅកាន់តែក្តៅ កាន់តែយូរ និងកាន់តែញឹកញាប់។” អ្នកសិក្សាស្រាវជ្រាវ បានធ្វើសេចក្តីសន្និដ្ឋានថា ៖ “រលកកម្តៅថ្មីៗ ដែលនឹងមកដល់នៅពេលខាងមុខ នឹងកាន់តែធ្ងន់ធ្ងរ និងញឹកញាប់ ប្រសិនបើការបំភាយឧស្ម័នផ្ទះកញ្ចក់មិនត្រូវបានកាត់បន្ថយយ៉ាងលឿនទេនោះ”។
អង្គការតួនាទីអាកាសធាតុពិភពលោក បញ្ជាក់ទៀតថា បាតុភូតធម្មជាតិនានា ដូចជាខ្យល់ព្យុះស៊ីក្លូន ឬអែលនីណូ អាចចូលរួមចំណែកបង្កឲ្យមានរលកកម្តៅទាំងនេះ។ ចំណែកការឡើងកម្តៅសីតុណ្ហភាពនៃភពផែនដីដោយសារការដុតឥន្ធនៈផូស៊ីលគឺជាហេតុផលសំខាន់ដែលធ្វើឲ្យបាតុភូតទាំងនេះមានភាពធ្ងន់ធ្ងរខ្លាំង។
ដើម្បីឈានមកដល់ការធ្វើសេចក្តីសន្និដ្ឋានទាំងនេះ អ្នកនិពន្ធនៃការសិក្សា មានអ្នកវិទ្យាសាស្រ្តហូឡង់ចំនួន ៧រូប អ្នកវិទ្យាសាស្រ្តអង់គ្លេស និងអាម៉េរិក បានពឹងផ្អែកលើទិន្នន័យឧតុនិយមជាប្រវត្តិសាស្រ្ត និងគំរូអាកាសធាតុ ដើម្បីប្រៀបធៀបអាកាសធាតុសព្វថ្ងៃ និងនៅពេលកម្តៅនៃភពផែនដីកើន ១,២ អង្សារសេ។ អ្នកវិទ្យាសាស្រ្តបានពឹងផ្អែកជាពិសេសទៅលើការសិក្សាចំពោះអំឡុងពេលដែលកម្តៅគឺមានគ្រោះថ្នាក់បំផុត។ នៅអឺរ៉ុប គឺពីថ្ងៃ១២ ទៅដល់ ១៨កក្កដា។ នៅភាគខាងលិចសហរដ្ឋអាម៉េរិក តិចសាស និងភាគខាងជើងម៉ិចហ្ស៊ីក គឺពីថ្ងៃទី១ ដល់ទី១៨ កក្កដា និងនៅភាគកណ្តាល និងខាងលិចប្រទេសចិន គឺពីថ្ងៃទី៥ ដល់ទី១៨ កក្កដា។
អង្គការតួនាទីអាកាសធាតុពិភពលោកពន្យល់ថា ការកើនកម្តៅនៃភពផែនដីបានធ្វើឲ្យរឹតតែធ្ងន់ធ្ងរនៃវិសាលភាពសីតុណ្ហភាព។ ហើយជាមួយនឹងការកើនកម្តៅនេះ រលកកម្តៅនៅអឺរ៉ុប កើន ២.៥ °C ។ រលកកម្តៅនៅអាម៉េរិកខាងជើង កើន ២°C និងរលកកម្តៅនៅប្រទេសចិនកើន ១°C។ បើយោងតាមអង្កការណាសា និងការឃ្លាំមើលរបស់អឺរ៉ុប កូពែននីគូស បានឲ្យដឹងថា ខែកក្កដា ឆ្នាំ២០២៣ ដែលបានឆ្លងកាត់ បានក្លាយជាខែកក្កដា ដែលក្តៅបំផុត ដែលមិនដែលធ្លាប់បានវាស់វែង។
លោកម៉ារីយ៉ាម ហ្សាចារីយ៉ា អ្នកវិទ្យាសាស្រ្តនៅសកលវិទ្យាលអធិរាជក្រុងឡុង ដែលបានចូលរួមក្នុងការសិក្សា បានពន្យល់ថា ៖ “កាលពីអតីតកាល ព្រឹត្តិការណ៍បែបនេះ គឺខុសធម្មតាសម្រាប់អាកាសធាតុផែនដី។ ប៉ុន្តែនៅក្នុងអាកាសធាតុសព្វថ្ងៃ ពួកវាអាចកើតមានឡើង ប្រមាណ ១៥ឆ្នាំម្តងនៅអាម៉េរិកខាងជើង រៀងរាល់ ១០ឆ្នាំ នៅអឺរ៉ុបខាងត្បូង និងរាល់ ៥ឆ្នាំ ម្តងនៅប្រទេសចិន។