មនុស្សជាតិជ្រមុជជ្រៅហួសពីអ្វីដែលផែនដីអាចទ្រាំទ្របាន

ការបំពុល និងការទាញធ្វើអាជីវកម្មលើធនធានធម្មជាតិរបស់មនុស្ស បន្តរុញច្រានផែនដី​ឲ្យទៅហួសពីសមត្ថភាពដែលអាចទ្រាំទ្ររួច។

បើយោងតាមការសិក្សាមួយដែលដឹកនាំដោយក្រុមអ្នកវិទ្យាសាស្រ្តអន្តរជាតិ ចំនួន ២៩រូប បាន​ប្រកាសថា ការប្រែប្រួលអាកាសធាតុ​ ការកាប់បំផ្លាញព្រៃឈើ ការបាត់បង់ស្ថានជីវចម្រុះ បរិមាណដ៏ច្រើនសម្បើមនៃផលិតផលគីមី​សំយោគ ដែលរួមមានប្លាស្ទីកជាដើម ការថយចុះនៃទឹកសាប បញ្ហាឧស្ម័នអាហ្ស៊ូត ពួកវាបានឈានដល់កម្រិត​ព្រំដែនរបស់ពួកវា។ លើសពីនេះ ក៏មានការឡើងជាតិអាស៊ីតនៅក្នុងសមុទ្រនានា និងការប្រមូលផ្តុំនូវភាគល្អិតតូចៗ នៅក្នុងបរិយាកាស ដែលខិតជិតដល់កម្រិតប្រកាសអាសន្នដែរ។ មានតែសភាពស្រទាប់អូហ្ស៉ូនទេ ដែលស្ថិតនៅក្រោមកម្រិតអាសន្ន។

មជ្ឈមណ្ឌល ស្តុកហូល សម្រាប់ភាពស៊ូទ្រាំ បានឲ្យនិយមន័យនៅឆ្នាំ២០០៩ ថា កម្រិតកំហិត ឬព្រំដែនទ្រាំទ្ររួចនៃភពផែនដី គឺទាក់ទងទៅនឹងព្រំដែនដែលមិនត្រូវធ្វើឲ្យឆ្លងហួសសម្រាប់វិស័យមួយចំនួន ដើម្បីឲ្យប្រព័ន្ធបរិស្ថានផែនដីអាចវិវត្តនៅក្នុងតំបន់ដំណើរការសុវត្ថិភាពជាប្រក្រតី និងដើម្បីធានាឲ្យផែនដីនៅជាជម្រករស់នៅបាន។

លោកស្រី កាតឺរីន រីឆាតស៊ុន សាស្រ្តាចារ្យនៃវិទ្យាស្ថាន​សកលនៅកូពេនហាហ្គ បានពន្យល់ថា ៖ “ជាមួយនឹងកម្រិតកំហិតរបស់ភពផែនដី យើងកំណត់អត្តសញ្ញាណដំណើរការដែលមានសារៈសំខាន់ដែលរក្សាភពផែនដីនៅក្នុងលក្ខខណ្ឌ​​ដែលជីវិតអាចរស់នៅបាន ឬក្នុងរយៈពេល ១០០០០ឆ្នាំចុងក្រោយនេះ ដែលជារយៈពេលដែលមនុស្សជាតិ និងអរិយធម៌បានអភិវឌ្ឍ”។

លោកចូហាន រ៉ុកស្ត្រូម ដែលជានាយកវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីឥទ្ធិពល​នៃអាកាសធាតុ នៅទីក្រុងប៉ូស្តាំ បានអធិប្បាយថា ៖ “យើងឈានទៅមុខជានិច្ចក្នុងទិសដៅដ៏អាក្រក់ និងចំណុច​ជាច្រើនបានលើសពីសមត្ថភាពទ្រទ្រង់របស់ភពផែនដី។”

សហនិពន្ធរបាយការណ៍បានបន្ថែមថា ៖ “រឿងនេះមានន័យថា យើងបានបាត់បង់ភាពធន់ របស់មនុស្សជាតិ និងធ្វើឲ្យខូចខាតដល់ស្ថិរភាព​នៃប្រព័ន្ធដំណើរការរបស់ផែនដី”។

សម្រាប់ស្ថានជីវចម្រុះ កម្រិតព្រំដែន​ដែលទទួលយកបាន គឺអត្រានៃការបាត់បង់ពូជភាវរស់ មាន១០ដង ច្រើនជាងអត្រាមធ្យម​សម្រាប់រយៈពេល ១០លានឆ្នាំ ចុងក្រោយនេះ។ ប៉ុន្តែ​ការរលត់ផុតពូជ​កើតមានឡើងនៅយុគសម័យនេះ គឺមានយ៉ាងហោចណាស់ ១០០ដង លឿនជាង បើប្រៀបធៀបនឹងចំនួន ១០ដង ដែលកម្រិតបានកំណត់។

សម្រាប់ការប្រែប្រួលអាកាសធាតុ កម្រិតព្រំដែន​ គឺកម្រិតកំហិតនៃការប្រមូលផ្តុំឧស្ម័នកាបូនិកនៅក្នុងបរិយាកាស។ ឧស្ម័នកាបូនិចស្ថិតនៅជិត ២៨០ PPM ក្នុងអំឡុង ១០០០០ឆ្នាំ មុនបដិវត្តឧស្សាហកម្ម។ ប៉ុន្តែនៅឆ្នាំ២០២២ វាបានកើនឡើងដល់ ៤១៧ PPM ហើយក៏ច្រើនជាង កម្រិតព្រំដែន គឺ ៣៥០ PPM បើតាមការសិក្សា។

លោករ៉ុកស្ត្រូម បានព្រមានថា ៖ “យើងកំពុងឆ្ពោះទៅកាន់ការកើនកម្តៅអាកាសធាតុ 2,5°C, 2,6°C 2,7°C វាជាកម្រិត​ដែលមិនដែលជួបប្រទះ​ចាប់តាំងពី ៤លានឆ្នាំមកហើយ”។

ចំណែកសារធាតុគីមីសិប្បនិមិត្ត រាប់លានតោន មានដូចជា មីក្រូប្លាស្ទីក ថ្នាំសម្លាប់សត្វល្អិត សំណល់នុយក្លេអ៊ែរ ឬថ្នាំពេទ្យ​ដែលបំពុលបរិស្ថាន ត្រូវបានកើនបរិមាណផងដែរ ហើយពួកវាបានឆ្លងហួសកម្រិតព្រំដែនកំហិតឆ្ងាយ។

នៅក្នុងចំណោមសេចក្តីសន្និដ្ឋានដែលមានសារសំខាន់បំផុត ការសិក្សាគូសបញ្ជាក់ថា ការឆ្លងហួសកម្រិតទ្រាំទ្ររបស់ភពផែនដី​នូវប​ញ្ហាផ្សេងៗ ពង្រីកដល់បញ្ហាដទៃៗទៀត ទៅវិញទៅមក ជាមួយនឹងទំនាក់ទំនងគន្លឹះ​នៃការប្រមូលផ្តុំឧស្ម័នកាបូនិច និងការខូចខាតដល់ជីវសាស្រ្តនៃភពផែនដី។

Daily Program

Livesteam thumbnail