នៅម៉ារ៉ុក រលកកម្តៅធ្វើឲ្យមនុស្សស្លាប់ ២១នាក់ គ្រាន់តែក្នុងរយៈពេល ២៤ម៉ោង

រដ្ឋមន្រ្តីសុខាភិបាលនៃប្រទេសម៉ារ៉ុក បានប្រកាសនូវវិធានការ​ដើម្បីប្រឆាំងនឹងឥទ្ធិពល​នៃ​រលកកម្តៅ និងការកើននូវសីតុណ្ហភាព ដែលបានបង្កការព្រួយបារម្ភជាប្រចាំ​​នៅក្នុង​គ្រឹះ​ស្ថាន​សុខភាពនានានៅក្នុងតំបន់ទាំងឡាយនៃប្រទេសម៉ារ៉ុក។

ក្រសួងសុខាភិបាលម៉ារ៉ុក កាលពីថ្ងៃទី២៥ ខែកក្កដា បានថ្លែងថា មនុស្ស ២១នាក់ បានស្លាប់​ក្នុងរយៈពេល ២១ម៉ោង​នៅក្នុងតំបន់ទីប្រជុំជន បេនី ម៉ាឡាល់ នៅភាគកណ្តាល ប្រទេស ម៉ារ៉ុក ដោយសារ​រលកកម្តៅថ្មី​ដែលបានវាយប្រហារប្រទេស​នេះ និងដែលបានក្លាយជា ចំណី​នៃ​គ្រោះរាំងស្ងួត ៥លើក រួចហើយ។

អគ្គទីចាត់ការនៃឧតុនិយម​ម៉ារ៉ុក DGM បានថ្លែងថា រលកកម្តៅដ៏ក្តៅខ្លាំង​ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ នៅក្នុងតំបន់ទីប្រជុំជនជា​ច្រើន គឺមានសីតុណ្ហភាព ឡើងរហូតដល់ ៤៨,៣ °C

យោងតាមក្រសួងសុខាភិបាល នៅបេនី មេលឡាល់ ដែលជាទីក្រុងស្ថិតនៅចម្ងាយជាង ២០០ គម នៅភាគអាគ្នេយ៍នៃទីក្រុង កាសាប្ល៉ង់កា សីតុណ្ហភាពបានឡើងដល់ ៤៧,៧ °C និង​ធ្វើ​ឲ្យនុស្ស ២១នាក់ បានស្លាប់ ​កាលពីថ្ងៃទី២៤ ខែកក្កដា។ នៅក្នុងសេចក្តីប្រកាសមួយ ទី​ចាត់​​​​ការតំបន់នៃក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកស្លាប់ភាគច្រើន ពាក់ព័ន្ធនឹងមនុស្ស​ដែល​មាន​ជំងឺរ៉ាំរ៉ៃ និងមនុស្សចាស់ ហើយសីតុណ្ហភាពកើនឡើងខ្ពស់​បានចូលរួម​បំផ្លាញ​សុខភាព​​ពួកគាត់បន្ថែម និងនាំដល់មរណភាព។”

ក្រសួងសុខាភិបាលម៉ារុក បានប្រកាសអំពីវិធានការដើម្បីប្រឆាំងនឹងឥទ្ធិពល​នៃ​រលកកម្តៅ និង​​ការកើនឡើងនូវសីតុណ្ហភាព តាមរយៈការចល័ត​បុគ្គលិក​សុខាភិបាល និង​ការផ្តល់ថ្នាំ សម្ភារៈ​វេជ្ជសាស្រ្ត និងឡានពេទ្យ។ ក្រសួងបង្ហាញទៀតថា នេះគឺជា​តុល្យការ​នៃជន​រង​គ្រោះ​ដែល​ធ្ងន់ធ្ងរបំផុត ដែលបានកត់ត្រាបន្ទាប់ពីមានរលកកម្តៅនៅក្នុងប្រទេស។

យោងតាមការព្យាករឧតុនិយមរបស់ម៉ារ៉ុក បានឲ្យដឹងថា សីតុណ្ហភាព​នឹងត្រូវ​ធ្លាក់ចុះ​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃដែលនឹងមកដល់។ នៅទីក្រុងម៉ារ៉េខេច ភាគខាងត្បូងម៉ារ៉ុក ដែលសីតុណ្ហភាព​ឡើង​ដល់ ៤៥ °C រំពឹងថានឹងធ្លាក់ចុះ ១០ °C នៅថ្ងៃ អាទិត្យ។

យោងតាមអង្គការ Copernicus បានឲ្យដឹងថា ឯកតកម្មជាតិនៃសីតុណ្ហភាពដែលខ្ពស់បំផុត ដែល​​ត្រូវបានកត់ត្រា​នៅខែសីហា ឆ្នាំ២០២៣ នៅទីក្រុង អាហ្គាឌៀ ភាគខាងត្បូង គឺមាន ៥០,៤ °C។ ហើយនៅកម្រិតសកលលោក ថ្ងៃ២២ កក្កដា គឺជាថ្ងៃដែលក្តៅបំផុត​ដែល​មិន​ដែល​​​ធ្លាប់​មាន ចាប់តាំង​ពីការស្រង់តួលេខពីឆ្នាំ១៩៤០ មក។

បើតាមអគ្គទីចាត់ការឧតុនិយមម៉ារ៉ុក DGM បានឲ្យដឹងថា ប្រទេសម៉ារ៉ុក បានជួបរួចហើយនូវ​កម្រិត​ឯកតកម្ម​នៃកម្តៅ​នៅឆ្នាំនេះ ដោយកាលពីខែមករា កម្តៅបានឡើងនៅព្រះរាជាណា​ចក្រ​​នេះរហូតដល់ ៣៧°C។ ចំណែកបណ្តាញអឺរ៉ុប Copernicus បានព្យាករថា ឯកតកម្មកម្តៅ​ប្រចាំ​ថ្ងៃ​​នឹងឡើងទៀតនៅអឌ្ឍគោលខាងជើង និងថា ភពផែន​ដីនឹងរងឥទ្ធិពលនៃរយៈពេល​ដ៏​​យូរជាពិសេស នៃកម្តៅខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ។

លោកនីហ្សា បារ៉ាកា រដ្ឋមន្រ្តីក្រសួងធនធានទឹករបស់ម៉ារ៉ុក បានថ្លែងកាលពីចុងខែមិថុនា ថា ការប្រែប្រួលអាកាសធាតុបង្កឲ្យមាននូវព្រឹត្តិការណ៍ឧតុនិយម​ដែលខ្លាំងក្លាបំផុតនឹងកាន់តែ​វែង កាន់តែខ្លាំង និងកាន់តែញឹកញាប់ ដូចជារលកកម្តៅ និងទឹកជំនន់ជាដើម។ នៅម៉ារ៉ុក ការកើនឡើង​នូវសីតុណ្ហភាពក៏គំរាមកំហែង​ដល់ទំនប់អាងបម្រុងទឹក។ ការហួតឡើងរបស់​ទឹក បានឈានដល់ ១,៥លានម៉ែត្រគូប​ក្នុងមួយថ្ងៃ។ គ្រោះរាំងស្ងួត បានជះឥទ្ធិពល​រួច​ហើយ​ទៅ​លើវិស័យកសិកម្ម សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ដែលវាបានប្រើប្រាស់កម្លាំងពលកម្ម ១​ភាគ៣ នៃប្រជាជន និងតំណាងឲ្យ ១៤% នៃការនាំចេញរបស់ប្រទេសម៉ារ៉ុក។

 

 

 

 

Daily Program

Livesteam thumbnail