នៅទីក្រុងដាវ៉ូស ប្រមុខអង្គការសហប្រជាជាតិ បរិហារអំពីការដើរថយក្រោយនៃការសន្យាអំពីរឿងអាកាសធាតុ
លោកអន់តូនីញ៉ូ ហ្គូទែរ៉េស បានថ្លែងនៅអំឡុងកិច្ចប្រជុំប្រចាំឆ្នាំនៃសន្និសីទសេដ្ឋកិច្ចពិភពលោក ដែលជាព្រឹត្តិការណ៍ដែលរៀបចំឡើងនៅប្រទេសស្វីស។ សន្និសីទនេះមានការចូលរួមពីឥស្សរជននយោបាយជាន់ខ្ពស់ ប្រមុខរដ្ឋ ប្រធានអគ្គនាយកនៃសហគ្រាសដែលមានសារសំខាន់ និងអ្នកដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។
អគ្គលេខានៃអង្គការសហប្រជាជាតិបានប្រឈមមុខដោះស្រាយលើប្រធានបទនៅក្នុងកិច្ចប្រជុំនៅឆ្នាំនេះ គឺ “កិច្ចសហប្រតិបត្តិការនៅយុគសម័យបញ្ញាញ្ញាណ។ លោកហ្គូទែរ៉េសបានបញ្ជាក់ថា គេមិនសូវឃើញមានភស្តុតាងនៃកិច្ចសហប្រតិបត្តិការ និងបញ្ញាញ្ញាញ ប៉ុន្តែមានភស្តុតាងជាច្រើននៃភាពកាន់តែធ្ងន់ធ្ងរឡើងនៃបញ្ហាជាច្រើននៅលើពិភពលោក មានដូចជាសង្រ្គាម អសមភាព ឬការរំលោភបំពានសិទ្ធមនុស្សជាដើម។ លោកបានបញ្ជាក់ថា សង្រ្គាមនុយក្លេអ៊ែរលែងជាការគំរាមកំហែងដ៏មានសក្តានុពលតែមួយសម្រាប់មនុស្សជាតិទៀតហើយ។ លោកក៏បានលើកឡើងអំពីវិបត្តិអាកាសធាតុ និងការរីកធំឡើងដែលមិនអាចគ្រប់គ្រងបាននូវបញ្ញាញ្ញាណសប្បនិមិត្ត ឬ AI ផងដែរ។
ដោយប្រៀបធៀបការពឹងផ្អែកលើឥន្ធនៈផូស៊ីលទៅនឹងបិសាច ដែលគ្មាននរណាជៀសផុត អគ្គលេខាអង្គការសហប្រជាជាតិបានកត់សម្គាល់ដោយនិយាយលេងថា តាមពិតកំពង់ផែ១៣ ដែលធំបំផុតក្នុងចំណោមកំពង់ផែធំៗ នៅលើពិភពលោក ដែលជាកន្លែងផ្ទេរប្រេងដ៏សម្បើម បែរជានឹងត្រូវកំពុងជន់លិចដោយសារការកើនកម្ពស់ទឹកសមុទ្រទៅវិញ។ នេះគឺជាវិបាកនៃការកើនឡើងនៃសីតុណ្ហភាព និងការរលាយទឹកកក ដែលបង្កឡើងជាសំខាន់ដោយការដុតឥន្ធនៈកាបូន ប្រេង ប្រេងឆៅ និងឧស្ម័នធម្មជាតិ។ លោកហ្គូទែរ៉េស បានកត់សម្គាល់ថា ស្ថាបនហិរញ្ញវត្ថុជាច្រើន និងឧស្សាហករ កំពុងពិនិត្យឡើងវិញនូវការសន្យារបស់ពួកគេពាក់ព័ន្ធនឹងរឿងអាកាសធាតុ។ នៅក្នុងទស្សនវិស័យនៃសន្និសីទអន្តរជាតិនៃអង្គការសហប្រជាជាតិអំពីអាកាសធាតុលើកទី៣០ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសប្រេស៊ីលនៅដំណាច់ឆ្នាំ២០២៥នេះ ប្រមុខនៃអង្គការសហប្រជាជាតិបានរំឭកមេដឹកនាំពិភពលោកថា ពួកគេត្រូវតែប្រកាន់នូវការសន្យារបស់ពួកគេក្នុងការបង្កើតផែនការសកម្មភាពជាតិអំពីអាកាសធាតុក្នុងកម្រិតសេដ្ឋកិច្ចឲ្យបានមុនព្រឹត្តិការណ៍នេះ។ លោកបានឲ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍត្រូវការបង្កើនហិរញ្ញវត្ថុសម្រាប់សកម្មភាពអាកាសធាតុ។ លោកក៏ជំរុញ មិនត្រឹមតែរដ្ឋាភិបាល ប៉ុន្តែក៏ជាគ្រប់សហគ្រាស និងស្ថាបនហិរញ្ញវត្ថុទាំងអស់ ឲ្យបង្កើតផែនការផ្លាស់ប្តូរទៅកាន់ថាមពលស្អាត ឲ្យបានរឹងម៉ាំ និងមានទំនួលខុសត្រូវផងដែរ។
លោកហ្គូទែរ៉េស បានបន្តថា ការគំរាមទៅថ្ងៃខាងមុខដ៏មានសក្តានុពល គឺបញ្ញាញាណសប្បនិមិត្ត។ AI គឺជាអាវុធមុខពីរ ដោយសារតែវាកំពុងតែធ្វើបដិវត្តការរៀនសូត្រ ការធ្វើរោគវិនិច្ឆ័យនៃជំងឺ ជួយឲ្យកសិករបង្កើនទិន្នផលរបស់ពួកគេ និងបង្កើនឲ្យល្អប្រសើរឡើងនូវគោលដៅនៃការផ្តល់ជំនួយ។ ប៉ុន្តែ AI ក៏នាំមកជាមួយនូវហានិភ័យដ៏ជ្រាលជ្រៅ បើសិនជាវាមិនត្រូវ បានកំណត់ក្របខណ្ឌ។ វានឹងអាចធ្វើឲ្យវិបប្លាសដល់សេដ្ឋកិច្ច គាស់រំលើងទំនុកចិត្តនៅក្នុង ស្ថាបននានា និងធ្វើឲ្យធ្ងន់ធ្ងរដល់អសមភាពសង្គម។
កិច្ចព្រមព្រៀងសកលសម្រាប់បច្ចេកវិទ្យា ដែលជាផ្នែកនៃការសន្យាសម្រាប់អនាគត និងត្រូវបានអនុម័តដោយរដ្ឋសមាជិកនៃអង្គការសហប្រជាជាតិកាលពីខែកញ្ញាមុន បានស្នើនូវផែនទីបង្ហាញផ្លូវដើម្បីទាញយកគុណប្រយោជន៍ពីសក្តានុពលដ៏សម្បើមនៃបច្ចេកវិទ្យា និងកាត់បន្ថយការប្រេះស្រាំនៃបច្ចេកវិទ្យានេះ ជាមួយនឹងទស្សនវិស័យរួមនៃ AI ដើម្បីបម្រើមនុស្សជាតិ និងដែលមិនមែនផ្ទុយពីនេះ។