នាយករដ្ឋមន្រ្តីទូវ៉ាលូ សន្យាថា ទូវ៉ាលូ នឹងនៅតែជារដ្ឋ ទោះបីជាស្ថិតនៅក្រោមទឹក
នៅខណៈដែលកោះនានានៃប្រទេសទូវ៉ាលូ បានលិចលង់ ហើយកម្រិតទឹកសមុទ្រគំរាមកំហែងការរស់រានមានជីវិតរបស់កោះនេះ នាយករដ្ឋមន្រ្តីកោះ លោកកូស៊ី ណាតាណូ បញ្ជាក់ចុងក្រោយថា អធិបតេយ្យភាពប្រទេសរបស់លោកមិនត្រូវបានប៉ះពាល់ទេ។
នាយករដ្ឋមន្រ្តីនៃកោះដ៏តូចមួយនៃមហាសមុទ្រប៉ាស៊ីហ្វីក បានព្យាករថា ប្រទេសកោះទូវ៉ាលូ នឹងអាចក្លាយជាប្រទេសដំបូង គេដែលត្រូវលិចលង់ដោយសារតែការកើនឡើងនូវកម្រិតកម្ពស់ទឹកសមុទ្រ ពាក់ព័ន្ធនឹងការកើនកម្តៅអាកាសធាតុ។ ប៉ុន្តែនេះ មិនចោទជាបញ្ហាសម្រាប់លក្ខត្តិកៈជារដ្ឋរបស់ខ្លួននោះទេ។ លោកកូស៊ី ណាតាណូ នៅអំឡុងកិច្ចសន្ទនានៅសមាជអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ៖ “អធិបតេយ្យរបស់យើង គឺមិនអាចចរចាបានទេ”។
លោកបានវាយតម្លៃថា កិច្ចពិភាក្សាផ្នែកសិក្សា និងការទូត នៅជុំវិញនិយមន័យនៃរដ្ឋ គឺគ្មានន័យទេ។ លោកកូស៊ី ណាតាណូ បានអះអាងថា លោកធ្លាប់បានធ្វើការជាមួយសហគមន៍អន្តរជាតិដើម្បីបញ្ចប់ការបង្វែចេញ។ ប្រជាជន ១១០០០នាក់ នៃកោះ ទូវ៉ាលូ បានរស់នៅរាយប៉ាយនៅលើកោះ ៩ ដែលចំនុចខ្ពស់បំផុត មានកម្ពស់មិនលើសពី ៥ម៉ែត្រ នៅពីលើនីវ៉ូសមុទ្រ។
កោះពីរ ក្នុងចំណោមកោះទាំងអស់របស់ប្រទេស ដែលតំណាងនៅលើទង់ជាតិរបស់ខ្លួន ដែលមានផ្កាយចំនួន ១១ បានលិចបាត់រួចហើយ ហើយតំបន់ដែលខ្ពស់បំផុតមួយចំនួនទៀត អាចនឹងរស់នៅលែងបាន ពីពេលនេះ ទៅដល់ឆ្នាំ២១០០ ដោយហេតុផលនៃការខូចដីដោយសារទឹកសមុទ្រជ្រៀតចូល។ កិច្ចព្រមព្រៀងនៃម៉ុងតេវីដឺអូ នៅឆ្នាំ១៩៣៣ នៅលើសិទ្ធ និងភារកិច្ចរបស់រដ្ឋ ពាក់ព័ន្ធនឹងរឿងនេះ គឺច្បាស់។ រដ្ឋមួយកើតឡើងដោយសារមានដែនដីច្បាស់លាស់ មានប្រជាជនជាអចិន្រ្តៃយ៍ មានរដ្ឋាភិបាល និងសមត្ថភាពធ្វើអន្តរប្រតិកម្មជាមួយរដ្ឋដទៃៗ ទៀត។
អីចឹង ប្រសិនបើដែនដីត្រូវបានលិចបាត់ ឬលែងមានមនុស្សដែលរស់នៅបាននៅលើអ្វីដែលនៅសល់ ឬយ៉ាងហោចណាស់មានលក្ខខណ្ឌមួយត្រូវបានបាត់បង់ វាលែងជារដ្ឋ។ ប៉ុន្តែនៅទូវ៉ាលូ ដីមានតំណាងតែ ២៦ km2 ប៉ុន្តែផ្ទៃទឹករបស់ខ្លួនគ្រប់ដណ្តប់ ៨០០០០០ km2 ។ កិច្ចព្រមព្រៀងនៃម៉ុងតេវីដឺអូ គឺមានន័យមិនជាក់លាក់ អំពីនិយមន័យនៃទឹកដីនោះទេ នៅករណីនេះ។
ទោះបីអនាគតរបស់ខ្លួន គឺងងឹត ប្រទេសទូវ៉ាលូ មិនចង់បោះបង់ចោលសេចក្តីសង្ឃឹមនឹងការពាដីរបស់ខ្លួន ឲ្យបានយូរតាមដែលអាចធ្វើទៅបាន។ នៅខណៈដែលរដ្ឋាភិបាលប្រទេសនេះប្រយុទ្ធដើម្បីឲ្យពិភពលោកយកចិត្តដាក់ឲ្យបានដាច់ខាត់ចំពោះការប្រែប្រួលអាកាសធាតុ រដ្ឋាភិបាលទូវ៉ាលូ ក៏ចង់ឲ្យឈប់ប្រើប្រាស់ថាមពលចេញពីផូស៊ីលផងដែរ។
រដ្ឋាភិបាល ទូវ៉ាលូ ក៏បានបង្កើតគម្រោងការសម្របខ្លួនតាមឆ្នេរ ដែលសំដៅដណ្តើមដី 3,8 km ដែលត្រូវលេបយកដោយមហាសមុទ្រ និងតម្លើងឲ្យខ្ពស់វិញសម្រាប់តំបន់ដែលងាយរងគ្រោះ។ នេះជាកម្មវិធីដែលត្រូវចំណាយប្រាក់ ៣៦លានដុល្លារនៃជំនួយអន្តរជាតិ និង ២,៩លានដុល្លារ ថវិការបស់ទូវ៉ាលូ។
នាយករដ្ឋមន្រ្តីអធិប្បាយថា ថវិកាមានកម្រិតដែលមិនអាចជួយដល់ប្រជាពលរដ្ឋទាំងអស់។ យើងទទូចថា ៖ “យើងត្រូវការសកម្មភាពថែមទៀត កាន់តែលឿន ពីផ្នែកអ្នកដែលចង់ជួយយើង យើងសូមឲ្យលឿននិងបន្ទាន់”។
លោកកូស៊ី ណាតាណូ នាយករដ្ឋមន្រ្តីទូវ៉ាលូ ថ្លែងទៀតថា ៖ ”នេះគឺជាបញ្ហាស្លាប់រស់ នេះគឺជាបញ្ហានៃការបាត់បង់ផ្ទៃផែនដី។ លោកក៏បានរំលឹកឲ្យរដ្ឋនានាប្រកាន់យកនូវការសន្យារបស់ពួកគេ។ នៅករណីដែលផលអាក្រក់បំផុតកើតឡើង ទូវ៉ាលូនឹងចាប់ផ្តើមថែរក្សាបេតិកភណ្ឌវប្បធម៌របស់ខ្លួននៅក្នុងពិភពលោក ដែលបង្កើតនូវអ្វីដែលអ្នកខ្លះហៅថា គំរូរដ្ឋប្រជាជាតិ 2.0។ លោកកូស៊ី ណាតាណូ បញ្ជាក់ថា ប៉ុន្តែជោគវាសនានៃទូវ៉ាលូ ប្រឈមនឹងការឡើងកម្ពស់ទឹក ដូចដែលទីក្រុងជាច្រើននៅលើផែនដីដែលងាយរង់គ្រោះផងដែរ។ លោកកូស៊ី ណាតាណូ ព្យាករថា ៖ “ប្រជាជនកាន់តែច្រើនឡើងៗ នៅលើពិភពលោកនឹងត្រូវទៅរស់នៅកន្លែងផ្សេង សូមប្រើប្រាស់យើងជាគំរូដើម្បីអភិរក្សពិភពលោកទាំងមូល។