ទោចម្កុដ អាលីណា ផ្តល់កំណើតមានកូនមួយក្បាលជាមួយនឹងទោចម្កុដឈ្មោលដែលមកពីព្រៃ

មជ្ឈមណ្ឌល ACCB បានឱ្យដឹងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ថា លោកអ្នកមួយចំនួនប្រហែលជានឹកឃើញកាលពីខែមីនា ឆ្នាំ២០២៤ ដោយពួកយើងបានចែករំលែកនូវព័ត៌មានដ៏មិនគួរឱ្យជឿដែលថាទោចម្កុដញីរបស់យើងមួយក្បាលឈ្មោះ អាលីណា ដែលត្រូវបាន លែងឱ្យរស់នៅក្រៅទ្រុង បានផ្តល់កំណើតមានកូនមួយក្បាលជាមួយនឹងទោចម្កុដឈ្មោលដែលមកពីព្រៃ។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានធ្វើបច្ចុប្បន្នភាពជូនដល់លោកអ្នកនូវ កូនទោចនៅតែបន្តរីកធំធាត់បានល្អ ហើយក៏ឈានដល់អាយុមួយឆ្នាំកន្លះផងដែរ។ ឥឡូវនេះ វាក៏ចាប់ផ្តើមមានភាពឯករាជ្យដោយខ្លួនឯងបន្តិចម្តងៗហើយ។ ពួកយើងអាចសង្កេតមើលឃើញថា វាចាប់ផ្តើមនៅគម្លាតឆ្ងាយពីមេរបស់វាក្នុងរយៈពេលយូរៗបន្តិច ដើម្បីអភិវឌ្ឍន៍ជំនាញសំខាន់ៗក្នុងការចាប់តោងឡើង និងស្វែងរកចំណី។

កូនទោចត្រូវបានគេដឹងថារស់នៅជាមួយមេបារបស់ពួកវារហូតដល់អាយុ៥ ទៅ៨ឆ្នាំ ថ្វីបើពួកវានឹងផ្តាច់ដោះពីមេរបស់វានៅអាយុប្រហែលជា ១៨ ខែក៏ដោយ។ ទោចម្កុដមានរោមពណ៌ខុសៗគ្នាអាស្រ័យទៅលើភេទរបស់ពួកវា ប៉ុន្តែពណ៌នេះឈប់ប្រែប្រួលនៅពេលសត្វធំពេញវ័យ ដូច្នេះហើយពេលនេះពួកយើងមិនទាន់ដឹងនូវភេទរបស់កូននេះនៅឡើយទេ រហូតដល់អាយុយ៉ាងតិចចាប់ពី ៤ ឆ្នាំឡើងទៅទើបដឹង។

នាពេលថ្មីៗនេះ ប្រសិនបើលោកអ្នកបានមកទស្សនាមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) លោកអ្នកប្រហែលជាមានសំណាងក្នុងការសង្កេតមើលសត្វទោចទាំងបីក្បាលនេះ ដោយសារទោចមួយគ្រួសារនេះមករកចំណីបេះផ្លែឈើនៅក្នុងមជ្ឈមណ្ឌលរបស់យើង ស្ទើរតែរៀងរាល់ថ្ងៃ៕ 

Daily Program

Livesteam thumbnail