តើគេស្តារព្រៃត្រូពិចឡើងវិញបានយ៉ាងដូចម្តេច?

រយៈពេលជាង ២០ឆ្នាំ អ្នកសិក្សាស្រាវជ្រាវបានតាមដានការវិវត្តន៍នៃព្រៃត្រូពិច​ដែលកំពុង​តែ ធ្លាក់​អន់ថយ និងព្យាយាមប្រើវិធីសាស្រ្តផ្សេងៗគ្នា ក្នុងការស្តារឡើងវិញ។ របៀបលឿនបំផុត​នៃ​​ការធ្វើ​ឲ្យព្រៃត្រូពិច មានសភាពល្អ គឺត្រូវគិតគូទៅដល់ភាពចម្រុះ។

នៅក្នុងតំបន់ត្រូពិចភាគច្រើន ព្រៃដែលបានទាញយកធ្វើអាជីវកម្ម​កាន់តែរីក​រាលដាល​ទៅក្នុង​ព្រៃ​ដែលពីមុនមិនធ្លាប់ត្រូវបានប៉ះពាល់។ នៅទីនោះ ការធ្វើអាជីវកម្មព្រៃ​ឈើគឺជាការកាប់​ដោយ​ជ្រើសរើស មានន័យថា គេយកតែឈើណា ដែល​មានសារៈ​ប្រយោជន៍​សម្រាប់ពួកគេ។ ព្រៃឈើមិនត្រូវបំផ្លាញទាំងស្រុងទេ បន្ទាប់ពីការធ្វើអាជីវកម្ម​ហើយ។ ប៉ុន្តែឈើ​ដែល​នៅសេស​សល់​បាន​ធ្លាក់ថយគុណភាពយ៉ាងជាក់ច្បាស់។

ព្រៃត្រូពិច ជា​ជម្រក ៨០% នៃពូជសត្វរុក្ខជាតិ​ដែលគេចងក្រងឯកសាររួចហើយ និងតំណាង​ឲ្យប្រមាណ ៤០% នៃអណ្តូង​ស្តុកកាបូននៅលើពិភពលោក។ ការស្តារឡើងវិញ​នូវ​​ប្រព័ន្ធ​បរិស្ថាន​ទាំងនេះ គឺមានសារៈសំខាន់ចាំបាច់ដើម្បីប្រយុទ្ធប្រឆាំង​នឹងវិបត្តិទ្វេ​នៃការ​ប្រែប្រួល​អាកាស​ធាតុ និងការធ្លាក់ចុះសឹករិចរិលនៃស្ថានជីវចម្រុះ។

នៅឆ្នាំ២០០២ នៅកោះប័រណេអូ នៅប្រទេសម៉ាឡេស៊ី អ្នកសិក្សាស្រាវជ្រាវ បានដាំដុះឈើ​ជិត ១០០០០០ដើម នៅលើទំហំដី ៥០០ ហិចតា នៃព្រៃត្រូពិច ដែលបានរងការកាប់បំផ្លាញ។ ការវិភាគអំពីស្ថានភាពព្រៃឈើនេះ មានរយៈពេលជាង ២០ឆ្នាំ មកហើយ និងបន្តធ្វើជា​រៀង​រហូត។

ដើម្បីធ្វើតេស្តវិធីសាស្រ្តផ្សេងៗ នៃការស្តារឡើងវិញ ព្រៃឈើទំាងមូលត្រូវបានបែងចែកជា​១២៥ តំបន់។ តំបន់ខ្លះត្រូវបានទុកចោលដើម្បីជាប្រយោជន៍ឲ្យឈើដុះដាលជាធម្មជាតិ នៅ​ខណៈ​​ដែលតំបន់ខ្លះត្រូវបានដាំដុះឡើងវិញ ដោយការលាយគ្នារវាង ១ ៤ ឬ ១៦ ពូជ​ដើម​ឈើ​ខុសៗ គ្នា។ 

លោកអេនឌ្រូ ហេចទ័រ សាស្រ្តាចារ្យ នៅសកលវិទ្យាល័យអ័កស្វ៉ត ចក្រភពអង់គ្លេស ថ្លែងថា ៖ “នេះគឺជារបៀបនៃការដាំដុះដើមឈើនាពេលបច្ចុប្បន្ន! ប៉ុន្តែវាមិនងាយស្រួលពេកនោះទេ ៖ គេ​ត្រូវដឹងអំពីការដាំដើមឈើល្អនៅកន្លែងត្រឹមត្រូវ។ ប្រសិនបើមិនអីចឹង នេះអាចបង្កឲ្យមាន​បញ្ហា​ផ្សេងៗទៀត”។

អ្នកសិក្សាស្រាវជ្រាវដាំតែពូជឈើ​ក្នុងស្រុក។ ឈើដែលកាប់ហើយ  គេដាក់គោលដៅដាំ​ដើម្បី​ជំនួស​វិញ ហើយប្រមូលផ្តុំ​លើគ្រួសារឈើដែលគ្របដណ្តប់ភាគច្រើន​នៅអាស៊ីអាគ្នេយ៍ ដូចជា គ្រួសារឈើ ឌីបតេរ៉ូកាកប៉ាសេ។

ពូជពពួកនេះ​ខុសប្លែកពីភាគច្រើននៃពូជឈើដទៃៗ ទៀត។ អ្នកសិក្សាស្រាវជ្រាវគិតថា ពួកវា​គឺ​​ជាស្ថានជីវចម្រុះដើមឈើភាគច្រើនបំផុត។ ពួកអាចធ្វើឲ្យប្រព័ន្ធជីវចម្រុះអាចដុះដាល​ឡើង​​​វិញ​​កាន់តែឆាប់រហ័ស ដោយសារតែវាធ្វើឲ្យស្ថានជីវចម្រុះកាន់តែមានស្ថិរភាព និងធន់ ប្រឈម​​មុខនឹងលក្ខខណ្ឌប្រែប្រួល។ លោកសាស្រ្តាចារ្យរៀបរាប់ថា ៖ “ការដាំដើមឈើចម្រុះ​ដូចជា​ការវិនិយោគក្នុងវិស័យជាច្រើន​ដើម្បីកាត់បន្ថយហានិភ័យ។ នេះគឺដូចគ្នា​នៅក្នុងព្រៃ​ត្រូពិច ៖ ស្ថានជីវចម្រុះ​ប្រតិកម្មដូចជា​ការធានាឲ្យគ្នា។

ជាឧទាហរណ៍ ពូជខ្លះ​អាចតស៊ូបានច្រើនចំពោះគ្រោះរាំងស្ងួត ជាងពូជផ្សេងៗទៀត ដោយសារ​​តែវាបង្កើតសារធាតុគីមីដើម្បីការពារពួកវា។ ដូច្នេះ​ប្រព័ន្ធជីវចម្រុះគឺកាន់តែធន់ទ្រាំ​នៅ​អំឡុងពេលដែលមានភ្លៀងធ្លាក់តិច នៅពេលដែល​ពូជទាំង​នេះមានវត្តមាន។  នេះគឺជាអ្វី​ដែល​កាន់តែមានសារៈសំខាន់នៅខណៈដែលបាតុភូត​ឧតុនិយមកាន់តែធ្ងន់ធ្ងរ។ អ្នកសិក្សាស្រាវជ្រាវក៏បានបញ្ជាក់អំពីសារៈសំខាន់​ននៃការការពារ​ព្រៃដែលមិនទាន់ប៉ះពាល់​ឲ្យ​លើស​ពីការកាប់ហើយស្តារឡើងវិញ ដោយសារតែ ទោះបីជា​គេ​ដាំ​​ពូជឈើ​ ដល់ ១៦ ពូជ នៅក្នុងព្រៃដែលសឹករិចរិល ស្ថានជីវចម្រុះ គឺនៅ​តែ​ទន់​ខ្សោយ​ច្រើនជាង​ព្រៃដែលគេមិនទាន់​ប៉ះពាល់។

 

 

Daily Program

Livesteam thumbnail